ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកបើក​រ៉ឺម៉ក​ដឹកឈើ​ពី​កំពង់ធំ​មក​ដាក់​ព្រែក​ព្នៅ​ បុក​បង្កាន់ដៃស្ពាន​ធ្លាក់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

កណ្តាល​ ៖ បុរស​ម្នាក់​បាន​ស្លាប់ ​និង​ម្នាក់ទៀត​ រង​របួស​ធ្ងន់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡើង​ដោយ​ខ្លួនឯង បើក​រ៉ឺម៉ក​ដឹកឈើ​មក​បុក​បង្កាន់ដៃ​ស្ពាន​ព្រែក​ក្តាម​ធ្លាក់​មក​ក្រោម​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨។

ប៉ូលិស​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ក្រុម​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ប៉ូច ចក់ ​អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សត្វល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយ៍ ខេត្តកំពង់ធំ​(​អ្នក​បើកបរ​) និង​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់​ឈ្មោះ ហ៊ាន សាក់ អាយុ​១៩ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា។

តាម​សំដី​របស់​សាក្សី ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ ត្រឡប់​មកពី​ព្រែក​ព្នៅ ទៅផ្ទះ​វិញ ខណៈដែល​បើក​មកដល់​លើ​ស្ពាន ព្រែក​ក្តាម ស្ថិត​ក្នុងភូមិ​ទួល​ងោក ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​បើក​លឿន​ពេក​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តា​ល​ធ្លាក់​មក​ក្រោម​ស្ពាន​បាក់.ក ស្លាប់​អ្នកបើកបរ​រ៉ឺម៉ក​ និង ​អ្នក​រួម​ដំណើរ រង​របួស​ធ្ងន់ ប៉ុន្តែ​ម៉ូតូ​រ៉ឺម៉ក នៅ​លើ​ស្ពាន​មិន​ធ្លាក់​មក​ក្រោម​ទេ​។

​ក្រោយ​កើតហេតុ​ប៉ូលិស បាន​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ចំណែកឯ​សាកសព​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជា​រៀងរាល់ថ្ងៃ​ គេ​តែងតែ​សង្កេតឃើញ​ក្រុម​រ៉ឺម៉ក​ម៉ូតូ​ទាំងនេះ​ប្រហែល​២០​គ្រឿង​ដឹកឈើ​មូលៗ ដឹក​មកពី​ខេត្តកំពង់ធំ​ និង ​កំពង់ស្ពឺ​ បន្តកន្ទុយ​គ្នា​រដឹក​យក​មក​លក់​ឲ្យ​ឈ្មួញ​នៅ​ម្តុំ​ព្រែក​ព្នៅ​ដោយ​មិន​មាន​ការ​បង្ក្រាប​ពី​មន្ត្រី​មេព្រៃ​ឡើយ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684