ព័ត៍មានទាន់​ហេតុការណ៏
Search

UN ​បោះឆ្នោត​លើ​ការ​ថ្កោលទោស​អ៊ីស្រាអែល​ជុំវិញ​អំពើ​ហិង្សា​នៅ ហ្គា​ហ្សា

មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​លើ​ការ​ថ្កោលទោស​អ៊ីស្រាអែល​ចំពោះ​ការស្លាប់​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​។ នេះ​គឺជា​ការបោះឆ្នោត​នៅក្នុង​សេចក្តីសម្រេច​មួយ​ដែល​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ដោយ​សហរដ្ឋអាមេរិក​ដែល​ចង់​ឲ្យ​ក្រុម​ហា​ម៉ាស់​ត្រូវ​ប្រឈមមុខ​នឹង​ការ​ថ្កោលទោស​។​

ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley បាន​រិះគន់​វិធាន​ការដែល​គាំទ្រ​ដោយ​អារ៉ាប់​មួយ​នេះ​ថា “​មិនមាន​តុល្យ​ភាពជា​មូលដ្ឋាន​” សម្រាប់​បរាជ័យ​របស់​ខ្លួន​ក្នុងការ​និយាយ​អំពី​ក្រុម​ហា​ម៉ាស់​ហើយ​បានស្នើ​ឲ្យ​មានការ​កែប្រែ​មួយ​ដែល​ថ្កោលទោស​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​។​

លោកស្រី Haley បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ឯកអគ្គរដ្ឋទូត​ជា​មិត្ត​មុន​ថ្ងៃ​បោះឆ្នោត​ថា “​សេចក្តីសម្រេច​ណាមួយ​ដែល​ផ្តោតទៅលើ​ការការពារ​ជន​ស៊ីវិល​នៅ​តំបន់​ហ្គា​ហ្សា​គឺ​ត្រូវតែទទួលស្គាល់​អំពី​សកម្មភាព​អស្ថិរភាព​និង​ភាពមិន​ប្រុងប្រយ័ត្ន​របស់​ក្រុម​ហា​ម៉ាស់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​និង​ជីវភាព​របស់​ជន​ស៊ីវិល​ដែល​គ្មាន​កំហុស​”​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១២៩​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ក្នុងអំឡុង​បាតុកម្ម​នៅ​ជិត​ព្រំដែន​ជាមួយ​តំបន់​ហ្គា​ហ្សា​ដែល​បានចាប់ផ្តើម​កាលពី​ចុងខែ​មីនា​។​
​អត្ថបទ​ដែល​ព្រាង​ដោយ​អារ៉ាប់​មួយ​នេះ​គឺ​បាន​ថ្កោលទោស​ការប្រើប្រាស់ “​កម្លាំង​ហួសប្រមាណ មិន​សមាមាត្រ​និង​មិន​រើសមុខ​” របស់​អ៊ីស្រាអែល​ប្រឆាំងនឹង​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ការពារ​សម្រាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្គា​ហ្សា​និង West Bank ។​

មហាសន្និបាត​ដែលមាន​ប្រទេស​ចំនួន​១៩៣​នឹង​បោះឆ្នោត​ជា​លើកដំបូង​លើ​វិសោធនកម្ម​ព្រាង​ដោយ​សហរដ្ឋអាមេរិក​ដែល​ថ្កោលទោស​ក្រុម​ហា​ម៉ាស់​ចំពោះ “​ការ​ញុះញង់​អំពើហិង្សា​” នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​តំបន់​ហ្គា​ហ្សា​មុនពេល​បោះឆ្នោត​លើ​សេចក្តីសម្រេច​នោះ​។​

ក្រុម​អ្នកការទូត​រំពឹងថា វិសោធនកម្ម​របស់​ស​ហ​រដ្ឋ​អាមេរិក​នឹង​បរាជ័យ​ហើយ​សេចក្តីសម្រេច​ដែល​គាំទ្រ​ដោយ​អារ៉ាប់​នឹងត្រូវ​បានអនុម័ត​ប៉ុន្តែ​វា​នៅតែ​មិនទាន់​ច្បាស់​ថា​តើ​នឹងមាន​សំឡេងឆ្នោត​ប៉ុន្មាន​ដែល​នឹង​ទទួលបាន​ដើម្បី​ប្រឈម​នឹង​ការប្រឆាំង​ដ៏​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក​។​

គួរ​បញ្ជាក់ថា បណ្តា​ប្រទេស​អារ៉ាប់​ដែល​គាំទ្រ​វិធានការ​នេះ​បាន​ងាក​ទៅរក​មហាសន្និបាត UN វិញ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ប្រើ​សិទ្ធិ​វ៉េតូ​របស់ខ្លួន​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​រារាំង​សេចក្តីសម្រេច​នេះ​កាលពី​ថ្ងៃទី​១​ខែមិថុនា​។​

អត្ថបទ​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រទេស​អាល់​ហ្សេ​រី​និង​ទួរគី​ក្នុងនាម​សម្ព័ន្ធ​អារ៉ាប់​និង​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684