ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ ៖ អ្នកការទូត​អាមេរិក​ច្រើន​នាក់​ទៀត​ បាន​រងគ្រោះ​ដោយ​ជំងឺ​ដ៏​អាថ៌កំបាំង​នៅ​ប្រទេស ចិន

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​បាន​នាំ​អ្នកការទូត​មួយក្រុម​មក​ផ្ទះ​ពី​ទីក្រុង Guangzhou នៃ​ប្រទេស​ចិន​វិញ​ដោយសារតែ​ការព្រួយបារម្ភ​ថា ពួកគេ​រងគ្រោះ​របួស​ខួរក្បាល​ដ៏​អាថ៌កំបាំង​មួយ​ដែល​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​បាន​ប៉ះពាល់​ដល់​បុគ្គលិក​អាមេរិក​នៅ​ប្រទេស​គុយបា​រួចទៅហើយ​។​

អ្នកនាំពាក្យ Heather Nauert បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បន្ទាប់ពី​បានបញ្ជាក់​ថា បុគ្គលិក​រដ្ឋាភិបាល​ម្នាក់​បានទទួល​រង​នូវ​ឧប្បត្តិហេតុ​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​ទីក្រុង​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​នោះ​, ក្រសួង​បាន​បញ្ជូន​ក្រុមការងារ​មួយ​ដើម្បី​ទៅពិនិត្យ​បុគ្គលិក​និង​សមាជិកគ្រួសារ​នៅ​ស្ថាន​កុងស៊ុល​របស់ខ្លួន​។​

លោកស្រី Nauert បាន​ថ្លែងថា “​ជា​លទ្ធផល​នៃ​ដំណើរការ​ត្រួតពិនិត្យ ក្រសួង​បាន​បញ្ជូន​បុគ្គល​មួយចំនួន​សម្រាប់​ការវាយតម្លៃ​បន្ថែម​និង​ការវាយតម្លៃ​ដ៏​ទូលំទូលាយ​នៃ​រោគសញ្ញា​និង​ការរកឃើញ​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​”​។​

លោកស្រី​បាន​បន្តថា “​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​នឹង​បន្តធ្វើ​ការវាយតម្លៃ​ពេញលេញ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​រោគសញ្ញា​ដែល​បាន​រាយការណ៍​និង​ថា​តើ ការរកឃើញ​នេះ​មាន​ភាពស៊ីសង្វាក់​គ្នា​ជាមួយនឹង​អ្នក​ដែល​ធ្លាប់​ទទួលរង​ផលប៉ះពាល់​ពីមុន​ឬ​អាច​មិន​ទាក់ទង​គ្នា​ទាំងស្រុង​ដែរ​ឬក៏​អត់​”​។​

កាសែត New York Times បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា ​ក្រសួងការបរទេស​បាន​ជម្លៀស​ពលរដ្ឋ​អាមេរិក​យ៉ាងតិច​ពីរ​នាក់​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​ឮ​សំឡេង​ចម្លែកៗ​នៅក្នុង​ប្រទេស​ចិន​។​

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំមុន បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ចំនួន​២៤​នាក់​និង​សមាជិកគ្រួសារ​នៅ​ប្រទេស​គុយបា​បានបង្ហាញ​ពី​រោគសញ្ញា​ដែល​ស្រដៀង​គ្នា​ទៅនឹង​អ្នក​ដែល​ប៉ះទង្គិច​និង​របួស​ខួរក្បាល​កម្រិត​ស្រាល​។​

ជំងឺ​ក្នុងចំណោម​អ្នកការទូត​អាមេរិក​នៅ​ទីក្រុង Havana បាន​បង្កើន​ភាព​តានតឹង​រវាង​គូសត្រូវ​សង្គ្រាមត្រជាក់​ទាំងពីរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114