ព័ត៍មានទាន់​ហេតុការណ៏
Search

លីគ​កំពូល​កម្ពុជា ៖​ បញ្ហា​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​របួស គឺ​ហេតុផល​ដែល​ធ្វើ​ឲ្យ​បឹងកេត ក្តៅ​កៅអី​កំពូល​តារាង

ក្រុម​បឹងកេតអែហ្វស៊ី កំពុង​តែ​ឈរ​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន​ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រឹម​សប្ដាហ៍​ទី៩ នេះ ខណៈ​លោក ហៅ សុជាតិ ដែល​ជា​គ្រូ​បង្វឹក​បាន​សម្លឹង​ឃើញ​បញ្ហា​ប្រឈម​របស់​ក្រុម​មួយ​ចំនួន​ដូចជា​ភាព​ខ្លាំងក្លា​របស់​ក្រុម​គូ​ប្រជែង​និង​ក្រុម​របស់​លោក​ផ្ទាល់​ដែល​ធ្វើ​ឱ្យ​ពិបាក​រក្សា​តំណែង​កំពូល​តារាង​មួយ​នេះ។

លោក​គ្រូ​បង្វឹក​កាន់​អាជ្ញា​ប័ណ្ណ AFC B License រូប​នេះ​បាន​បញ្ជាក់​ថា «យើង​មាន​បញ្ហា​ខ្លះៗ​ដែល​ពិបាក​ក្នុង​ការ​រៀបចំ​ក្រុម​ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​អ្នកចាំទី​ដៃទី១ ស៊ូ យ៉ាទី របួស​ជើង​មិន​ទាន់​ជា​នៅ​ឡើយ​ទេ ហើយ​ក្រោយ​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញក្រោន កន្លង​ទៅ​យើង​អាច​នឹង​អវត្តមាន​កីឡាករ​ម្នាក់​ទៀត​គឺ​ខ្សែ​បម្រើ​កណ្ដាល ស៊ុន សុវណ្ណរិទ្ធី ដែល​មាន​បញ្ហា​របួស​ដូចគ្នា។ ម៉្យាង​យើង​ឃើញ​ថា​ក្រុម​ខ្លាំងៗ​មួយ​ចំនួន​ដូចជា ណាហ្គាវើល និង​វិសាខា សុទ្ធ​សឹង​ជា​គូ​ប្រជែង​មិន​អាច​មើល​រំលង​បាន​ក្នុង​ការ​ដណ្តើម​កៅអី​កំពូល​តារាង​ពី​ក្រុម​យើង»។

ក្រុម​បឹងកេត ឆ្លងកាត់​៩ប្រកួត​ដើម​រដូវ​កាល​នេះ​​ឈ្នះ​រហូត​ដល់​៧ប្រកួត និង​ស្មើ​គ្នា​២ប្រកួត​មាន​២៣​ពិន្ទុ​ច្រើន​ជាង​ក្រុម​១២​ផ្សេង​ទៀត ខណៈ​ក្រុម​នេះ​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​បាន​២៦គ្រាប់ និង​របូត​វិញ​១០គ្រាប់។ លោក ហៅ សុជាតិ ត្រូវ​ក្លិប​តែងតាំង​ឲ្យ​ឈរ​ឈ្មោះ​ជា​គ្រូ​បង្វឹក​ស្តីទី​កាល​ពី​រដូវកាល​ឆ្នាំ​២០១៦ កន្លង​ទៅ​ក្រោយ​ការ​ចាកចេញ​របស់​លោក ប្រាក់ សុវណ្ណារ៉ា ខណៈ​លោក​បាន​ចាប់ដៃ​ជាមួយ​លោក កែវ កុសល ដឹកនាំ​ក្រុម​កាល​ពី​ដើម​រដូវកាល​ក៏​ដូចជា​ក្នុង​​យុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2018 ផង​ដែរ។

ក្លិប​បឹងកេត ឡើង​មក​លេង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើង​ឯក​ចំនួន​៣លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរ​ជើង​ឯករង។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផង​ដែរ។ ចំណែក​ពានរង្វាន់​នៅ​ក្រៅ​ស្រុក​វិញ​ក្រុម​​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ចាម មួយ​នេះ​ធ្លាប់​ចេញ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផង​ដែរ។ នៅ​ឆ្នាំ​២០១៨និង​២០១៨ ក្រុម​នេះ​មាន​ឈ្មោះ​ចេញ​ទៅ​លេង​ពានរង្វាន់​លំដាប់​ទី២​ប្រចាំ​ទ្វីប​អាស៊ី AF Cup ផង​ដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ដូចគ្នា។

ងាក​ទៅ​ប្រកួត​បន្ទាប់​នៅ​ចុង​សប្ដាហ៍​នេះ​វិញ​បឹងកេត ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ចំណូល​ថ្មីៗ ដែល​កំពុង​លេចធ្លោ គឺ​វិសាខា  វេលា​ម៉ោង​៣រសៀល​ថ្ងៃ​អាទិត្យ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន ក្នុង​រាជធានី​ភ្នំពេញ។ ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ពិតជា​ចាំបាច់ណាស់​សម្រាប់​ក្រុម​ទាំង​២​ដើម្បី​កើន​ពិន្ទុ​បន្ត​ប្រជែង​កៅអី​គ្នា​នៅ​តំបន់​កំពូល​​តារាង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684