ព័ត៍មានទាន់​ហេតុការណ៏
Search

រកឃើញ​បេក្ខភាព​គ្រប់​ចំនួន​ចូលរួម​ប្រកួត​ដណ្តើមពាន​ជើងឯក​ហ្វូ​ត​សាល​អាស៊ាន​ឆ្នាំនេះ ​ខណៈ​ក្រុម​កំចាយមារ នឹង​តំណាង​ឲ្យ​កម្ពុជា​

ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល​ឆ្នាំ​២០១៧ (​ហ្វូ​ត​សាល​) ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងមាន​ឈ្មោះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ហ្វូ​ត​សាល​តំបន់​អាស៊ាន AFF Futsal Club Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា ខាងមុខ​។

គិត​ត្រឹម​ពេលនេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​រក​ឃើញ​បេក្ខភាព​គ្រប់​ចំនួន​ហើយ​គឺ​៨​ក្រុម ដែល​បាន​បែង​ចែកជា​២​ពូ​ល ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ខណៈ​ក្រុម​SKN FC Kebumen មកពី​ប្រទេស​ឥណ្ឌូណេស៊ី ជា​ក្រុម​រកឃើញ​ចុងក្រោយ​គេ​កាលពីពេល​ថ្មីៗ​។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) កាលពីពេល​ថ្មីៗ​បញ្ជាក់ថា​ ក្រុម​កំចាយមារ​របស់​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ជាមួយ​ក្រុម East Coast Heat FC (​អូស្ត្រាលី​) Arbisyam FC (​ប្រ៊ុយណេ​)​និង MIC (​មី​យ៉ាន់​ម៉ា​)​។ ចំណែក​ពូ​ល B វិញ​មាន​ក្រុម​SKN FC Kebumen របស់​ឥណ្ឌូណេស៊ី​, Bangkok BTS (​ថៃ​), Melaka United (​ម៉ាឡេស៊ី​) និង Sanatech Khanh Hoa (​វៀតណាម​)​។

​ពានរង្វាន់​នេះ​នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ក្រុម​សមាជិក​ទាំង​៨​ក្រុម​នេះ បែង​ចែកចេញជា​២​ពូ​ល​ធ្វើការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​២​ក្រុម​ដែលមាន​ពិន្ទុ​លើ​គេ​នឹងត្រូវ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុននឹង​ប្រជែង​គ្នា​ដណ្ដើម​ជើងឯក​។ តាម​កាលវិភាគ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​របស់​ក្រុម​កំចាយមារ​គឺ ត្រូវ​ប៉ះ​ក្រុម East Coast Heat FC នៅ​ថ្ងៃទី​១៥ កក្កដា ហើយ​នៅ​ថ្ងៃ​បន្ទាប់​ក្រុម​របស់​កម្ពុជា មួយ​នេះ​ត្រូវ​ប៉ះ​ក្រុម MIC និង​នៅ​ថ្ងៃទី​១៧ កក្កដា ក្រុម​កំចាយមារ បន្ត​ប្រកួត​បិទ​ពូ​ល​ជាមួយ​ក្រុម Arbisyam FC​។

លោក ខុន សន្ទនា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​កំចាយមារ បាន​ត្អូញត្អែរ​ពី​ស្ថានភាព​របស់​ក្រុម​ទាំង​ខ្វះ​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ ខ្វះ​សមាជិក​បន្ថែម​មួយចំនួន​។ ប៉ុន្តែ​លោក​នៅ​មាន​គំនិត​វិជ្ជមាន​ថា​កូនក្រុម​នឹង​រៀនសូត្រ​ពី​ការប្រកួត​នៅក្រៅ​ប្រទេស​លើក​នេះ​បាន​ច្រើន ដើម្បី​បន្ត​មក​អភិវឌ្ឍន៍​បាល់ទាត់​នៅ​កម្ពុជា​។ តាមរយៈ​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ក្នុងស្រុក​តែមួយ​មុខ​ប៉ុណ្ណោះ ដែល​លោក​គិតថា​ ជាដើម​ទុន​ពង្រឹង​កម្រិត​លេង​របស់​ក្រុម​មុន​ការប្រកួត​អន្តរជាតិ​មកដល់​។

ចំពោះ​ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើង​ទើបតែ​បាន​៣​លើក​ប៉ុណ្ណោះ គិតពី​ឆ្នាំ​២០១៥ មក​ហើយ​ក្លិប Port FC របស់​ថៃ ជា​ក្រុម​ជើងឯក​ទាំង​៣​លើក​នេះ​។ សម្រាប់​កម្ពុជា វិញ​នេះ​ជា​ឆ្នាំ​ដំបូង​ដែលមាន​បេក្ខភាព​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ក្រោយ​មាន​ចលនា​ប្រកួត​នៅក្នុង​ស្រុកឡើង​វិញ​ គិត​តាំង​ពី​ឆ្នាំ២០១៧​មក៕