ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុ​ជាមាន​គម្រោង​ស្នើ​ទៅ​ចិន​ឲ្យ​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ទៀត ត​ភ្ជាប់​ច្រក់​ថ្មដា​ទៅ​កោះកុង​និង​ពី​ថ្មដា​ទៅ​សំឡូត

កំពង់ធំ​ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ទៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ថា នៅក្នុង​ឆ្នាំនេះ សម្តេច​មាន​គម្រោង​បន្ទាន់​ដើម្បី​ដាក់​ស្នើ​ឲ្យ​ប្រទេស​ចិន​គាំទ្រ​ចំពោះ​គម្រោង​កសាង​ផ្លូវ​ត​ភ្ជាប់​ពី​ច្រក​ថ្មដា ខេត្តពោធិ៍សាត់ ទៅកាន់​កោះកុង និង ពី​ថ្មដា ទៅកាន់​សំឡូត ដើម្បី​ភ្ជាប់​ព្រំដែន​កម្ពុជា​ ដែល​មាន​ប្រវែង​មិន​ដល់​២០០ គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​ប្រមាណ​២០០ លាន​ដុល្លារ។

សម្តេច​តេ​ជោ​បន្តថា តំបន់​នោះ​សុទ្ធ​តែ​ជា​តំបន់​ដែលមាន​ការ​ប្រយុទ្ធ​គ្នា។ ប៉ុន្តែ ឥឡូវ​តាំងពី​ម៉ាឡៃ​មកដល់​ប៉ៃលិន មកដល់​សម្លូត​យើង​មាន​ផ្លូវ​ហើយ ពី​ពោធិ៍សាត់​ទៅដល់​ថ្មដា​យើង​មាន​ផ្លូវ​ហើយ ។ ប៉ុន្តែ​រវាង​ថ្មដា និង សម្លូត រវាង​ថ្មដា និង កោះកុង យើង​មិនទាន់​មាន​ផ្លូវ​ក្រាល​កៅស៊ូ​នោះទេ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ៦ ប្រវែង​សរុប ២៤៨,៥៣ គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្តកំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប កាលពី​ព្រឹក​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ នៅ​ខេត្តកំពង់ធំ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​របស់​មិត្ត​ចិន​ដែល​បាន​ជួយ​កសាង​ផ្លូវ​ស្ពាន​នៅ​កម្ពុជា​ដែល​មាន​ប្រវែង​ជាង ៣០០០ គីឡូម៉ែត្រ ដែល​បាន​កំពុង​សាងសង់ និង សាងសង់​រួច។ សម្តេច​តេ​ជោ​ក៏បាន​រំលឹក​ផងដែរ​ថា មុន​នេះ​សម្តេច​បាន​លើកឡើងថា​ យើង​និង​មាន​ផ្លូវ​ចំនួន ២ ខ្សែ បន្ថែម​ទៀត ដែល​ត​ភ្ជាប់​ពី​កំពង់ធំ ទៅ​ក្រចេះ ឆ្លងកាត់​ស្រុក​សណ្តាន់ ហើយ​ត្រូវធ្វើ​ស្ពាន​ឆ្លងកាត់​ទន្លេ​គ​ង្គ ទៅ​ទី​រួម​ខេត្តក្រចេះ ដែលមាន​ប្រវែង​តែ ១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដែល​បច្ចុប្បន្ន​យើង​ធ្វើដំណើរ​លើស​ពាក់​កណ្តាល ផ្លូវ​នេះ​ស្ថិតនៅ​ជា​អាទិភាព​គម្រោង​ដាក់​ស្នើ​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ផ្លូវ​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង មក​ខេត្តកំពង់ធំ។ ក៏ប៉ុន្តែ​សុំ​បងប្អូន​មេត្តា​អធ្យាស្រ័យ អំពី​ការដែល​មិន​ទាន់​មាន​លទ្ធភាព​សាងសង់​ទៅបាន។ តាមពិត​ក្រុមហ៊ុន​សាងសង់​បានធ្វើការ​សិក្សា​រួចហើយ​ត្រូវ​ចំណាយ​អស់​ថវិកា​ប្រមាណ​ជាង ១០០ លាន​ដុល្លារ។ ក៏ប៉ុន្តែ​សុំ​បងប្អូន​ពិចារណា​មើល​តើ​យើង​គួរ​សាងសង់​ទេ ព្រោះ​វា​ទាក់ទង​ទៅ​ចរន្តទឹក និង ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​របស់​ប្រជាជន​ដែល​អាចធ្វើ​ឲ្យ​ប្រជាជន​ជេរ​យើង នេះ​មិនទាន់​គិតពី​ចរន្ត​ត្រី​ឆ្លងកាត់​ផង ។ ដូចនេះ​ផ្លូវ​នេះ​ត្រូវបាន​ផ្អាក​សិន​ដើម្បី​សិក្សា​ឲ្យ​អស់​លទ្ធភាព​អំពី​ផល​ប៉ះពាល់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​មោទនភាព​ចំពោះ​សមិទ្ធផល​នេះ ក៏ប៉ុន្តែ​ក៏ត្រូវ​ផ្អែកលើ​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​ផងដែរ។ កំណើនសេដ្ឋកិច្ច​របស់​ចិន ការ​រីកលូតលាស់​របស់​ប្រទេស​ចិន​មិនមែន​សម្រាប់តែ​ប្រទេស​ចិន​មួយ​ទេ គឺ​បាន​រួម​ចំណែក​ជួយ​ដល់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​នេះ។ ឥណទាន​ដែល​ចិន​បានផ្តល់ សម្រាប់​អនុវត្ត​គំរោង ផ្លូវ​មួយ ខ្សែក្រវាត់ កម្ពុជា​ក៏បាន​ទទួល​នូវ​ផលប្រយោជន៍​ពី​គម្រោង​នេះ​ផងដែរ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ផ្លូវជាតិ​លេខ​៦ និង​ក្លាយទៅជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ទេសចរណ៍។ សម្តេច សង្ឃឹមថា​ខេត្តកំពង់ធំ​និង​មានការ​ពង្រាយ​រោងចក្រ​មកកាន់​ទីនេះ ហើយក៏​ជា​ខេត្ត​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​ផង​ដែរ ​ព្រោះ​ប្រាសាទសំបូរព្រៃគុក​ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក។ សម្តេច​សង្ឃឹមថា​ និង​មាន​សណ្ឋាគារ​ធំៗ​បន្ត​កើតឡើង​ដើម្បី​បម្រើ​ទេសចរណ៍។ សម្តេច​បន្តថា ខេត្តកំពង់ធំ​នេះ ពីមុន​ជា​កន្លែង​ដែល​គេ​ទៅ​ផុត មក​ហួស តែ​ឥឡូវ​ទេសចរ​អាច​មក​ពី​ភ្នំពេញ មកពី​សៀមរាប និង​ស្នាក់នៅ​ខេត្តកំពង់ធំ ដើម្បី​ទស្សនា​ប្រាសាទសំបូរព្រៃគុក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាជន​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ថា យើង​នឹង​បន្ត​រួម​ដំណើរ​ជាមួយគ្នា​តទៅទៀត ដើម្បី​អភិវឌ្ឍន៍​ប្រទេសមួយ​នេះ។ សម្តេច​ក៏បាន ថ្លែងអំណរគុណ​លោកយាយ លោកតា បងប្រុស​បងស្រី ដែល​បានរួម​ដំណើរ​ជាមួយ​សម្តេច​កាលពី ៣០ ឆ្នាំមុន​មកដល់​បច្ចុប្បន្ន ដែល​បាន​រំដោះជាតិ​ចេញពី​របប​ប្រល័យ​ពូជ​សាស​សន៍ ប៉ុល ពត និង ទប់ស្កាត់​មិន​ឲ្យ ប៉ុល ពត ត្រឡប់មកវិញ និង​នាំ​ប្រទេស​មក​មាន​សុខសន្តិភាព​គឺ​សុទ្ធតែ​មានការ​រួមចំណែក របស់​បងប្អូន​ទាំងអស់ ។ សម្តេច​បន្តថា​បងប្អូន​អាចធ្វើ​ការប្រៀបធៀប​ពី​អ្វីដែល​បងប្អូន​មាននៅ​ពេលនោះ ជាមួយនិង​អ្វីដែល​បងប្អូន​មាននៅ​ពេលនេះ បើទោះបីថា អ្នកខ្លះ មិនទាន់​គ្រប់គ្រាន់ តាម​បំណង​របស់ខ្លួន តែ​យើង​ខិតខំ​បំពេញ​ឲ្យ​វា ព្រោះ​យើង​មិនអាច​ធ្វើបាន​តែម្តង​នោះទេ វា​ត្រូវការ​ពេលវេលា។

