ព័ត៍មានទាន់​ហេតុការណ៏
Search

ឌី សូ​នី​តា ​សម្រេច​បំណង​ជួយ​ដល់​ក្មេងៗ​នៅ​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់

ភ្នំពេញ​ ៖​ តារា​សម្តែង​ស្រី​កញ្ញា ឌី សូ​នី​តា ខណៈដែល​អាជីព​សិល្បៈ​កំពុង​តែមាន​ភាព​ជោគជ័យ​នា​អំឡុង​ពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ នាង​ក៏​ចាប់ផ្តើម​បង្ហាញ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​សង្គម​ដូចជា​កុមារ​តាម​សហគមន៍ ​និង​ចាស់ៗ​ជរា​ជាដើម។

ជាក់ស្តែង ​កាលពី​ថ្មីៗ​នេះ ​តារា​ស្រី​កញ្ញា ឌី សូ​នី​តា និង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ​បាន​ចុះ​ទៅ​ជួយ​ដល់​សាលារៀន​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​ក្រពើ​ពីរ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់ ​តាមរយៈ​ការ​ចែករំលែក​សម្ភារៈ​សិក្សា​ និង​សាងសង់​សាលារៀន​មួយ​ខ្នង​មាន​៤​បន្ទប់​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សាមីខ្លួន​កញ្ញា ឌី សូ​នី​តា។

តារា​សម្តែង​ស្រី​កញ្ញា ឌី សូ​នី​តា បាន​និយាយថា​ មើល​វីដេអូ​នេះ​ចង់​១០០​ដង​ហើយ​ទឹកភ្នែក​ក៏​រលីងរលោង ព្រោះ​រំភើប​នឹង​ខ្លួនឯង​ពេក​។​ ទីបញ្ចប់​ខ្ញុំ​ក៏​អាច​ធ្វើបាន​ហើយ ​ទោះបី​វា​មិន​បានល្អ​១០០​ភាគរយ ប៉ុន្តែ​វា​បាន​ចេញពី​ចិត្ត​ពី​បេះដូង ដែល​ខ្ញុំ​ខំ​ប្រឹងប្រែង​ពី​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ​ដើម្បី​សាលារៀន​មួយ​ខ្នង​នេះ​។ ​ត្រឹមតែ​ជា​សាលារៀន​ឈើ​មាន​៤​បន្ទប់រៀន​ និង​មាន​សិស្ស​ចំនួន ១៣០​នាក់ តែប៉ុណ្ណោះ​ ប៉ុន្តែ​យ៉ាងណា​ក៏​វា​ល្អ​ជាង​កាលពី​ខ្ញុំ​បាន​ជួប​ទិដ្ឋភាព​ដំបូង​ដែល​ប្អូនៗ​រៀន​ក្រោម​ដើមឈើ ត្រូវ​ខ្យល់ ត្រូវ​ភ្លៀង ត្រូវ​ក្តៅ យ៉ាង​អាសូរ។

កញ្ញា ឌី សូ​នី​តា បាន​បន្តថា​ ខ្ញុំ​ធ្លាប់ជា​កូនអ្នកក្រ​ខ្ញុំ​ឆ្លងកាត់​ភាព​លំបាក​ឆ្អែត ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ ​ច្បាស់​តែ​ខ្ញុំ​ក៏​នៅតែ​សំណាង​ជាង​ប្អូនៗ​ត្រង់​ខ្ញុំ​មាន​សាលារៀន​មួយ​ដែល​សំបូរ​សប្បាយ មាន​សំភារៈ​សិក្សា មាន​លោកគ្រូ អ្នកគ្រូ​គ្រប់គ្រាន់​សម្រាប់​ទទួលយក​ចំណេះដឹង​។ តែ​យ៉ាងណា ខ្ញុំ​ក៏​នៅតែ​អរគុណ​ម្តង​ហើយ​ម្តងទៀត​ដល់​សប្បុរសជន​ទាំងអស់​ដែល​បានរួម​ចំណែក​ចូលរួម​ជួយ​សាលារៀន​មួយ​ខ្នង​នេះ​មិន​ថា​ជា​កម្លាំង​ពេលវេលា​ថវិកា និង​សម្ភារៈ​ផ្សេងៗ​ដល់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជា​ប្រជាជន​សរុប​ទាំងអស់​ជាង​៦០០​គ្រួសារ​ដែល​រស់នៅក្នុង ភូមិ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់​។​

បន្ថែម​លើ​នេះ​កញ្ញា ឌី សូ​នី​តា បញ្ជា​ថា ​អ្វីដែល​ខ្ញុំ​មាន​មោទនភាព​បំផុត គឺ​បើ​តាម​យើង​ដឹង​ជាក់ស្តែង ចំនួន​សិស្ស​ក៏ដូចជា​ប្រជាជន ដែល​ចូលរួម​កំណត់​ច្បាស់​ត្រឹមតែ​៤០០​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្តែង​ដល់​ថ្ងៃ​កម្មវិធី​បូកសរុប​មនុស្ស ដែល​មក​ចូលរួម​ទាំងអស់​ជាង​៦០០​នាក់ ប៉ុន្តែ​ពួក​យើង​នៅតែ​អាច​ធ្វើឱ្យ​កម្មវិធី​ទៅមុខ​បាន​យ៉ាង​រលូន​។​ ប៉ុន្តែ​ពួក​យើង​ក៏​នៅ​បន្ត​រក​ម្ចាស់​ជំនួយ​ផង​ដែរ​។ យ៉ាងណាមិញ​នាង​ខ្ញុំ​នឹង​សូម​សន្យាថា ​នឹង​បន្តសកម្មភាព​សប្បុរស​ធម៌​នេះ​តទៅទៀត ចំពោះ​កន្លែង​ណា ដែល​ខ្វះខាត មិន​ចំពោះតែ​សាលារៀន​ឬ​វត្ត​អារាម​ជាដើម​៕