ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖​ ដើម្បី​រក្សា​សន្តិភាព​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា នេះ​បាន​បង្ហោះ​សារ​នយោបាយ​ខ្លី​មួយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ដែលមាន​ខ្លឹ​សារ​ថា “​ដើម្បី​រក្សា​សន្តិភាព​ឲ្យនៅ​ស្ថិតស្ថេរ​គង់វង្ស និង​ដើម្បី​យើងទាំងអស់គ្នា​កាន់តែ​មានឱកាស​កសាង​សង្គម​គ្រួសារ និង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រុងរឿង​សំបូរ​សប្បាយ សូម​បងប្អូន​ជនរួមជាតិ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​”។

​នៅក្នុង​សារ​នយោបាយ អមដោយ​រូបភាព​ដែល​បង្ហោះ​មាន​ខ្លឹមសារ “​គណបក្ស​ប្រជាជន​កម្ពុជា​រូប​សញ្ញា​ទេវតា​បាចផ្កា លេខ​រៀង​ទី ២០ កម្ពុជា​សុខ​សប្បាយ និង រីក​លូតលាស់​មកដល់​សព្វថ្ងៃ​នេះ​ គឺ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ក្មួយៗ​យុវជន​ព្រមទាំង​កូនក្មួយ​កម្មករ កម្មការិនី​ទាំងអស់​នៅ​ទូទាំងប្រទេស​”​។

​សារ​នយោបាយ​របស់​ស​ម្តេច​តេ​ជោ បាន​ថ្លែង​អរគុណ​ជនរួមជាតិ​ដែលមាន​ជំនឿ​ទុកចិត្ត គាំទ្រ​ឥត​ងាករេ និង​បោះឆ្នោត​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​កសាង​ប្រទេស​រីកចម្រើន​មកទល់​សព្វថ្ងៃ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា ដើម្បី​រក្សា​សន្តិភាព​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស និង​ដើម្បី​យើងទាំងអស់​គ្នា​កាន់តែ​មានឱកាស​កសាង​សង្គម​គ្រួសារ និង ប្រទេសជាតិ​ឲ្យ​កាន់តែ​រុងរឿង​សំបូរ​សប្បាយ សូម​បងប្អូន​ជនរួមជាតិ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា នៅ​លេខ​រៀង​ទី ២០ នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

ជា​ចុងក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តី​សុខ ចម្រើន និង សំណាងល្អ​គ្រប់ៗ​គ្នា។

ការបោះឆ្នោត​សាកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែល​នៅសល់​រយៈពេល​តែ​ជាង ១​ខែ​ទៀត​ប៉ុណ្ណោះ។ ដូចនេះ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​វា​ជាការ​សម្រេចចិត្ត​មួយ​ដែល​ត្រូវ​ទាមទារ​ឲ្យ​មានការ​គិតគូរ​យ៉ាង​ម៉ត់ចត់​បំផុត ។ ព្រោះ​ការសម្រេចចិត្ត​ខុស វា​មិន​ត្រឹម​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​ភ្លើងសង្គ្រាម​ឡើងវិញ​ដែល​នឹង​នាំ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​ក្តី​មហន្តរាយ​ជាថ្មី​ម្តងទៀត​។

ប​ច្ចុប្បន្ន​ប្រទេស​មាន​សន្តិភាព​ហើយ សូម​ចូលរួម​រក្សា​សន្តិភាព​នេះ ដើម្បី​ធានា​ការអភិវឌ្ឍ​បន្ត​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ដូច​ឆ្នាំ ១៩៧០ បើ​កុំ​មាន​សង្គ្រាម​ឆ្នាំ ១៩៧០ ក៏​គ្មាន​របប​ប្រល័យពូជសាសន៍​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ដែរ ។ ដើម្បី​ធានា​សន្តិភាព​និង​ការអភិវឌ្ឍ វា​ជាការ​ងាយស្រួល​ទេ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​គ្រប់​អាយុ​បោះឆ្នោត​ធ្វើការ​សម្រេចចិត្ត​។ តើ​សម្រេចចិត្ត​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​នេះ​ឬទេ​? បើសិនជា​សម្រេចចិត្ត​ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​ដែល​មាន​រួច​មក​ហើយ គឺ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សញ្ញា​ទេវតា​បាចផ្កា មាន​លេខ​រៀង​ទី ២០ ទៅ គឺ​ធានា​បាន​ហើយ។ ការធានា​នេះ មិនមែន​ជា​ការធានា​ខ្យល់​ទេ​។ សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​កំពុងតែ​រស់​ក្រោម​ដំបូល​សន្តិភាព កំពុង​ទទួល​បានការ​អភិវឌ្ឍ​ជា​ជំហានៗ​។ មិនមែន​ជា​ការ​ភូតភរ​ទេ គឺ​នៅលើ​ដំណើរ​ផ្លូវ​ជាក់ស្តែង។

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ គឺ​ប្រជាជន​ជា​អ្នកឈ្នះ​។ ឈ្នះ​ត្រង់​ថា ប្រទេស​កម្ពុជា​មិនកើត​សង្គ្រាម​ឡើងវិញ​ដោយ​ការ​បំផ្លិចបំផ្លាញ​របស់​ជន​ណា​ឬ​ក្រុម​ណា។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ដោយសារ​គណបក្ស​មាន​លទ្ធភាព​កសាង​ជីវភាព​ដោយ​ខ្លួនឯង ដោយ​គ្មាន​អ្នកណា​បង្គាប់បញ្ជា​ដូច​សម័យ​កាលដែល​ប្រទេស​មាន​សង្គ្រាម និង​ការបែកបាក់​នោះ​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ មានន័យថា សន្តិភាព​នៅតែ​ត្រូវ​បាន​រក្សា៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684