ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌា ​សន្យា​ផ្តល់ ឆ្កែ​ហិត​មីន មក​កម្ពុជា ​និង​ស្នើសុំ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កងទ័ព​ឥណ្ឌា ​និង​កងទ័ព​កម្ពុជា

ភ្នំពេញ ​៖ ​ឥណ្ឌា​សម្រេច​ផ្តល់​ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះ​មីន ដោយ​បាន​សម្រេច​ផ្តល់នៅ សុខន ” ឆ្កែ​” សម្រាប់​ហិត​មីន​ដល់​កម្ពុជា និង​បាន​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ​រវាង​កងទ័ព​ឥណ្ឌា​ និង​កងទ័ព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ។

លោកស្រី ស្រ៊ី​ម៉ា​ទី នៀ​ម៉ា​ឡា ស៊ីថា​រ៉ា​ម៉ាន រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​បានប្រកាស​ដូច្នេះ​ក្នុងឱកាស​ដែល​លោកស្រី បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន ​បន្ទាប់​ពី​ជំនួប​នោះ​ថា ក្នុង​ជំនួប​នោះ លោកស្រី ស្រ៊ី​ម៉ា​ទី នៀ​ម៉ា​ឡា ស៊ីថា​រ៉ា​ម៉ាន (Shrimati Nirmala Sitharaman)​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្ដេច​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​កន្លងមក ហើយ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​ដែរ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ឥណ្ឌា​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកស្រី​បាន​មានប្រសាសន៍​ដែរ​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ បាន​ពង្រីក​ទំនាក់ទំនង រវាង​កម្ពុជា​និង​ឥណ្ឌា​កាន់តែ​ខ្លាំង​ឡើង។ លោកស្រី​ក៏បាន ជម្រាប​ជូន សម្តេច​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​មកកាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ពិនិត្យមើល​លើ​អ្វីដែល​បាន​ចុះហត្ថលេខា ហើយ អ្វីដែល​បាន​ចុះហត្ថលេខា​ហើយ​នោះ​ឲ្យ​អនុវត្ត​បានទទួល​ផ្លែផ្កា​ទៅមុខទៀត។ ជាមួយ​នោះ​ដែរ លោកស្រី​ក៏បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស យើង​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​។

លោកស្រី រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​សម្ដេច​នូវ​ការ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​លើ វិស័យ​ដោះមីន ក្នុងនោះ ឥណ្ឌា​នឹង​ផ្ដល់នូវ​ឆ្កែ​ដើម្បី​ហិត​មីន​ដល់​កម្ពុជា។ លោកស្រី​ក៏​ស្នើសុំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ​រវាង​កងទ័ព​ឥណ្ឌា​និង កងទ័ព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រទេស​ឥណ្ឌា ជា​ប្រទេសមួយ​ដែល​បានទទួល​ស្គាល់​កម្ពុជា តាំង​ពីមុន​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ម្ល៉េះ ហើយក៏​ជា​ប្រទេស​ទីមួយ​ដែល​ទទួលស្គាល់​កម្ពុ​ជាប​ន្ទា​ប់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត។ បន្ត​មក​ទៀត​ឥណ្ឌា​ក៏បាន​រួមចំណែក​ជួយ​រក​សន្តិភាព​ឲ្យ​កម្ពុជា រហូត​ទៅដល់​២​ដំណាក់កាល ដំណាក់កាល​ទី​១ គឺ​នៅ​ឆ្នាំ​១៩៥៤ និង​ដំណាក់កាល​ទី​២ នៅ​ទសវត្សរ៍ ៨០ និង ៩០។

សម្ដេច​តេ​ជោ បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា ចំពោះ​ករណី​ខាងលើ​ហើយក៏​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​ផង​ដែរ ដែល​បាន​ផ្ដល់​ឲ្យ​កម្ពុជា​នូវ​ឆ្កែ​ហិត​មីន។ សម្តេច​ក៏បាន​សម្តែង​នូវ​ការ​ពេញចិត្ត​និង​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ដែល​កងទ័ព​ឥណ្ឌា​បាន​ផ្តល់​ឲ្យ កងទ័ព​កម្ពុជា​នៅ​បំពេញបេសកកម្ម​សន្តិភាព​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ ។ សម្ដេច​បាន​មានប្រសាសន៍ថា កងទ័ព​ឥណ្ឌា​មានបទពិសោធន៍​និង​ព័ត៌មាន​ច្រើន​ដែរ ដូច្នេះ​ការចែករំលែក​បទពិសោធ​ន៍​ព័ត៌មាន​នេះ នឹង​អាចជួយ​កាត់បន្ថយ​ហានិភ័យ ទៅដល់​កងទ័ព កម្ពុជា។

គួរ​បញ្ជាក់​ថា ​លោកស្រី ម៉ា​ទី ស៊ីថា​រ៉ា​ម៉ាន បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។ នៅវេលា​ម៉ោង​៩និង៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ មិថុនា នេះ លោកស្រី ម៉ា​ទី ស៊ីថា​រ៉ា​ម៉ាន (Shrimati Nirmala Sitharaman) រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​កម្ពុជា នៅ​ទីស្តីការក្រសួង​ការពារជាតិ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684