ជា​មួយ​នេះ សម្តេច​បន្តថា ដើម្បី​ធានា​នូវ​សន្តិភាព​និង​ការអភិវឌ្ឍ ងាយស្រួល​ទេ គឺ​បងប្អូន​ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​បោះ​ឆ្នោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ធានាបាន​ហើយ សន្តិភាព និង​ការអភិវឌ្ឍ នេះ​មិនមែនជា​ការធានា​លេងៗ ទេ​តែ​វា​ជាការ​ធានា​ពិតប្រាកដ ព្រោះ​អ្វីៗ​វា​បាន​មាន​រួចស្រេច​ទៅហើយ វា​នៅតែ​ការចូល​រួមរក្សា​សន្តិភាព​នេះ​ឲ្យ​បាន តែប៉ុណ្ណោះ។ សម្តេច​តេ​ជោ​បន្តទៀតថា ពិត​ហើយ​មាន​អ្នកខ្លះ​មិនទាន់​ស្កប់ស្កល់ និង​នៅមាន​ការ​ថ្នាំងថ្នាក់​ទង្វើ​របស់​មន្ត្រី​នៅ​ថ្នាក់ក្រោម តែ​ក៏​មិនត្រូវ​ខឹង​គោ​វាយ​រទេះ​ទេ កូន​វា​មាន​តក់មា​ននាល ដូចនេះ​មន្ត្រី​ខូច​មួយ​មិនត្រូវ​វាយតម្លៃ​មនុស្ស​ទាំងអស់​បានទេ ខឹង​មន្ត្រី​ម្នាក់ ជេរ ហ៊ុន សែន វា​មិន​ត្រឹមត្រូវ​ទេ។

សម្តេច​តេ​ជោ​សង្ឃឹមថា បងប្អូន​នឹង​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត ដោយ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​លេខ​រៀង​ទី​២០ បាន​សេចក្តីថា យើង ឈ្នះ ឈ្នះ ដែល​រក្សា បាន​នូវ​សុខសន្តិភាព ដែលមាន​ដូច​ស​ព្វថ្ងៃ។

​លោក ស្យុ​ង ប៉ អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ផ្លូវ​លេខ ៦ ដែល​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នាពេលនេះ​មាន​សារសំខាន់​ណាស់​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

លោក​ទូត​ចិន​បាន​មានប្រសាសន៍ថា​ មួយឆ្នាំ​មុន លោក​និង​សម្តេច​តេ​ជោ​ចូលរួម​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៃ​ផ្លូវជាតិ​លេខ​៦ អា។ ការ​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ផ្លូវ ជាតិ​លេខ​៦ ប្រវែង ២៥០ គីឡូម៉ែត្រ បង្ហាញ​ឲ្យ​ឃើញថា ការ​លើក​កម្រិត​និង​កែលម្អ​ផ្លូវ​គន្លឹះ​មួយ​ក្នុងចំណោម​បណ្ដាញ​ផ្លូវជាតិ​ដ៏​សំខាន់​និង​មមាញឹក​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន បញ្ចប់​ដោយ​រលូន ដែល​ធ្វើ​ឲ្យ​តំណ​ភ្ជាប់​គមនាគមន៍​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​តំបន់​ភាគ​ពាយ័ព្យ ដូចជា​រាជធានី​បុរាណ​សៀមរាប​ជាដើម​នោះ​ទទួល​បាន​ការ​លើក​កំរិត បន្ថែម​ទៀត​ហើយនឹង​ដើរតួនាទី​សំខាន់​និង​សកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាម​តំបន់​បណ្ដោយ​ផ្លូវជាតិ​មួយ​នេះ​ផងដែរ។

