ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​នៃ​ជំនួប​រវាង ​ដូ​ណា​ល់ ​ត្រាំ​ និង​ គីម ​ជុង​អ៊ុន ​ជា​ក្តីសង្ឃឹម ​សម្រាប់​សន្តិភាព​ពិភពលោក​

យោងតាម​សេចក្តីរាយការណ៍​ របស់​ទីភ្នាក់ងារសារព័ត៌មាន អា​អិ​ហ្វ​ប៉េ (AFP) របស់​បារាំង ចេញផ្សាយ​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​លោក គីម ជុង​អ៊ុន (Kim Jung Un) មេដឹកនាំ​កូរ៉េខាងជើង បាន​និយាយ​គ្នា ​ដោយ​ប្រើពាក្យ​សម្តី​យ៉ាង​កក់ក្តៅ និង​ចាប់ដៃ​គ្នាជា​ប្រវត្តិសាស្ត្រ ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ក្នុងខណៈ​ពេលដែល​ពួកគេ​ ចូលរួម​ជំនួប​កំពូល នៅ​ប្រ​ទេ​សសិង្ហ​បុរី ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​ លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ ដ៏​​តឹងតែង​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​។​

​គួរ​បញ្ជាក់ថា ជំនួប​នេះ​គឺជា​ជំនួប​លើកដំបូង​បំផុត​ មិន​ធ្លាប់មាន​ពីមុនមក ​រវាង​មេដឹកនាំ​នៃ​សត្រូវ​ទាំងពីរ ​ដែល​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​នោះ និង​មិន​នឹកស្មាន​ដល់​ទាល់តែសោះ ក្នុង​រយៈពេល​ពី​រខែក​ន្ល​ង​ទៅនេះ នៅពេលដែល​ការភ័យខ្លាច​សង្គ្រាម ​កាន់​តែ​កើនឡើង ស្របពេល​មានការ​តេស្ត​សាកល្បង​នុយក្លេអ៊ែរ និង​សង្គ្រាមពាក្យសម្តី​នោះ​។

​មេដឹកនាំ​ទាំងពីរ ​បាន​ចាប់ដៃគ្នា​យ៉ាងយូរ ដោយ​លោក ដូ​ណា​ល់ ត្រាំ បាន​ទះ​អង្អែល​ស្មារ​ខាងស្តាំ​របស់លោក​ គីម ជុង​អ៊ុន រួចហើយ​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង បាន​អង្គុយ​ទល់មុខ​គ្នា​ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ ដែល​អាច​ផ្ដល់​ក្តីសង្ឃឹម​ ក្នុងការ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ ​ដែល​ញាំញី​ឧបទ្វីប​កូរ៉េ​នេះ ​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ បាន​ផ្តោតទៅលើ​បញ្ហា​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ការលុបបំបាត់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ ការបញ្ចប់​សង្គ្រាម​កូរ៉េ និង​ការធ្វើឱ្យមាន​ទំនាក់ទំនង​ ការទូត​ធម្មតា​ឡើងវិញ​ជាដើម​។

​ទាក់ទង​នឹង​ប្រធានបទ​ធំ​បំផុត​នោះ ក្រុង​វ៉ាស៊ីនតោន​ ទាមទារ​ឱ្យ​កូរ៉េខាងជើង ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ពិតប្រាកដ និង​មិនអាច​កែប្រែបាន​។ «​ពួកគេ​ត្រូវតែ លះបង់​អាវុធ​នុយក្លេអ៊ែរ​។ ប្រសិនបើ​ពួកគេ មិន​លះបង់​អាវុធ​នុយក្លេអ៊ែរ​ទេនោះ គឺជា​ទង្វើ​មួយ​ ដែល​មិនអាច​ទទួលយកបាន​។​» លោក​ត្រាំ បាន​និយាយ​កន្លងមក​។​

​ទន្ទឹមនឹងនេះ បញ្ហា​ដ៏​ធំ​មួយទៀតគឹ​ថា ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ជា​លក្ខណៈ​បច្ចេកទេស ស្ថិតនៅក្នុង​សង្គ្រាម​នៅឡើយ  បន្ទាប់ពី​ជម្លោះ​ឆ្នាំ​១៩៥០-១៩៥៣ បាន​ផ្អាក​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព និង​ការបែងចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ ដែល​ខណ្ឌ​ដោយ​តំបន់​គ្មាន​យោធា​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ខែមេសា​ឆ្នាំ​២០១៨​នេះ លោក គីម ជុង​អ៊ុន និង​លោក ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន​បាន​ព្រមព្រៀងគ្នា​ រក​កិច្ចព្រមព្រៀង​សន្តិភាព​យូរអង្វែង​មួយ សម្រាប់​ប្រទេស​បងប្អូន​ទាំងពីរ​។​

​ជាការ​ពិតណាស់ ក្រៅ​អំពី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​ យូរអង្វែង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ក៏​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ទំនាក់ទំនង​ការទូត​ រវាង​ប្រទេស​ទាំងពីរ​ក្លាយជា​ធម្មតា​ឡើងវិញ​ដែរ​។

