ព័ត៍មានទាន់​ហេតុការណ៏
Search

សារមន្ទីរ​នៅ​អង្គរ និង​ព្រះរាជវាំង​ចាង​ស៊ូ​វ៉ុ​ន ​ជា​សក្ខីភាព​នៃ​មិត្តភាព​ កម្ពុជា​និង​កូរ៉េខាងជើង

នៅ​កណ្តាល​ក្រុង​អង្គរ​ក្នុង​ខេត្តសៀមរាប សារមន្ទីរ​សព្វទស្សន៍​អង្គរ ​ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា “អង្គរ ប៉ាណូ​រ៉ា​ម៉ា ម្ញូ​ហ្ស៊ា​ម” (Angkor Panorama Museum) ដែល​បាន​បើកទ្វារ ​នៅ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៥ កំពុង​ឈរ​ប​ង្អួ​រ​ខ្លួន​យ៉ាង​សង្ហា ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​​ ដែល​ទៅ​ទស្សនា​នៅ​ទីនោះ​។

​ទន្ទឹមនឹងនេះ អ្វីដែល​ពិសេស​ខុសពី​សារមន្ទីរ​ដទៃទៀត​នោះ គឺ​រូបគំនូរ​ដែល​គេ​ឱ្យ​ឈ្មោះថា​ «​អង្គរ​សម័យ​រុងរឿង​»​ មាន​ទំហំ​១២៣​ម៉ែត្រ​គុណ​នឹង​១៣​ម៉ែត្រ លាតសន្ធឹង​៣៦០​អង្សារ ជុំវិញ​ផ្ទៃ​ជញ្ជាំង​នៃ​សារមន្ទីរ ដែល​បង្ហាញ​នូវ​រូបភាព​ស្រស់ត្រកាល និង​រស់​រវើក នៃ​សម័យអង្គរ​។​

(រូបភាព៖ “អង្គរ ប៉ាណូ​រ៉ា​ម៉ា ម្ញូ​ហ្ស៊ា​ម” Angkor Panorama Museum)

​លើសពីនេះទៅទៀត​នោះ អ្វីដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទស្ស​ចរណ៍​ភាគច្រើន ​មិនបាន​ដឹង​នោះ គឺ​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នេះ​ ត្រូវបាន​សាងសង់​ដោយ​ប្រទេស​កូរ៉េខាងជើង ដែលជា​ការដាក់ទុន​វិនិយោគ​ដ៏​ធំ​មួយ ​របស់​អាស៊ី​បូព៌ា​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ក្រៅ​អំពី​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​ផ្សេងទៀត​។​​

ជាការ​ពិតណាស់ ក្រៅ​អំពី​ស្ថានទូត​របស់​កូរ៉េខាងជើង ​នៅ​រាជធានី​ភ្នំពេញ សារមន្ទីរ​សព្វទស្សន៍​អង្គរ អាច​ធ្វើជា​សក្ខីភាព​នៃ​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​។ ទោះបីជា​យ៉ាងណា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​កូរ៉េខាងជើង មិនមែន​មានតែ​ស្ថានទូត និង​សារមន្ទីរ​នៅ​ក្រុង​អង្គរ​មួយ​នេះឡើយ​។​

(រូបភាព៖ ​រូបគំនូរ​ដែល​គេ​ឱ្យ​ឈ្មោះថា​ «​អង្គរ​សម័យ​រុងរឿង​»)

​នៅ​ចម្ងាយ​ប្រមាណ​ជា​ ​៣៧៨៩ ​គីឡូម៉ែត្រ​​ ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា នៅ​ប្រទេស​កូរ៉េខាងជើង​ឯណោះ​វិញ ព្រះរាជវាំង​ចាង​ស៊ូ​វ៉ុ​ន (Changsuwon Palace) ក៏​កំពុង​ឈរ​បង្អួតរាង​យ៉ាង​សង្ហា នៅ​កណ្តាល​រដ្ឋធានី​ព្យុងយ៉ាង​ផងដែរ​។ ហើយ​អ្វីដែល​សំខាន់បំផុត​នោះគឺ​ ព្រះរាជវាំង​ដែលមាន​៤០​បន្ទប់​នេះ ត្រូវបាន​សេនាប្រមុខ គីម អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា​របស់​មេដឹកនាំ គីម ជុង​អ៊ុន បញ្ជា​ឱ្យ​សាងសង់​ថ្វាយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ នៅក្នុង​ឆ្នាំ​១៩៧៤ ក្នុងខណៈ​ពេលដែល​ព្រះអង្គ​ ទ្រង់​រស់នៅ​និរទេស​ព្រះកាយ​ក្រៅប្រទេស បន្ទាប់ពី​សេនាប្រមុខ លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ពី​តំណែង នៅ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៧០​មក​។​

គួរ​បញ្ជាក់ថា កម្ពុជា​ជា​សម្ព័ន្ធមិត្ត​ចំណាស់​ជាងគេ​មួយ​ របស់​កូរ៉េខាងជើង​ក្នុងចំណោម​រដ្ឋ​មួយចំនួន​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​នោះ ចាប់តាំងពី​ប្រទេស​ទាំងពីរ ​មាន​ទំនាក់ទំនង​ល្អ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ រហូតមកទល់​បច្ចុប្បន្ន​នេះ។

