ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការពារជាតិ ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី និង​អគ្គបញ្ជាការ​កងទ័ព ថ្កោលទោស​ទង្វើ​របស់​អា​មេ​រិ​ក ដែល​ដាក់ទណ្ឌកម្ម​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង

ភ្នំពេញ​ ៖ ក្រសួងការពារជាតិ និង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អគ្គបញ្ជាការ​កងទ័ព នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ព្រម​គ្នា ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក ដែល​បានដាក់​ទណ្ឌកម្ម លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដោយ​បាន​អះអាងថា ទង្វើ​បែបនេះ គឺជា​ការរំលោភច្បាប់​ក​ម្ពុ​ជា ដែលជា​រដ្ឋ​អធិបតេយ្យ​។

ក្រសួងការពារជាតិ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​ការសោកស្តាយ ច្រានចោល និង​ថ្កោលទោស យ៉ាង​ដាច់​អហង្កា​ចំពោះ​ទង្វើ​ដ៏​គគ្លើន​របស់​ក្រសួង​ហិរញ្ញវត្ថុ​នៃ​សហរដ្ឋអាមេរិក ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម ដោយ​បង្កក​ទ្រព្យសម្បត្តិ មកលើ​មន្ត្រីជាន់ខ្ពស់​១​រូប នៃ​កងយោធពល​ខេ​ម​ភូមិន្ទ របស់​ប្រទេស​កម្ពុជា​។ ការសម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ មក​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​បែបនេះ គឺជា​ការរំលោភ​ដល់​ច្បាប់​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ យ៉ាង​អយុត្តិធម៌​ទីបំផុត ហើយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់​។ ការដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​នេះ គឺជា​ការសម្រេច​ដ៏​ល្ងង់ខ្លៅ ធ្វើឡើង​ដោយ​ទំនើងចិត្ត​របស់​សហរដ្ឋ​អាមេរិក ដែល​កម្ពុជា​មិនអាច​ទទួលស្គាល់​បាន​ឡើយ​។

ជាមួយគ្នា​នោះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់ទណ្ឌកម្ម មក​លើ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា ដោយ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ​។

ប្រតិកម្ម​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​នាយកដ្ឋាន​រតនាគារ​អា​មេ​រិ​ក ប្រកាស​នៅ​ថ្ងៃទី​១២ ខែមិថុនា បញ្ចូល​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ទៅក្នុង​បញ្ជីខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្លោ​ប៊​ល ម៉ែ​កនី​ត​ស្គី (GLOBAL MAGNITSKY) ដោយ​សំអាងថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ភ្លាមៗ​ពី​ការប្រកាស​របស់​សហរ​ដ្ឋ​អាមេរិក​នេះ​ដែរ ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ផងដែរ ដោយបាន​លើក​ឡើង​ថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក បាន​ចេញ​នូវ​សេចក្តីសម្រេច​មួយ​ដាក់​ពហិការ​មក​លើ​រូប លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​អង្គរក្ស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សិទ្ធិមនុស្ស ហើយ​អាមេរិក នឹង​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យចូល​ទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ទៀត​។

ខុទ្ទកាល័យ​របស់​សម្តេច​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក​នេះ ដែល​ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន មក​លើ​រូប លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ថែម​ជា​អ្នកប្រតិបត្តិ​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្តន៍​កាតព្វកិច្ច​ដ៏​ថ្លៃថ្នូរ នៅក្នុង​ការ​ការពារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា ដែល​ស្ថានភាព​នេះ​កំពុងតែ​រីកចម្រើន​ជាទី​គាប់ប្រសើរ​។ អ្វី​ដែល​អាមេរិក​ធ្វើ​នេះ គឺជា​ការបំពាន​អធិបតេយ្យ​នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ​។ ហើយ​ម្យ៉ាងទៀត គួរតែ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា ចុះ​ការដែល​កងទ័ព​អាមេរិក​មក​សម្លាប់​ជនជាតិ​កម្ពុជា​រាប់​លាន​នាក់​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​គ្រាប់បែក​នៅតែ​រក​ឃើញរ​ហូត​មកដល់​សព្វ​ថ្ងៃនោះ តើ​នេះ​មិនមែនជា​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​។

​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំងកំរោល ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​។

ទាក់ទង​បញ្ហា​នេះ​ដែរ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខ​មេរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដោយ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684