ព័ត៍មានទាន់​ហេតុការណ៏
Search

បារាំង​ប្រជែង​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង

ប្រទេស​បារាំង ​កំពុង​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូ – ប៉ាស៊ីហ្វិក​ ដោយបាន​បញ្ជូន​នាវាចម្បាំង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ និង​រៀបចំ​ផែនការ​ធ្វើ​លំ​ហាត់​អាកាស​ដើម្បី​ជួយ​ទប់​ទល់នឹង​ការបង្កើន​យោធា​របស់​ចិន​នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​។​

កាលពី​ចុងខែ​ឧសភា នាវា​ប្រយុទ្ធ​បារាំង Dixmude និង​នាវាចម្បាំង​មួយគ្រឿង ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រជុំ​កោះ Spratly ដែលមាន​ជម្លោះ ​និង​នៅ​ជុំវិញ​ថ្ម​ប៉ប្រះ​ទឹក​មួយក្រុម​ដែល​ប្រទេស​ចិន​ប្រែ​ក្លាយទៅជា​កោះ​តូចៗ​។​

មន្ដ្រី​បញ្ជាការ​របស់​នាវា Dixmude លោក Jean Porcher បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​បទ​សម្ភាសន៍​តាម​វីដេអូ​មួយ​ថា “​ការ​ល្បាត​របស់​យើង​គឺ​រួមមាន​ការឆ្លងកាត់​នៅ​ជិត​កោះ​តូចៗ​ទាំងនេះ​ដើម្បី​ទទួលបាន​ការសម្ងាត់​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា​ទាំងអស់​ដែល​អាច​ប្រើ​បាន​នៅក្នុង​ដែនទឹក​អន្តរជាតិ​”​។​

នៅក្នុង​កាសែត The Wall Street Journal, អ្នកស្រាវជ្រាវ​ម្នាក់​មកពី​វិទ្យាស្ថាន Hudson Institute ដែល​ស្ថិតនៅលើ​នាវា​នោះបាន​និយាយថា នាវាចម្បាំង​និង​នាវាចម្បាំង​ធុន​តូច​របស់​ចិន​ជាច្រើន​គ្រឿង​បាន​តាម​ពីក្រោយ​នាវា​របស់​បារាំង​។​

លោក Porcher បាន​និយាយថា “​នាវា​នេះ​បាន​រក្សា​ទំនាក់ទំនង​តាម​វិទ្យុ​ជាមួយ​នាវា​យោធា​ចិន​ដែលមាន​វត្តមាន​នៅក្នុង​តំបន់​នោះ​រហូតដល់​យើង​ចាកចេញ​”​។​

រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក​គឺជា​អ្នក​នាំមុខគេ​ក្នុងការ​ប្រឈមមុខ​ជាមួយ​ចិន​ជុំវិញ​ការទាមទារ​ទឹកដី​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវបាន​ជំទាស់​ដោយ​ប្រទេសជិតខាង​ជាច្រើន​ជាពិសេស​គឺ​វៀតណាម​។​

ប៉ុន្តែ​បារាំង​ក៏បាន​លូកដៃ​ចូលទៅក្នុង​ជម្លោះ​នេះ​ផងដែរ​ដោយបាន​បញ្ជូន​នាវា​របស់ខ្លួន​ចូលទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពី​បី​ទៅ​ប្រាំ​ដង​ក្នុង​មួយឆ្នាំ​។​

នៅក្នុង​ខែសីហា​ខាងមុខ កងទ័ពអាកាស​នឹង​រៀបចំ​សមយុទ្ធ​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​សម្គាល់​វត្តមាន​របស់​បារាំង​នៅក្នុង​តំបន់​មួយ​ដែលមាន​ពលរដ្ឋ​បារាំង​ប្រមាណ​១.៥​លាន​នាក់​។​
​យន្តហោះ​ចម្បាំង Rafale ចំនួន​បី​គ្រឿង​, យន្តហោះ​ដឹកជញ្ជូន​កងទ័ព A400M មួយគ្រឿង​និង​យន្តហោះ​ចាក់​សាំង C135 មួយគ្រឿង​នឹង​ហោះហើរ​ពី​ប្រទេស​អូស្ត្រាលី​ទៅ​ឥណ្ឌា​ដោយមាន​ការឈប់​សំចត​ជាច្រើនលើក​នៅតាម​ផ្លូវ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684