ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាប័ន គ​.​ជ​.​ប ៖ សុវត្ថិភាព​របស់​បេក្ខជន និង​គណ​បក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់​ត្រូវបាន​ធានា

ភ្នំពេញ ​៖ លោក ឌុ​ច សុន សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា សុវត្ថិភាព​របស់​បេក្ខជន និង​គណ​បក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់ ​ត្រូវបាន​ធានា ដូច​មានចែង​ក្នុង​ច្បាប់ បទបញ្ជា និង​នីតិវិធី ក្រមសីលធម៌ និង​ផែនការ​អន្តរ​ស្ថាប័ន​រវាង​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​គ​.​ជ​.​ប​។

ការ​បញ្ជាក់​របស់លោក ឌុ​ច សុន បែបនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការបិទ​ផ្សាយ​បញ្ជីរាយនាម​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ផ្លូវការ​តាម​មណ្ឌល​រាជធានី ខេត្ត និង​សិទ្ធិ​ទទួល​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​បេក្ខជន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលសន្និសីទ​សារ​ព័​ត៌មាន គ​.​ជ​.​ប​។

លោក​ឌុ​ច សុន លើក​ឡើង​ថា សិទ្ធិ​ទទួល​បាន​នូវ​ការការពារ​សុវត្ថិភាព​របស់​បេក្ខជន ត្រូវ​ធានា​ចំពោះ​បេក្ខជន​គ្រប់រូប និង​គណ​បក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ទាំងអស់​នូវ​សិទ្ធិ​ទទួលបាន​ការការពារ​សន្តិសុខ និង​សុវត្ថិភាព​ក្នុងសម័យ​បោះឆ្នោត ដូច​មាន​ចែង​ក្នុង​ច្បាប់ បទបញ្ជា និង​នីតិវិធី ក្រមសីលធម៌ និង​ផែនការ​អន្តរ​ស្ថាប័ន​រវាង​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​គ​.​ជ​.​ប។ លើសពី​នេះទៅទៀត​មាត្រា​៣២ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា ជន​គ្រប់រូប​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់ខ្លួន​។ ដូច្នេះ​បេក្ខជន​ម្នាក់ៗ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​។

លោក​បញ្ជាក់​ថា បើសិនជា​បេក្ខជន​ផ្តល់​ភស្តុតាង ឬ​មាន​មូលហេតុ​ច្បាស់លាស់​ថា សន្តិសុខ និង​សុវត្ថិភាព​របស់​ខ្លួន​ត្រូវ​បាន និង​កំពុង​រង​នូវ​ការ​គំរាមកំហែង​នោះ បេក្ខជន​អាច​ប្តឹងទៅ គ​.​ជ​.​ប ជាបន្ទាន់​។

ចំណែក​លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែង​បញ្ជាក់ថា ចំពោះ​ការ​អន្តរាគមន៍​ការពារ​សន្តិសុខ​ដល់​បេក្ខជន​គណបក្ស​នយោបាយ គឺជា​ការងារ​សំខាន់ ដែល គ​.​ជ​.​ប ធ្វើ​តាំង​ពី​ដើម​មក ហើយ​វិធានការ​ការពារ​សុវត្ថិភាព​នេះ ដោយសារតែ​បេក្ខជន​មាន​ច្រើន គឺ​ការពារ​ជា​រួម ពីព្រោះ​ជា​បច្ចេកទេស​ការងារ​រ​បស់​កងកម្លាំង​ការពារ​សន្តិសុខ​បោះឆ្នោត នៅក្នុង​កន្លែង​ដែល​បេក្ខជន​ធ្វើ​សកម្មភាព​ក្នុងករណី ដែល​មាន​ការ​គំរាមកំហែង សូម​ផ្តល់​ព័​ត៌មាន​បន្ទាន់​មក​គណៈកម្មការ​ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត រៀបចំ​ការបោះឆ្នោត ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ចាត់វិធានការ​បន្ទាន់​។

លោក​ទេព នីថា បាន​បញ្ជាក់ដែរ​ថា គណបក្សនយោបាយ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត បើសិនជា​មានការ​គំរាមកំហែង​ទៅលើ​បេក្ខជន​របស់​ខ្លួន ដើម្បី​ចាត់វិធានការ​ទៅលើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684