ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយពេល​បោះឆ្នោត រដ្ឋបាល​រាជធានី​ នឹង​បើក​វគ្គ​បំពាក់បំប៉ន លើ​មុខងារសាធារណៈ

ភ្នំពេញ ​៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សារិន បាន​លើកឡើង​ថា ក្រោយពេល​បោះឆ្នោត រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​វគ្គ​បំពាក់បំប៉ន លើ​មុខងារសាធារណៈ ដើម្បី​ឲ្យ​មន្ត្រី​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​យល់ដឹង អំពី​នីតិវិធី នៃ​មុខងារសាធារណៈ ជាជាង ការអនុវត្ត​ការងារ មិនបាន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​មាន​បញ្ហា។

ការ​លើក​ឡើង​បែបនេះ​ របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លើក​ទី​៤៩ អាណត្តិ​ទី​២ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​និង​ការ​អនុមត័​សេចក្តី​ព្រាង​ការអនុវត្ត​ការងារ​ដែល​បាន​អនុវត្ត និង​សម្រេច​ជា​លទ្ធផល​កន្លងមក ក្នុង​ខែឧសភា ដែលមាន​របៀបវារៈ​ដូចខាងក្រោម ៖
១. ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៩ របស់​ក្រុម​ព្រឹក្សា រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ។ ២. ពិនិត្យ និង​អនុម័ត លើ​សេចក្តី​ព្រៀង​របាយ​ការណ៍ ប្រចាំ​ខែឧសភា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ ៣. ពិនិត្យ និង​អនុម័ត សេចក្តី​ព្រាង ប្រតិទិន​កិច្ចប្រជុំ សាមញ្ញ រយៈពេល​១២​ខែ របស់​ក្រុម​ព្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ ឆ្នាំ​ទី​៥ (២០១៨-២០១៩)។

ក្នុង​នោះ​ទទួល​បាន សំឡេង​គាំទ្រ ១៩ លើ ១៩ ។ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា ក៏បាន​លើកឡើង នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវបាន សម្រេច​ដោះស្រាយ នូវ​បញ្ហា​តាម​បណ្តា​សង្កាត់​នៅក្នុង​រាជធានី​ភ្នំពេញ​មិនទាន់​ធ្វើបាន​ដោយ​រលូន​និង​អសកម្ម​ផងដែរ​។

លោក​កើត ឆែ អភិបាលរង​រាជធានី បាន​លើក​ឡើង​ថា គោលដៅ​ចម្បង​មួយចំនួន​ដែល​រដ្ឋបាល​រាជធានី​ធ្វើ គឺ​រក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​គ្រប់​ប្រភេទ​ ត្រូវ​យកចិត្តទុកដាក់​ការ​ការពារ​ទុកជាមុន​ក្នុង​ការ​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​។ ដោយឡែក សម្រាប់​ផលវិបាក ដទៃ​ទៀត​អាជ្ញាធរ​រាជធានី​នឹង​បន្ត​ដោះស្រាយ​ឲ្យ​កាន់តែ​ល្អ​បន្ត​ទៀត​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684