ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​បញ្ឈប់​រឿង ស៊ី​ពោត​ស្ងោរ របស់លោក​សង្ឃ​នៅ​ខេត្តបន្ទាយមានជ័យ

កំពង់ធំ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​បញ្ចប់រឿង​អតីត​សង្ឃ ស្រិល វណ្ណា និង​ស្ត្រី​នៅក្នុង​ខេត្តបន្ទាយមានជ័យ តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក ដែល​ការ​អំពាវនាវ​របស់​ស​ម្តេច​នេះ ក្នុង​គោលបំណង​ដើម្បី​ការពារ​នូវ​តម្លៃ​ព្រះពុទ្ធសាសនា និង​ការពារ​នូវ​តម្លៃ​ស្ត្រី​ខ្មែរ។ សម្តេច បាន​បញ្ជាក់ថា រឿង​មនុស្ស​តែ​ពីរ​នាក់ កុំ​បង្កើត​រឿង​រំ​ជួយ​មេឃ​រំ​ជួយ​ដី​… រឿងនេះ​គឺជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ ៦ ពី​ថ្នល់កែង ខេត្តកំពង់ចាម ទៅ​អង្ក្រង ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៨។

រឿង​ដែល លោក ផែង វណ្ណៈ និង​លោក ខ័​ណ្ឌ ច័ន្ទ​សុផល បាន​វែកញែក​តាមរយៈ​ការផ្សាយ​ផ្ទាល់​ជា​វីដេអូ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ល្បី​ដល់ សម្ដេច ហ៊ុន សែន នោះ គឺ​ករណី​ផ្ទុះ​រឿងអាស្រូវ​របស់​អតីត​ព្រះ​ចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្តបន្ទាយមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​បុគ្គល ផែង វណ្ណៈ និង ខ័​ណ្ឌ ច័ន្ទ​សុផល ជា​ក្រុម​បង្ករឿង​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ។ បង្ករឿង​ត្រង់​ថា បុគ្គល​ទាំងពីរ បាននាំគ្នា​ទៅ​សម្ភាសន៍​ភាគី​សាមីខ្លួន​ម្ខាងៗ ដើម្បី​ឲ្យ​ចេញមុខ​បកស្រាយ​វាយប្រហារ​គ្នា​ទៅវិញទៅមក​។ សម្រាប់ សម្ដេច ហ៊ុន សែន សកម្មភាព​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ផែង វណ្ណៈ និង​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ជា​ទង្វើ​ដែល​កំពុង​ខុសឆ្គង និង​បំពុលបរិយាកាស​ក្នុងសង្គម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បញ្ចប់ រឿង​ពោត​ដុត ពោត​ស្ងោរ ដើម្បី​ការពារ​នូវ​តម្លៃ​ព្រះពុទ្ធសាសនា​និង​ការពារ​នូវ​តម្លៃ​ស្ត្រី​ខ្មែរ រឿង​មនុស្ស​តែ​ពីរ​នាក់ កុំ​បង្កើត​រឿង​រំ​ជួយ​មេឃរំ​ជួយ​ដី ធ្វើ​ឲ្យ​ពោត​ឡើងថ្លៃ ធ្វើ​ឲ្យ​ពោត​ចុះថ្លៃ រឿងនេះ​គឺជា​រឿង​មិនសម​ហេតុផល​ទាល់តែសោះ​ហើយ​”។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ប្រតិកម្ម​ចំពោះ​រឿង​នេះ បន្ទាប់ពី​រឿងរ៉ាវ​បានបញ្ចប់​ទៅហើយ ៗ​អ្នក​ដែល​ប្រព្រឹត្ត​ខុសត្រូវ​បានទទួល​វិន័យ​សង្ឃ​និង​ស្ត្រី​នោះ​ក៏​មាន​ការអៀនខ្មាស់។ ក៏ប៉ុន្តែ​វា​មាន​អ្នក​ដែល​ទៅ​សម្ភាសន៍​ដុត​ឲ្យ​រឿង​នេះ​នៅតែ​បន្ត។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រឿង​នេះ​វា​ចាប់​ផ្តើម​ចេញពី​អ្នក​ដែល​ពូកែ​បង្កើត​រឿង​គឺ ផែង វណ្ណៈ ដែល​ទៅ​សម្ភាសន៍​ខាង លោក ឲ្យ​ល្មម​បាន​ហើយ ឯ​ទី​២ គឺ ខ័​ណ្ឌ ច័ន្ទ​សុផល ទៅ​សម្ភាសន៍​ខាង​ស្រី វា​មិន​ខុសពី​ចាប់​សង្អារ​ឲ្យ​ជុល​គ្នា​ទេ បង្កើត​រឿង​វែងឆ្ងាយ​ទៅដល់​ណា​ទៀត អស់លោក​មិន​ខំ​រំងាប់​អធិករណ៍​ទេ ហើយ​រឿង​បុគ្គល​ពីរ​នាក់​ធ្វើ​ឲ្យ​រំ​ជួយ​មេឃ​កក្រើក​ផែនដី តើ​វា​មាន​ផល​ចំណេញ​អី​ទៅ ។ សម្តេច​តេ​ជោ​បាន​សុំ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងឡាយ តើ​បង្ករឿង ដល់​ណា​ទៀត …​សម្តេច​តេ​ជោ​បាន​បន្ត​ថា តើ​ដំណើរ​ជាតិ​របស់​យើង​វា​យ៉ាងណា​ទៅ ? បើ​គ្រាន់តែ​រឿង​ប៉ុណ្ណឹង យើង​ធ្វើ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។ ព្រះពុទ្ធសាសនា មិន​ត្រូវ​អាប់​អោន​ដោយសារតែ​ព្រះសង្ឃ​មួយអង្គ ពីរ​អង្គ​នោះទេ ហើយ​ស្ត្រី​ខ្មែរ ក៏​មិន​ត្រូវ​បាន​បង្ខូច​កិត្តិយស​ដោយសារ​ស្ត្រី​ម្នាក់​ឬ​ពីរ​នាក់​បាន​នោះ​ដែរ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា អ្នក​ទាំងពីរ​នាក់​នោះ​ជា​មន្ត្រី​យោធា ដូចនេះ បើ​គេ​មិន​ស្តាប់​តាម​ការអំពាវនាវ​ទេ គួរតែ​ត្រូវ​បណ្តេញ​ចេញពី​ជួយ​កងទ័ព។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​តើ​ខ្ញុំ​អាច​សុំ​បានទេ ពី​មន្ត្រី​យោធា​ទាំងពីរ​រូបនេះ បើ​សុំ​មិនបាន ជម្រើស​ដែល​នៅ​សេសសល់ គឺ​បណ្តេញ​ចេញពី​ជួរ​កងទ័ព ហើយ​ឲ្យ​ពួកគេ​ទៅធ្វើ​អ្នក​ហ្វេ​ស​ប៊ុ​ក​តែម្តងទៅ កុំ​ឲ្យ​វា​នៅក្នុង​ជួរ​ទ័ព​នាំ​ចង្រៃ​កងទ័ព​តទៅទៀត “។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ត​ថា និយាយ​ពី ផែង វណ្ណៈ នោះ អាជ្ញាធរ​ខេត្ត​សៀមរាប​គេ​ប៉ុន​មេឃ ប៉ុន​ដី ឯង​ទៅ​ចេះដឹង​រឿង​ប្លន់​មេឃ ប្លង់ដី ឯណា​តើ​គេ​ធ្វើ​ស្អី​គេ គេ​ចង់​ល្បី​ខាង​ហ្វេ​ស​ប៊ុ​ក​ឬ …? ចង់​ធ្វើ​តុលាការ​ប៉ាវ​ចិន​ឬ​ស្អី ? ឬ​ចង់​បញ្ជូន​អាហ្នឹង​ឲ្យ ហ៊ុន សែន បានដឹង​ឬ ? ខ្ញុំ​ទូរស័ព្ទ​សួរ​ផែង វណ្ណៈ ផែង វណ្ណៈ បាន​សុំទោស ហើយ​ខ្ញុំ​ឲ្យ ផែង វណ្ណៈ សួរថា ស្គាល់​រឿងនេះ​ប៉ុណ្ណា ? ផែង វណ្ណៈ សុំទោស ហើយ​អ្នក​ពឹង ផែង វណ្ណៈ ឲ្យ​បើកផ្លូវ​នៅ​ខេត្តសៀមរាប​មិនត្រូវ​យកជាការ​តទៅទៀត​ទេ​…​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ត​ថា ” តើ​ទាហាន​ពីរ​នាក់​នេះ វា​អត់​ការងារ​ធ្វើ​ឬ ? តើ​វា​ពាក់​សក្តិ​ប៉ុន្មាន​អា​ពីរ​នាក់​នេះ …​។ រឿង​មនុស្ស​ពីរ​នាក់​សោះ គ្នា​បានជា​អញ្ចឹង​ទៅ​ហើយ ទុក​ពេល​វេលា​ឲ្យ​គ្នា​កែប្រែ​ទៅបាន​ទេ​… ហើយ​បើ​គ្នា​មានរឿង រឿង​តែ​ពីរ​នាក់​ទៅ មិនបាច់​ទៅ​ពង្រីក​រឿង​ឲ្យ​អាស្រូវ​ពេញ​ពិភពលោក​នោះទេ។… ក្បាល កញ្ចាស់​អស់ហើយ​នោះ គួរ​ដាក់ទោស​អា​ពីរ​នាក់​នេះ ជា​មន្ត្រី​យោធា​ទៀត ហេតុ​អី​ទៅ​បង្កើត​រឿង ហើយ​នេះ ខ្ញុំ​ប្រដៅ ហើយ​នេះ​មិនមែន​ជា​រឿង​បញ្ចេញមតិ​ទេ តែ​ជា​រឿង​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ​ផង “។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ស្ងប់​អារម្មណ៍ ហើយ​ទុក​រឿងនេះ​ទៅ​ឲ្យ​តុលាការ​គេ​ធ្វើការ​ទៅ​បាន​ទេ។ សម្តេច​តេ​ជោ​បាន​បន្តថា ខ្ញុំ​សុំ​ថា រឿង​នេះ​នឹងត្រូវ​បាន​ស្ងប់​ហើយ​តាំងចិត្ត​ឲ្យ​ស្ងប់​រៀងខ្លួន ហើយ​បើ​ចង់ទៅ​តាមផ្លូវ​តុលាការ ក៏​ទៅតាម​ផ្លូវ​តុលាការ​ដែលមាន​មេធាវី​រៀងៗ​ខ្លួន ហើយ​តុលាការ​កាត់ក្ដី ដោយ​យុត្តិធម៌​ទៅ បិទ​ទំព័រ​វា​ទៅ នៅ​ថ្ងៃ​នេះ​។​

