ព័ត៍មានទាន់​ហេតុការណ៏
Search

ក្របី​មួយ​រថយន្ត​មាន​ចំនួន​ជាង​៤០​ក្បាល​ បម្រុង​លោតឆ័ត្រ ត្រូវ​គយ​ចល័ត​បង្ក្រាប

បន្ទាយមានជ័យ ៖ ​នៅ​ព្រឹក ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​គយ​ចល័ត​​​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​១​ក្រុម ​បាន​ធ្វើ​ការ​ព័ទ្ធ​ស្ទាក់​ចាប់បាន​ក្របី​ចំនួន​ជាង​៤០​ក្បាល​ដឹក​តាម​រថយន្ត​យី​ឌុប​មួយគ្រឿង ក្រោយពី​ដឹក​ចេញពី​បន្ទាត់​ព្រំដែន ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ព្រោះ​បម្រុង​លោតឆ័ត្រ​គ្មាន ឯកសារ​គ្រប់គ្រាន់​ពី​មន្ត្រី​ជំនាញ​នៅ​លើ​ដង ផ្លូវជាតិ​លេខ​៥ មុខ​ទីតាំង​គយ​ចល័ត​របស់​ក្រសួង​ខាងលិច​ស្ពាន​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រី​គយ​ចល័ត​ម្នាក់​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្របី​ទាំងនេះ​ដឹក​តាម​រថយន្ត​យី​ឌុប​ម៉ាក HINO ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0750។ ​ក្របី​ទាំងនេះ​នាំចូល​តាមរយៈ ក្រុមហ៊ុន​មានច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​មិនបាន​ទៅ​កាត់​ពន្ធ​ឆ្លងកាត់​នៅ​ការិយាល័យ​គយ​ច្រក​តំបន់​បឹង​ត្រកួន ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។

បញ្ហា​ខាងលើ​នេះ​ មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​នាំចូល សត្វ​ក្របី​ពី​ថៃ​ដែល​សមត្ថកិច្ច​ជំនាញ​ចាប់​ខាងលើ​បាន​ឡើយ ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។ ម្យ៉ាង​នៅ​ចំណុច​កើតហេតុ​គេ​ឃើញ​មានតែ​អ្នកបើកបរ​រថយន្ត​ដឹក​ក្របី និង​កម្មករ​រួម​ដំណើរ ហើយ​ពេល​សាកសួរ​ពួកគាត់​មិន​និយាយ​ស្តី​ដោយ​គ្រាន់តែ​ប្រាប់ថា​ ពួកគាត់​ធ្វើការ​យក​តែ​ប្រាក់ខែ​មិនដែល​ដឹង​ថា ​សត្វ​ក្របី​ទាំងនេះ​ជា​របស់​ក្រុមហ៊ុន​ឈ្មោះ​អ្វី​ឡើយ ពួកគាត់​ថា សត្វ​ក្របី​ទាំង​នឹង​ដឹក​ទៅដល់​ព្រំដែន​កម្ពុជា-វៀតណាម​ខេត្តស្វាយរៀង​ឯណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684