ព័ត៍មានទាន់​ហេតុការណ៏
Search

ជុំ លី​ណូ ជោគជ័យ ​និង​ទទួល​បាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​លើ​ទឹកដី​អាមេរិក

ភ្នំពេញ​ ៖​ តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ ស្រប​ពេលដែល​បច្ចុប្បន្ន​កំពុងតែ​ស្នាក់នៅ​ច្រៀង​-​សម្តែង​លើទឹក​ដី​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​នោះ​ មាន​ប្រភពពី​អាណិកជន​ខ្មែរ​រស់នៅ​ទីនោះ​ បង្ហើប​ថា​ គ្រា​ដែល​តារា​ប្រុស​រូបនេះ ​លេច​វត្ត​មាននៅ​ទីនោះ ​ទើបបាន​ប្រមាថ​រយៈពេល​១​តែប៉ុណ្ណោះ​ ក៏​ទទួលបាន​ការគាំទ្រ​និង​ស្វាគមន៍​យ៉ាង​យកចិត្តទុកដាក់​ពី​អ្នកគាំទ្រ​នៅ​ទីនោះ​។​

បើតាម​ប្រភពព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ពី​ក្រៅប្រទេស​បាន​និយាយថា ​លោក ជុំ លី​ណូ ខណៈពេល​នេះ​លោក​កំពុងតែ​ទទួលបាន​ការលើកទឹកចិត្ត​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​តារា​រូបនេះ​ចូលរួម​កម្សាន្ត​សប្បាយ​ឬ​ជួបជុំ​នៅតាម​ខ្នង​ផ្ទះ​នីមួយៗ​ក្រោយពេល​បញ្ចប់​ការងារ​ច្រៀង​នៅ​កម្មវិធី​ប្រគំ​តន្ត្រី​។​

ប្រភព​បន្តថា​ តារាចម្រៀង​របស់​ខ្មែរ​លោក ជុំ លី​ណូ គឺជា​តារា​ដែលមាន​ប្រជាប្រិយភាព​និង​មានការ​រាក់ទាក់​ខ្ពស់​ដោយ​មិន​ប្រកាន់​ច​រិ​ត​ឫកពា​ឆ្មើងឆ្មៃ​នោះ​ឡើយ។ កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ លោក​ក៏​ទទួល​បាន​ការ​គាំទ្រ​លើ​ទឹកដម​សំឡេង​នៃ​ការ​ច្រៀង​ និង​តាមរយៈ​ក្បាច់​រាំ​ពិសេសៗ​ដែល​ធ្វើ​ឲ្យ​រាល់​ការ​ប្រគំ​តន្ត្រី​នៅ​ទីនោះ​ ទទួល​បាន​ការ​អញ្ជើញ​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​ពី​សំណាក់​អាណិកជន​ខ្មែរ​។​

គូរ​រម្លឹកថា​ អតីត​តារាចម្រៀង​ប្រុស​ស្ថិតក្នុង​ផលិតកម្ម​សាន់​ដេ​លោក ជុំ លី​ណូ ខណៈពេល​អាជីព​សិល្បៈ​ក្នុងស្រុក​កាន់​តែមាន​សន្ទុះ​ទីផ្សារ​គាំទ្រ​ និង​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល់​នោះ ​ក៏​ស្រាប់តែ​ក្តាប់បាន​ឱកាស​ចេញទៅ​ច្រៀង​និង​សម្តែង​នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​និង​ស​ម្បូរ​លុយ​សហរដ្ឋអាមេរិក​ដោយ​ពុំ​ត្រូវបាន​ប្រភព​ណា​ម្នាក់​ដឹង​ឡើយ​។​

ប្រាប់​កម្ពុ​ជាថ្មី​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ក​(​ឆាត​ហ្វេ​ស​ប៊ុ​ក​)​នាក​ពេលកន្លងមក​លោក ជុំ លី​ណូ​បាន​និយាយ​ឲ្យ​ដឹង​ទាំង​ភ្ញាក់ផ្អើល​ថា​ បច្ចុប្បន្ន​លោក​កំពុងតែ​ស្នាក់នៅ​លើទឹក​ប្រទេស​អាមេរិក ហើយ​ដំណើរ​ចេញ​ទៅនេះ​គឺមាន​រយៈពេល​ជិត​១​ខែ​មកហើយ​ដែរ​។ ​មូលហេតុ​ដែល​លោក​មិន​បញ្ចេញ​ព័ត៌មាន​អំឡុង​ពេល​ចេញទៅ​ ឬ​គ្រា​ជាប់​សម្ភាសន៍​នោះ ​ក៏​ព្រោះតែ​មិន​ចង់​ឲ្យ​មហាជន​យល់ថា​លោក​អួត​។​

តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ បាន​បន្តថា ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែលមាន​ឱកាស​មក​ច្រៀង​នៅ​អាមេរិក​ដើម្បី​ចែករំលែក​ការសប្បាយ​ដល់​បងប្អូន​ខ្មែរ​យើង​រស់នៅ​ទីនោះ​។ ម្យ៉ាងទៀត​រឿង​ដែរ​សំខាន​គឺ​អរគុណ​ដល់​ពុក ម៉ែ​បងប្អូន​ដែល​បាន​គាំទ្រ​និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​តារា​ចម្រៀង​ខ្មែរ​ដែល​កំពុងតែ​ស្នាក់នៅ​សម្តែង​-​ច្រៀង​ទីនោះ​។​

លោក ជុំ លី​ណូ បញ្ជាក់ទៀតថា ​សម្រាប់រ​យៈ​ពេល​នៃ​ការ​ច្រៀង​-​សម្តែង​នោះ​គឺមាន​៣​ខែ​ទើប​ត្រូវបាន​ផុតកំណត់​និង​វិល​ត្រឡប់មក​ស្រុក​កំ​ណើត​វិញ។ ចំណែកឯ​តារាចម្រៀង​ដែល​រួម​ដំណើរ​ជាមួយគ្នា​នោះ​គឺមាន​២​រូប​ផ្សេងទៀត​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684