​ដំណឹង​ដែល​ធ្វើឱ្យ​ពិភពលោក​រីករាយ​នោះ គឺថា​នៅក្នុង​ការជួប​តទល់គ្នា​លើកដំបូង​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា  លោក​មាន​កិត្តិយស​ ដែល​បាន​ជួប​លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​នាពេលនេះ​។ ចំណែកឯ​ប្រមុខ​ដឹកនាំ​ កូរ៉េខាងជើង​វិញ​និយាយថា កូរ៉េខាងជើង និង​អាមេរិក​ បាន​ជម្នះ​បញ្ហា​ជាច្រើន ​មុន​មាន​ជំនួប​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​​គួរបញ្ជាក់​ផងដែរ​ថា ក្រៅ​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ ការធានា​សន្តិសុខ សម្រាប់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង គឺជា​ប្រធានបទ​សំខាន់​មួយទៀត​ ដែល​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​ជជែក​គ្នា​។ ប៉ុន្តែ ទោះបីជា​កូរ៉េខាងជើង​ ធ្លាប់​បង្ហាញ​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន ​ដោយ​ឥត​ងាករេ​ក្ដី ភាគី​ទាំងសងខាង​ នៅ​ខ្វែងគំនិត​គ្នា​លើ​វិធីសាស្ត្រ ​ឈានដល់​លុបបំបាត់​នុយ​ក្លែ​នេះ ក្នុងខណៈ​ពេលដែល​កូរ៉េខាងជើង​ ហាក់​មិនទាន់​ជឿជាក់​ទាំងស្រុង ​លើ​សហរដ្ឋអាមេរិក​លើ​ការធានា​សន្តិសុខ និង​ការព្យួរ​ទណ្ឌកម្ម​ផ្សេងៗ​នោះ​។​

​ចំពោះ​សហរដ្ឋអាមេរិក កូរ៉េខាងជើង​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង ក្រោម​ការត្រួតពិនិត្យ និង​មិនអាច​វិល​ទៅ​អភិវឌ្ឍ​ម្ដងទៀត​ឡើយ​។ បើ​កូរ៉េខាងជើង​ធ្វើដូច្នេះបាន ទើប​អាមេរិក​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច ហើយ​ថែមទាំង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កូរ៉េខាងជើង​ ថែម​ទៀតផង​។ ប៉ុន្តែ​កូរ៉េខាងជើង​វិញ​ ចង់បាន​ការរំសាយ​នុយក្លេអ៊ែរ​នេះ​ ផ្ដោតលើ​កម្មវិធី​អភិវឌ្ឍ​អាវុធ​ថ្មី មិនមែន​អាវុធ​ផលិត​រួចហើយ​ឡើយ ហើយ​ម្យ៉ាងទៀត​ ត្រូវធ្វើ​ព្រម​គ្នា​នឹង​ការលុបចោល​ទណ្ឌកម្ម​ផងដែរ​។​

ទោះបីជា​យ៉ាងណា ជំនួប​ជា​ប្រវត្តិសាស្ត្រ​ លើកដំបូង​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅពេលនេះ ក៏ដូចជា​ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​កន្លងមក បាន​ផ្តល់នូវ​ក្តីសង្ឃឹម​យ៉ាង​កក់ក្តៅ ​នូវ​ការស្វែងរក​សន្តិភាព​យូរអង្វែង សម្រាប់​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ពិភពលោក​ទាំងមូល​។

ប្រជាពលរដ្ឋ​កម្ពុជា សូម​ចូលរួម​ជាមួយ​ប្រជាជន​ពិភពលោក​ទាំងអស់​ ក្នុងការ​អបអរសាទរ​ចំពោះ​កិច្ចប្រឹងប្រែង​ ស្វែងរក​សន្តិភាព និង​ជំនួប​ជា​ប្រវត្តិសាស្ត្រ រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​នៅពេលនេះ​។

​ទន្ទឹមនឹងនេះ យើង​ក៏​មិន​ភ្លេច​ភាគី​ដទៃទៀត​ ដែល​ស្ថិតនៅ​ពីក្រោយ​របត់​នយោបាយ​អ​ន្ត​រ​ជាតិ​ របស់​កូរ៉េខាងជើង​នៅពេលនេះ ជាពិសេស​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បានផ្តល់​អនុសាសន៍​ដល់​លោក គីម ជុង​អ៊ុន ឱ្យ​បន្ទន់ឥរិយាបថ រហូតដល់​សម្រេច​បំផ្លាញចោល​ ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​យល់ព្រម​ចូល​តុ​ច​ចារ ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នៅពេល​នេះ​។​

នៅ​ចុងបញ្ចប់ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា យើង​សូម​ជូនពរ​ឱ្យ​ប្រទេស​កូរ៉េ​ទាំងពីរ ​ទទួលបាន​នូវ​សន្តិ​ភាពជា​រៀងរហូត  ក្នុងខណៈ​ពេលដែល​ស្រមោល​ នៃ​សង្គ្រាម​រវាង​ប្រទេស​កូរ៉េ​ជា​បងប្អូន​ទាំងពីរ​ រ​សាត​ឆ្ងាយ​ពី​ភពផែនដី​នេះ​ទៅ​៕ (បទ​វិចារណកថា​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684