ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការពារជាតិ​ថា ការ​អំពាវនាវ​ឲ្យ​កងទ័ព​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​របស់​ទណ្ឌិត សម រង្ស៊ី ជាការ​លើកឡើង​ដ៏​ឆ្កួត​លីលា

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនី​យ៏ ឈុំ សុជាតិ បាន​លើក​ឡើង​ថា កងទ័ព​មាន​ទឹកចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​ជាតិ​មាតុភូមិ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ដូច្នេះ​ការអំពាវនាវ​ណាមួយរ​បស់​ទណ្ឌិត សម រង្ស៊ី ឲ្យ​កងទ័ព​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​នោះ គឺជា​ការលើកឡើង​ដ៏​ឆ្កួត​លីលា និង​ជា​ឧបាយកល ញុះញង់​ឲ្យ​មាន​ការបង្ហូរ​ឈាម បំផ្លាញ​សេចក្តី​សុខ និង​សន្តិភាព ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្អប់ខ្ពើម​ប៉ុណ្ណោះ​។

នាយ​ឧ​ត្ត​ម​សេនី​យ៏ ឈុំ សុជាតិ ប្រតិកម្ម​បែបនេះ ជាការ​ឆ្លើយតប​ទៅនឹង​ការ​អំពាវនាវ​ជាថ្មីទៀត​របស់​លោក សម រង្ស៊ី កាលពី​ថ្មីៗ​នេះ ឲ្យ​កងទ័ព​ឈរ​នៅ​ខាង​ប្រជាជន ហើយ​ឲ្យ​ប្រជាជន​ក្រោកឈរ​ឡើង ប្រឆាំង​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អះអាងថា ការ​អំពាវនាវ​របស់​ទណ្ឌិត សម រង្ស៊ី ឲ្យ​កងទ័ព​កម្ពុជា ចូលរួម​ជាមួយ​ក្រុមប្រឆាំង ដែល​ប៉ុនប៉ង​បំផ្លាញ​ការបោះឆ្នោត​នោះ គឺជា​ការ​លើក​ឡើង​ដ៏​ឆ្កួត​លីលា និង​មិនបាន​យល់​ច្បាស់ អំពី​ទឹកចិត្ត និង​ជំហរ​ដ៏​ស្មោះត្រង់​របស់ កងយោធពល​ខេមរភូមិន្ទ​ឡើយ​។

លោក​បញ្ជាក់​ថា “​កងយោធពល​ខេមរភូមិន្ទ មាន​ទឹកចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​ជាតិ​មាតុភូមិ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ព្រមទាំង​គោរព​ដឹងគុណ​ជានិច្ច​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​មគ្គុទេសករ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​រំដោះជាតិ​កម្ពុជា ចេញ​របប​កាប់សម្លាប់ សង្គ្រាម​បង្ហូរឈាម និង​នាំមក​នូវ​សន្តិភាព វឌ្ឍនភាព ការ​សម្បូរ​សប្បាយ ដល់​សព្វថ្ងៃ​”​។

តាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ “​កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុង​ការ​ចូល​រួមការ​ពារ​ដល់​សន្តិភាព ដែល​រកបាន​ដោយ​លំបាក​របស់​កម្ពុជា មិន​ឲ្យ​ក្រុម​អគតិ​ជន​ណាមួយ​មក​បំផ្លាញ​បាន​ឡើយ មិន​ថា​នៅមុន​ការបោះឆ្នោត ពេល​កំពុង​បោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត​នោះទេ​។ កងទ័ព​រក្សា​នូវ​ឧ​ត្ត​ម​គិត​យ៉ាងច្បាស់​លាស់​ណាស់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​គោរព អនុវត្តតាម ព្រះរាជសារ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០១៨ ដែល​មាន​ព្រះរាជ​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​”​។

ជាមួយគ្នា​នោះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ចាត់ទុកថា ការ​អំពាវនាវ​របស់ ទណ្ឌិត សម រង្ស៊ី ដែល​ឲ្យ​កងទ័ព​ចូលរួម​ជាមួយ​ពួកខ្លួន​នោះ គឺជា​ឧបាយកល ញុះញង់​ឲ្យមាន​ការ​បង្ហូរ​ឈាម បំផ្លាញ​សេចក្តីសុខ និង​សន្តិភាព ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​ជាខ្លាំង​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កងទ័ព​កម្ពុជា នឹង​មិន​ចាញ់​ឧបាយកល​អាក្រក់​របស់ ជន​ក្បត់ជាតិ សម រង្ស៊ី នោះឡើយ​។

ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ការអំពាវនាវ​របស់លោក សម រង្ស៊ី ថា​ជា​ក្បាច់​ចុងក្រោយ ហើយ​ថា​ប្រជាពលរដ្ឋ​មិន​ជឿ​តាម​ការ​អំពាវនាវ​រប​ស់​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ទេ​។ លោក​បញ្ជាក់​ថា ដាច់ខាត​គ្មាន​ឡើយ ការ​ងើប​បះបោរ​ណាមួយ​តាម​ការ​អំពាវនាវ​រប​ស់លោក សម រង្ស៊ី ហើយ​លោក សុខ ឥសាន ក៏បាន​ប្រកាស​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ដើម្បី​ឲ្យ​កងទ័ព​ស្វាគមន៍​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684