លោក​ឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា ចិន​និង​កម្ពុជា​ជា​អ្នកជិតខាង​ល្អ​មាន​លក្ខណៈ​ជា​ប្រពៃណី និង ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ភាគី​ទាំងពីរ​ឈរ លើ​គោលការណ៍​មិត្ត​ភាពជា​ប្រពៃណី​ដែលជា​ជ្រៅ​ទំនុកចិត្ត​នយោបាយ​កម្រិត​ខ្ពស់​និង​ប្រយោជន៍​រួម​ដ៏​ទូលំទូលាយ​ធ្វើការ​គោរព​គ្នា​យោគយល់​គ្នា​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ក្នុង​វិស័យសេដ្ឋកិច្ច​នយោបាយ​សង្គម​វប្បធម៌​កិច្ចការ​តំបន់​អន្តរជាតិ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​និង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​នៅ​គ្រប់​វិស័យ​ឲ្យ​បោះជំហាន​ទៅ​កម្រិត​ថ្មី​មួយទៀត​ចិន​និង​កម្ពុជា​បានក្លាយ​ទៅជា​សហគមន៍​រួម​វាសនា​តែមួយ​និង​ជា​គំរូ​នៃ​ការ​កសាង​ទំនាក់ទំនង​អន្តរជាតិ​បើក​ថ្មី​ដែល​ប្រកប​ទៅ​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក​ភាពយុត្តិធម៌​និង​ការប្រើ​ប្រយោជន៍​រួមគ្នា។

លោក​បន្តថា សប្បាយរីករាយ​ដែល​បាន​ឃើញថា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម កម្ពុជា​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងទៅ​បានទទួល​សមិទ្ធ​ផល​សំខាន់ៗ​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​មិន​គ្រាន់តែ​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ប្រជាជន​កម្ពុជា​នោះទេ ថែមទាំង បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​ក្នុង​តំបន់​ទៀតផង ហើយក៏​បានទទួល​ការវាយតម្លៃ​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ ។ ដរាបណា​សន្តិភាព​ស្ថេរភាព​និង​កិច្ច អភិវឌ្ឍន៍​នៅ​បន្ត​រក្សាបាន​កម្ពុជា​ពិតជា​នឹងមាន​អនាគត​រុងរឿង​ដ៏​ត្រចះត្រចង់។

ឆ្នាំនេះ​ជា​ខួប​លើក​ទី ៤០ នៃ​កំណែទម្រង់​បើក​ចំហរ​របស់​ប្រទេស​ចិន​ក៏​ជា​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​ចិន​-​កម្ពុជា ផង​ដែរ ភាគី​ចិន​នឹង​គាំទ្រ​យ៉ាង​រឹង​មាំ​សម្រាប់ ការ​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​ស្រប​នឹង​សភាពការណ៍​ផ្ទាល់ខ្លួន​របស់​ប្រទេស​កម្ពុជា​ជា​រៀង​រហូត​ហើយ​មាន​តំណាង​សាខា​ជាមួយនឹង​ភាគី​កម្ពុជា​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​នៅ​គ្រប់​វិស័យ​ដូចជា​ការ​កសាង​ក្រវាត់​និង​ផ្លូវ​ដែល​នឹង​គាំទ្រ​កម្ពុជា​ព​ន្លឿ​ន​ការអភិវឌ្ឍ​ដើម្បី​នាំ​សុភមង្គល​កាន់តែច្រើន​ជូន​ប្រជាជន​និង​នាំគ្នា​ជំរុញ​កិច្ចការ​ប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ចិន​-​កម្ពុជា​បោះជំហាន​ទៅ​ឃើញ​ថ្មី​មួយទៀត៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684