​សម្តេច​តេ​ជោ បាន​បន្ត​ថា កុំ​ចាត់ទុកថា បាន​នាយករដ្ឋមន្ត្រី​ស្តី​ឲ្យ​លោក​ឯង​ល្បី​ឲ្យ​សោះ​ប្រយ័ត្ន​តែ​ខាង​យោធា​គេ​ពិនិត្យ​ឃើញ​ថា លោក​ឯង​ខុស​វិន័យ​ទ័ព​នោះ គេ​ក៏​អាច​បណ្តេញ​លោក​ឯង​ចេញពី​កងទ័ព ក៏បាន កុំថាឡើយ​ឧ​ត្ត​ម​សេនីយ៍ សូម្បី​លោក​ខែ ក៏​អាច​ដក​បាន​ដែរ ហើយ​បើ​លោក​ឯង​ត្រឹម​សក្តិ ៥​ដក​ត្រឹម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក៏បាន​ដែរ។

សម្តេច​តេ​ជោ​បន្ត​ថា ព្រះពុទ្ធសាសនា​របស់​យើង​មិន​ត្រូវ​អាប់ឱន​ទៅជា​មួយ​បុគ្គលម្នាក់ ២ នាក់ ដែល​ប្រព្រឹត្ត​ខុស​រហូតដល់​មាន​អ្នកខ្លះ សូម្បីតែ​ក្មួយ​ស្រី​ម្នាក់ យប់មិញ​ប្រហែលជា​នៅ​អាមេរិក គាត់​ថា គាត់​ចេញ​មក​បកស្រាយ​ក្រោយ​គេ មាន​គេ​ចូល​ទៅ​ជេរ​នៅក្នុង​នោះ ជេរ​ទាំង​ក្មួយ​ស្រី​នឹង​ផង ជេរ​ទាំង​អាចោរ​ថង់យាម​ទៀត ចុះបើ​អាចោរ​ថង់យាម វា​មិន​ប៉ះ​លោក​ទាំងអស់ ឲ្យ​ជេរ​អា​ត្រងោល មិន​ប៉ះ​លោក​ទាំងអស់គ្នា រួច​ជេរ​មី​ស្រីខូច អីចេះ អីចុះ ជេរ​ចឹ​ងៗ បានជា​ចឹ​ង បានជា​បង្កើត​រឿង​ច្រើនពេក ហើយ​ខ្ញុំ​សុំ​ថា រឿង​នេះ​នឹងត្រូវ​បាន​ស្ងប់​ហើយ​តាំងចិត្ត​ឲ្យ​ស្ងប់​រៀងខ្លួន​ទៅ។

គួរ​បញ្ជាក់​ថា ព្រះចៅ​អធិការ​វត្តភ្នំ​បាក់​លើ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​មន្ទីរ​ធម្មការ និង ថ្នាក់ដឹកនាំ​សង្ឃ ផ្សឹក​ចាក​វិស័យ​សាសនា កាលពី​ថ្ងៃទី​៥ មិថុនា​នេះ ធ្វើឡើង​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ដែលមាន​សំឡេង​សន្ទនា​ជាមួយ​មនុស្ស​ស្រី​ក្នុង​វីដេអូ​ផង​ដែរ។ វីដេអូ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​នេះ​កើតចេញពី​នារី​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ព្រះចៅអធិការ​វត្ត​ខាងលើ និង​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​លើ​រូបនាង​ទៀត​ផង​៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684