(រូបភាព៖ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហនុ​ នៅព្រះរាជវាំង​ចាង​ស៊ូ​វ៉ុ​ន)

​យោងតាម​សព្វវចនាធិប្បាយ វី​ឃី​ភី​ឌា ប្រទេស​កម្ពុជា​ចាប់ផ្តើម​ចង​ចំណង​ការទូត​ ​ជាមួយ​របប​ដឹកនាំទី​ក្រុង​ព្យុងយ៉ាង ក្នុងអំឡុង​ឆ្នាំ​១៩៦៥ ក្រោយ​ពេលដែល​សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​ស្គាល់​លោក គីម អ៊ី​ល​ស៊ុ​ង ប្រមុខរដ្ឋ​កូរ៉េខាងជើង​នៅពេលនោះ ក្នុងឱកាស​កិច្ចប្រជុំ​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ទីក្រុង​ហ្សា​កាតា ដោយមាន​ការជួយ​ណែនាំ​របស់ លោក ស៊ូ កា​ណូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ផងដែរ​។

​ចាប់តាំងពី​ពេលនោះ​មក ចំណងមិត្តភាព​រវាង​ប្រទេស និង​មេដឹកនាំ​ទាំងពីរ​ កាន់តែ​ប្រសើរឡើង​រហូត​កា្ល​យ​ជា​សម្ព័ន្ធមិត្ត​។

នៅពេលនោះ សម្តេចព្រះ​បរម​រតន​កោដ្ឋ​ ក៏​ធ្លាប់បាន​សន្យា​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង ថា ដរាបណា​ទ្រង់​នៅមាន​ព្រះជន្ម  កម្ពុជា​នឹងមិន​ទទួលស្គាល់​កូរ៉េខាងត្បូង​ឡើយ​។

​ទោះបីជា​យ៉ាងណា នៅក្នុង​ឆ្នាំ ១៩៧០ ក្រោយ​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​សីហនុ របប​សាធារណរដ្ឋ​ខ្មែរ​ របស់​សេនាប្រមុខ លន់ ណុល បានចាប់ផ្តើម​ប្រកាស​ទទួលស្គាល់​កូរ៉េខាងត្បូង​។ ប៉ុន្តែ រយៈពេល​៥​ឆ្នាំ​ក្រោយមក​ ទំនាក់ទំនង​នេះ​ក៏ត្រូវ​កាត់ផ្តាច់​ម្តងទៀត បន្ទាប់ពី​ខ្មែរក្រហម​ឡើង​កាន់អំណាច នៅ​ថ្ងៃទី​១៧​មេសា​ឆ្នាំ​១៩៧៥​។

(រូបភាព៖ លោក គីម អ៊ី​ល​ស៊ុ​ង និង សម្តេចព្រះ នរោត្តម សីហនុ )

​នៅក្នុង​អំឡុង​ពេលនោះ សម្តេច​សីហនុ នៅតែ​អាច​រក្សា​ចំណងមិត្តភាព​ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​បានល្អ ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១ ដោយ​ព្រះអង្គ​ទ្រង់​យាង​ទៅ​ទស្សនកិច្ច ​នៅ​ទីក្រុង​ព្យុងយ៉ាង និង​ស្នាក់នៅ​ព្រះរាជវាំង​ ចាន ​ស៊ូ​វ៉ុ​ន ជា​ញឹកញាប់​។

​យោងតាម​ឯកសារ​ ជា​ភាសា​អង់គ្លេស​មួយ​បានឱ្យដឹងថា សម្តេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​គង់នៅ​ព្រះ​រាជ្យ​ដំណាក់​ នៅ​កូរ៉េខាងជើង​ យ៉ាងហោចណាស់​ពីរ​ខែ​ក្នុង​មួយឆ្នាំ​។

​ទន្ទឹមនឹងនេះ ទោះបីជា​ប្រទេស​កម្ពុជា​ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ ជាមួយ​កូរ៉េខាងត្បូង​ នៅ​ឆ្នាំ​១៩៩៧​ក្តី ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​កូរ៉េខាងជើង នៅ​រឹងមាំ និង​ល្អប្រសើរ​ដដែល​។

​ជាការ​ពិតណាស់ នៅក្នុង​របត់​នយោបាយ​ថ្មី​ របស់​កូរ៉េខាងជើង​នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា សូម​ចូលរួម​ជាមួយ​ប្រជាជាតិ​នានា ​នៅក្នុង​ពិភពលោក ដើម្បី​សម្តែង​នូវ​អំណរ​សាទរ ​យ៉ាង​កក់ក្តៅ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​ នៃ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី កាលពីដើម​សប្តាហ៍​នេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​សង្ឃឹមថា ទំនាក់ទំនង​ការទូត និង​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងជើង នឹង​កាន់តែ​ប្រសើរឡើង និង​កាន់តែ​រឹងមាំ ដូចជា​ព្រះរាជវាំង​ចាង​ស៊ូ​វ៉ុ​ន​ នៅ​រដ្ឋធានី​ព្យុងយ៉ាង និង​សារមន្ទីរ​សព្វទស្សន៍​អង្គរ នៅ​ខេត្តសៀមរាប ដូច្នេះ​ដែរ​៕ (បទ​វិចារណកថា​​ ​ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684