ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បី​ថា​ភ្នំពេញ​ក្រោ​ន គ្រោង​នាំយក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ធ្លាប់មាន​បទ​សោធន៍​ជោកជាំ​នៅ​ប្រទេស​ថៃ មក​រួម​ក្រុម​ក្នុង​ជើង​ទី​២?

ចុង​សប្ដាហ៍​នេះ​ ក្លិប​ទាំងអស់​ជា​សមាជិក​ថ្មី​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា អាច​ចុះឈ្មោះ​ដោះដូរ​កីឡាករ​ក្នុង​បញ្ជី​របស់​ខ្លួន​បាន​មួយចំនួន​ដើម្បី​ត្រៀម​ប្រកួត​ជើង​ទី​២ ខណៈ​ដំណឹង​លេចឮ​មួយ​បាន​បញ្ជាក់ថា​ ក្រុម​ភ្នំពេញ​ក្រោ​ន ត្រៀម​នាំ​យក​កីឡាករ​បរទេស​ថ្មី​ជនជាតិ​ប្រេ​ស៊ី​ល មក​រួម​ក្រុម ហើយ​កីឡាករ​រូបនេះ​ធ្លាប់​មាន​បទពិសោធន៍​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​។

ប្រភព​មកពី​ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ​បញ្ជាក់​ថា ​កីឡាករ​រូប​នេះ​មាន​ឈ្មោះថា​Valci Júnior មាន​កម្ពស់​១,៩០​ម៉ែត្រ តួនាទី​ជា​ខ្សែប្រយុទ្ធ​។ រូបគេ​ចំណាយពេល​៩​ឆ្នាំ​ជាមួយ​ក្លិប​ចំនួន​១១​នៅ​ប្រទេស​ថៃ គិត​ចាប់តាំងពី​ឆ្នាំ​២០០៩ មក ដែលមាន​ដូចជា ក្លិប​TOT-CAT, Sisaket, TTM Phichit, Tai Port, Nakhon Ratchasima, Rayong, Krabi, Bangkok, Ayutthaya, Udon Thani និង​Samut Sakhon​។ តែ​ចន្លោះ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្លាស់​ទៅលេង​ជាមួយ​ក្លិប Al Nahda Club នៅ​ប្រទេស​អូ​ម៉​ង់ និង​នៅ​ឆ្នាំ ២០១៦​រូបគេ​ប្តូរ​ទៅលេង​ជាមួយ​ក្លិប​លី​គ​លំដាប់​ទី​៣​ប្រទេស​ជប៉ុន គឺ​ក្លិប Gainare Tottori​។

កាយសម្បទា​និង​បទពិសោធន៍​ជោគជាំ​របស់​កីឡាករ​ប្រេ​ស៊ី​ល រូបនេះ គឺ​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​តំបន់​ប្រយុទ្ធ​ដើម្បី​ទម្លាយ​សំណាញ់​ទី​គូប្រកួត​ដែល​ក្រុម​ត្រូវការ​ពិន្ទុ​បន្ថែម​ជា​ចាំបាច់​ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ជាមួយ​ក្រុម​មួយចំនួន​ផ្សេងទៀត​។ ម្យ៉ាង​កីឡាករ​បរទេស​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន មួយចំនួន​កំពុងមាន​បញ្ហា​របួស​ដូចជា​ខ្សែបម្រើ Jorrin John និង​ខ្សែប្រយុទ្ធ Tsotleho JANE ជាដើម​។

យោង​តាម​គោលការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ភ្នំពេញ​ក្រោ​ន បាន​ចុះបញ្ជី​កីឡាករ​បរទេស​ពេញ​បញ្ជី​ហើយដោយ​ក្នុង​នោះ​មាន​ខ្សែប្រយុទ្ធ​កីឡាករ​Jorrin John (​ឈ្មោះ​ហៅ​ក្រៅ​ថា JJ) ជា​ជនជាតិ​អង់គ្លេស កីឡាករ Tsotleho JANE ហៅ​ក្រៅ​ថា​Sunny ខ្សែការពារ Jonny Campbell ជនជាតិ​អាមេរិក ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិ​អ៊ីរ៉ង់ និង​កីឡាករ Atsushi Shirota ជនជាតិ​ជប៉ុន​។

យ៉ាង​ណា​ក្តី​គេ​រង់ចាំ​មើល​ថា ​តើ​ភ្នំពេញ​ក្រោ​ន នឹង​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​មួយណា​ដើម្បី​ដាក់​កីឡាករ Valci Júnior មក​ជំនួស​កន្លែង​ដូច​ពាក្យ​ច​ចាម​អារ៉ាម​ដែរ​ឬ​ទេ​។ យោងតាម​លិខិតផ្លូវការ​ដែល​ចេញ​ដោយ CNCC បាន​បញ្ជាក់​ថា ​ការដោះដូរ​កីឡាករ​ជើង​ទី​២​នេះ​អាច​ធ្វើបាន​លើ​កីឡាករ​កម្ពុជា​៣​រូប និង​កីឡាករ​បរទេស​៣​រូប​។ គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ធ្វើដំណើរ​ដល់​សប្តាហ៍​ទី​៩ ហើយ​ខណៈ​ជុំ​ទី​១​នៃ​រដូវ​កាល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខ​។ តាម​គម្រោងការ​ប្រកួត​ជុំ​ទី​២​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​កីឡាករ​ថ្មីៗ​ដែល​ក្លិប​នីមួយៗ​ជា​សមាជិក​ទាំង១២​ក្រុម​ បាន​ចុះបញ្ជី​លើក​ទី២​ និងចូល​លេងបាន​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684