ព័ត៍មានទាន់​ហេតុការណ៏
Search

២០​ឆ្នាំ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​បាន​កំពុង​ហុច​ផ្លែផ្កា​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស

ភ្នំពេញ ៖ ឆ្នាំនេះ ជា​ខួប​ទី ២០ ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា។ សន្តិភាព​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​រយៈ​ពេល ២ ទសវត្សរ៍​មកនេះ បាននិងកំពុង​ហុច​ផ្លែផ្កា​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា។

គ្មាន​ទៀត​ឡើយ​សង្គ្រាមស៊ីវិល និង​គ្មាន​ទៀតឡើយ​ក្តី​ព្រួយបារម្ភ​អំពី​ការចាប់​បង្ខំ​ឲ្យ​ធ្វើ​ទាហាន។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់តែ​វេច​បង្វេច​និង​រស់​ក្នុង​ក្តី​ព្រួយបារម្ភ​ជាប្រចាំ​នោះ លែងមាន​នៅក្នុង​អារម្មណ៍​ទៀតហើយ។ ដូចនេះ ការរក្សាបាន​នូវ​សុខសន្តិភាព​គឺ​សំខាន់​ជាង​អ្វី​ទាំងអស់។

ចាប់តាំងពី​ប្រទេសជាតិ​បាន​ទទួល​សន្តិភាព​ពេញលេញ​តាំងពី​ឆ្នាំ ១៩៩៨ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​ម្ចាស់​តែ​ម្នាក់​គត់​នៃ​នយោបាយ​នេះ​មក ប្រជាពលរដ្ឋ​កម្ពុជា​បានទទួល​ផ្លែផ្កា​ពី​សន្តិភាព​នោះ​យ៉ាងច្រើន ។ គ្រប់គ្នា​អាចធ្វើ​ដំណើរ​ទៅណា​មក​ណា​និង​ពេលណា​ក៏បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ពី​សង្គ្រាម​ដូច​កាលពីមុន​ទៀតឡើយ ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់តែ​វេច​បង្វេច​និង​រស់ក្នុង​ក្តី​ព្រួយបារម្ភ​ជាប្រចាំ​នោះ បាន​ចាក​ចេញពី​អារម្មណ៍​ភ័យខ្លាច​អស់ហើយ ។ យុវជន​ស្រករ​ក្រោយ​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម រឹតតែ​លែង​ស្គាល់​សោះ​នូវ​អារម្មណ៍​ភ័យខ្លាច​នេះ ។ នេះ​គឺជា​ការប្រែប្រួល​ថ្មី​ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​មាន​ទំនុកចិត្ត​ទៅលើ​សន្តិភាព ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​ច្រើនជាង​មុន ។ សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​គឺជា​វត្ថុបំណង​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​គ្នា​។​

​ ​នយោបាយ ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ​ឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិ ៥០០​ឆ្នាំ របស់​ប្រទេស​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន យក​ជីវិត​ដើម្បី​ធ្វើជា​ដើមទុន​ទៅ​ប្តូរ​យកមក​ជូន​ជាតិ​និង​ប្រជាជន​។​ពាក្យ​មួយ​ឃ្លា ដែល​សម្តេច​បាន​ឆ្លើយតប​ជាមួយ​ម្តាយបង្កើត​របស់​សម្តេច​និង​ម្តាយធំ​របស់​សម្តេច​មុន​ធ្វើដំណើរ​ទៅកាន់​តំបន់​ខ្មែរក្រហម​គឺ “​ម៉ែ​/​ធំ ប្រសិនបើ​ស្លាប់​គឺ​ស្លាប់​ខ្ញុំ​តែ​ម្នាក់ និង​អ្នក​ទៅជា​មួយ​ខ្ញុំ​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​បានមក​វិញ​គឺ​បាន​ផែនដី​ទាំងមូល​តែម្តង​”​។

​ឥឡូវ​សមិទ្ធផល​២០​ឆ្នាំ​ នៃ​សុខ​សន្តិភាព​បាន​ធ្វើ​ឲ្យ​ទឹកដី​កម្ពុ​ជា​មួយ​នេះ​ មានតែ​ការ​អភិវឌ្ឍ បង្កើត​ការងារ បង្កើត​ប្រាក់ចំណូល​ដល់​ពលរដ្ឋ ពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ផ្លូវជាតិ ផ្លូវលំ ស្ពាន​ត្រូវ​បាន​ត​ភ្ជាប់​ពី​ទីក្រុង ទីប្រជុំជន ទៅកាន់​ទី​ជនបទ សាលារៀន មន្ទីរពេទ្យ ត្រូវ​បាន​ពង្រាយ​ទៅដល់​មូលដ្ឋាន​ក្បែរ​ផ្ទះ​ប្រជាជន។ យុវជន​បាន​សិក្សា​នៅតាម​មហាវិទ្យាល័យ និង មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើ​ការងារ​ទៅតាម​បំណងប្រាថ្នា​របស់ខ្លួន ។ ក្រោម​ពន្លឺ​នៃ​សន្តិភាព​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ កម្ពុជា​សម្រេចបាន​នូវ​ការផ្លាស់ប្តូរ​ធំៗ​ជា​វិជ្ជមាន​ប្រកបដោយ​មោទនភាព​បំផុត ជាពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​សង្គមកិច្ច។

តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព និង​ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​នេះ​ប្រកបដោយ​សមធម៌​ភាព​ក្រីក្រ​របស់​ប្រជាជន​ត្រូវ​បាន​កាត់បន្ថយ​ជា​បន្តបន្ទាប់។ ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាទូទៅ​ត្រូវ​បាន​លើកកម្ពស់​កាន់តែ​ប្រសើរ​ឡើង។ កម្ពុជា​បាន​ចេញ​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ហើយ​កំពុង​ខិតខំ​ពុះពារ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ កម្ពុជា​កំពុង​ចូលរួម​ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​ក្នុង​កិច្ចការ​អន្តរជាតិ កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​ទទួលយក​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ឥឡូវ​គឺជា​ប្រទេស​គំរូ​មួយ​ដែល​បាន​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ចូលរួម​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ជាច្រើន។

បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​កម្លាំង​ស្នូល​របស់​ជាតិ ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការ​បង្រួម​បង្រួម​ជាតិ​ទេ​នោះ​ គឺ​ពិតជា​ពុំ​អាច​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា នា​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ឡើយ​ដូច្នេះ​ក៏​ពុំ​អាច​មាន​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ និង​ព្រះរាជាណាចក្រ​កម្ពុ​ជាទី ២ បច្ចុប្បន្ន​នេះ​បាន​ដែរ។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​គ្មាន​អ្នកណា​អាច​បំភ្លៃ​បាន។ ប៉ុន្តែ សង្គ្រាម​ទើបនឹង​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​គឺ​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​អង្គ​ការ​ចាត់​តាំងរបស់​ពួក​ឧទ្ទាម​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំងស្រុង​ទាំង​ខាង​នយោបាយ និង យោធា បង្កើត​បាន​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​មានការ​ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ចាប់ពី​ចុងឆ្នាំ ១៩៩៨ មក។

សន្តិភាព​បាន​ផ្តល់​ឱកាស​ដ៏​ថ្លៃថ្លា​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ដល់​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង លើកស្ទួយ​ជីវភាព​របស់​នៅ​របស់ខ្លួន។

​ជាការ​ពិត ពាក្យ​ថា​សន្តិ​ភាពមិន​សំដៅ​ត្រឹមតែ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្តោត​សំខាន់​ផង​ដែរ​ទៅលើ​សន្តិភាព​ផ្លូវចិត្ត ។ ថ្វី​ត្បិត​សង្គ្រាម​បាន​បញ្ចា​ប់​ទាំង​ស្រុក​ក៏​ពិតមែន​ក៏ប៉ុន្តែ​សកម្មភាព​រំខាន​ផ្លូវចិត្ត​របស់​ប្រជាជន​នៅតែមាន ដោយសារតែ​សកម្មភាព​ខុសច្បាប់​រប​ស់​ពួក​អ្នកនយោបាយ​ប្រឆាំង​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បដិវត្ត​ពណ៌ ។ ក៏ប៉ុន្តែ​សកម្មភាព​បង្ក​ភ្លើងសង្គ្រាម​ឡើងវិញ​នេះ​មិន​ទទួល​បាន​លទ្ធផល​នោះទេ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បង្ក្រាបបាន​ទាន់ពេលវេលា ។ ក៏ប៉ុន្តែ​សកម្មភាព​របស់​ពួក​ប្រឆាំង​ដែល​ប៉ុនប៉ង​នាំ​សង្គ្រាម​ជាថ្មី​មក​ឲ្យ​កម្ពុជា ក៏​នៅតែមាន​ដូចនេះ​ការរក្សាបាន​សុខសន្តិភាព​គឺជា​បញ្ហា​សំខាន់បំផុត​នាពេល​ប​ច្ចុ​ប្បន្ន និង​ពេលអនាគត។

ប្រជាពលរដ្ឋ​គ្រប់គ្នា​ពិតជា​សាទរ​ខ្លាំង​ណាស់​ចំពោះ​សន្តិភាព​ដែល​ប្រទេស​ទទួល​បាន ពោល​គឺ​លែង​មាន​ទៀត ហើយ​សង្គ្រាមឈ្លប​សង្គ្រាម​ទ័ពព្រៃ​ឬ​សង្គ្រាម​ដណ្តើម​អំណាច​ដូច​កាលពីមុន​។

ដើម្បី​រក្សាបាន​សន្តិភាព វា​មិនមែនជា​ការលំបាក​នោះទេ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដែល​បានរស់នៅ​លើទឹក​ដី​កម្ពុជា​តាំងពី​ឆ្នាំ ១៩៧៩ មក​ច្បាស់​ជា​ដឹង​និង​ស្គាល់​ច្បាស់​ណាស់​ថា​អ្នកណា​ដែល​បាន​រំដោះខ្លួន​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត អ្នកណា​ជា​អ្នក​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ត្រឡប់​កម្ពុជា និង​ស្តារ​កសាង​ប្រទេស​ឡើងវិញ​ពី​លេខ​សូន្យ​នៅក្នុង​ស្ថានភាព​មាន​សន្តិភាព​ផង និង សង្គ្រាម​ផង ហើយ​ថែមទាំង​ត្រូវ​គេ​ហ៊ុមព័ទ្ធ​ខាង​នយោបាយ និង សេដ្ឋកិច្ច​ពី​ខាងក្រៅ​យ៉ាង​អមនុស្សធម៌ និង​អយុត្តិធម៌​ថែមទៀត ។ បាន​នាំមក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង​ក្នុង​របប ប៉ុល ពត បាន​ស្តារ​និង​កសាង​វិស័យសេដ្ឋកិច្ច​សង្គមកិច្ច​ឲ្យ​មានការ​ប្រែប្រួល​និង​រីកចម្រើន​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​ស្ថិរ​ភាពជា​ជំហាន ៗ និង​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​ទៀត។

ប្រជាជន​កម្ពុជា​ពិត​ត្រូវការ​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ធានា​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង ការអភិវឌ្ឍ​ប្រទេសជាតិ​ត​ទៅមុខទៀត​។ ដូចនេះ​មានតែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​បន្តទៀត​ទើប​រក្សាបាន​នូវ​សុខសន្តិភាព និង ការអភិវឌ្ឍ៕