ព័ត៍មានទាន់​ហេតុការណ៏
Search

បព្វជិត​ Sadr នៃ​ប្រទេស​អ៊ីរ៉ាក់ ​ប្រកាស​សម្ព័ន្ធភាព​ជាមួយ​លោក Ameri ដែល​គាំទ្រ​អ៊ីរ៉ង់

កាលពី​ថ្ងៃ​អង្គារ បព្វជិត​ជាតិនិយម Moqtada Sadr បាន​ប្រកាស​ពី​សម្ព័ន្ធភាព​នយោបាយ​ដ៏​ភ្ញាក់ផ្អើល​មួយ​ជាមួយ​លោក Hadi al-Ameri ដែល​គាំទ្រ​អ៊ីរ៉ង់​ក្នុង​គោលបំណង​ដើម្បី​ដឹកនាំ​ប្រទេស​អ៊ីរ៉ាក់​នៅ​រយៈពេល​៤​ឆ្នាំ​ខាងមុខនេះ។

ប្លុក​ទាំងពីរ​បានឈ្នះ​តំណែង​លេខ​១​និង​លេខ​២​នៅក្នុង​ការបោះឆ្នោត​សភា​ថ្ងៃទី​១២​ខែឧសភា​។​
​ការប្រកាស​របស់លោក Sadr គឺ​មិន​ត្រូវបាន​រំពឹងទុក​ពី​សំណាក់​អ្នកនយោបាយ​ភាគច្រើន​នោះទេ​ខណៈដែល​គាត់​បាន​លើកឡើងថា គាត់​គ្មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​លោក Ameri និង​ប្លុក​នៃ​អតីត​អ្នក​ប្រយុទ្ធ​គាំទ្រ​អ៊ីរ៉ង់​របស់គាត់​ឡើយ​។​

ប៉ុន្តែ​នៅឯ​សន្និសីទ​សារព័ត៌មាន​រួមមួយ​ជាមួយ​លោក Ameri ក្នុង​ទីក្រុង​ដ៏​ពិសិដ្ឋ​របស់​និកាយ​ស៊ី​អ៊ី​ត Najaf, លោក Sadr បាន​សរសើរ​ដល់​ការបង្កើត​នៃ “​សម្ព័ន្ធភាព​ពិតប្រាកដ​មួយ​ដើម្បី​ព​ន្លឿ​ន​ការបង្កើត​រដ្ឋាភិបាល​ជាតិ​ឲ្យ​នៅ​ឆ្ងាយ​ពី​ការប្រកាន់យក​ភាព​រឹង​ចចេស​”​។​

ភាព​ច្របូកច្របល់​បាន​វាយប្រហារ​ប្រទេស​អ៊ីរ៉ាក់​ចាប់តាំងពី​សម្ព័ន្ធភាព​បោះឆ្នោត​របស់លោក Sadr ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត​បានឈ្នះ​ឆ្នោត​។ កាលពី​សប្តាហ៍​មុន សភា​អ៊ីរ៉ាក់​បាន​បញ្ជា​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយ​ដៃ​ហើយ​បាន​បណ្តេញ​គណៈកម្មាការ​ដែល​ឃ្លាំមើល​ការបោះឆ្នោត​ចំពេល​ដែលមាន​ការអះអាង​ពី​ការលួចបន្លំ​សន្លឹកឆ្នោត​។​

លោក Ameri ដែល​ក្រុម​របស់គាត់​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​កាលពី​ឆ្នាំមុន​បាន​និយាយថា “​នេះ​គឺជា​ការអំពាវនាវ​ដល់​អ្នក​ទាំងអស់​ដែល​យកចិត្តទុកដាក់​ចំពោះ​ផលប្រយោជន៍​ជាតិ​។ យើង​នឹង​បង្កើត​គណៈកម្មាធិការ​ដើ​ម្បី​ពិភាក្សា​គ្រប់​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​ការរៀបចំ​សេចក្តីព្រាង​ក​ម្ម​វិធី​របស់​រដ្ឋាភិបាល​មួយ​”​។​

លោក Sadr ដែលជា​អតីត​មេដឹកនាំ​កងជីវពល​ដែល​ដឹកនាំ​ការបះបោរ​ចំនួន​ពីរ​ប្រឆាំងនឹង​ការឈ្លានពាន​ដឹកនាំ​ដោយ​អាមេរិក​នៅ​អ៊ីរ៉ាក់​គឺ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​របស់លោក​កាន់​តែមាន​ឯករាជ្យ​ពី​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​។​

តាមរយៈ​ការបង្កើត​សម្ព័ន្ធភាព​ជាមួយ​លោក Ameri, ទង្វើ​របស់លោក Sadr បាន​បោះជំហាន​កាន់តែ​ជិត​ក្នុងការ​ទទួលបាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​បង្កើតបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន​អាសនៈ​៣២៩៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684