ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រឡាញ់​ភេទ​ដូចគ្នា​អស់​រយៈពេល​៧​ឆ្នាំ​ ពេល​ម្ដាយ​ខាង​ស្រី​បំបែក​, តួអង្គ​ខាង​ប្រុស​បាន​ត្រឹម​សម្រក់​ទឹកភ្នែក

ភ្នំពេញ ​៖​ ជីវិត​គូស្រករ​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា ​ដោយ​ម្ខាង​ដើរតួ​ជា​ប្រុស​ បាន​វេញ​ចង​ចំណង​ស្នេហ៍​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ពេលនេះ​ត្រូវ​បាន​ឪពុកម្តាយ​ខាង​តួអង្គ​ស្រី​កើតទុក្ខ​មិន​សុខចិត្ត​ ព្រោះ​អាណិត​វាសនា​កូន បាន​សុំ​បំបែក​ដោយ​គ្រាន់តែ​សុំ​យក​កូនស្រី​របស់ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ​ មិន​ចង់​កើត​រឿងរ៉ាវ​វែង​ឆ្ងាយ​នោះ​ឡើយ រហូត​ឈាន​ដល់​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្ដិ៍ បាន​ធ្វើ​ឲ្យ​តួអង្គ​ខាង​ប្រុស​បាន​ត្រឹម​អង្គុយ​សម្រក់​ទឹកភ្នែក​ស្ដាយស្រណោះ​នូវ​អ្វី​ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយគ្នា​ជិត​១០​ឆ្នាំ​មកនេះ។

រឿងរ៉ាវ​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ​២០១៨​ ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្នង់​ សង្កាត់​សំរោងក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ភាគី​ខាង​ដើរ​តួ​ប្រុស​(​ស្រី តែ​តាំងខ្លួន​ធ្វើជា​ប្រុស​) ឈ្មោះ វ៉ា​ត់ សុខន អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ត្រពាំង​ធ្នង់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ឪពុក​ឈ្មោះ វង់ សម្បត្តិ អាយុ​៥៨​ឆ្នាំ មុខរបរ កសិករ មាន ម្តាយ​ឈ្មោះ សៀង ស្រូ​យ អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ខាងលើ មាន​បងប្អូន​៤​នាក់ ប្រុស​១ ស្រី​៣ តួ​អង្គ​ខាងលើ ជា​កូន​ទី​១។ ចំណែក​ភាគី ខាង​ស្រី​ពិតប្រាកដ មានឈ្មោះ ឈាង វី អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ស្តុក ឃុំស្វាយចចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​ មាន​ឪពុក​ឈ្មោះ ម៉ែន ប៉ឹក អាយុ​៥២​ឆ្នាំ មុខរបរ កសិករ មាន​ម្តាយ​ឈ្មោះ សាវ គង់ អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ នាង​មាន​បងប្អូន​៦​នាក់ ប្រុស​ម្នាក់ ស្រី​៥​នាក់ ហើយ​នាង​ជា​កូន​ទី​៣ ក្នុង​គ្រួសារ។

តាម​សម្តី​ភាគី​ខាង​ស្រី​បាន​ឲ្យ​ដឹង​ថា ​គាត់​ស្រឡាញ់​ឈ្មោះ វ៉ា​ត់ សុខន ដោយ​ស្ម័គ្រ​ចិត្ត ទោះជា​គាត់ ធាតុ​ពិតជា​ស្រី​មែន ជ្រើសរើស​យក​ធ្វើជា​ស្វាមី ដោយ​ចិត្ត​នាង ចេះ​ថ្នាក់ថ្នម បីបម​ចិត្ត ជាង​ប្រុស​ពិត​ទៅទៀត ហើយ​គាត់​ស្រឡាញ់​គ្នា​៧​ឆ្នាំ​មក​ហើយ បងប្អូន ក្រុម​គ្រួសារ ឪពុក​ម្តាយ​មិន​ពេញចិត្ត នូវ​ទង្វើ​ស្រី​ស្រឡាញ់​ស្រី​ដូចគ្នា​ដូច​គាត់​នេះ នៅតែ​គាត់​ក្រាញ់​ននៀល​ងុប ស្រឡាញ់​គាត់។

ចំណែក​ភាគី​តួអង្គ​ប្រុស​វិញ បាន​ឲ្យ​ដឹង​ថា ថ្វី​គាត់​ជា​ស្រី​ពិតប្រាកដ​មែន តែ​ការងារ ចរិត​ឫកពា​គាត់​ជា​មនុស្ស​ប្រុស គាត់​ចេះ​យល់ចិត្ត យល់​អារម្មណ៍ ដឹង​ទុក្ខ​ធុរៈ​នាង​ខាងលើ ចាត់ទុកជា​ប្រពន្ធ​របស់​គាត់ ទោះជា​មជ្ឈដ្ឋាន​ជុំវិញ​ពេបជ្រាយ​បែបណា​ក៏​ដោយ គាត់​តាំងចិត្ត​យក​ស្រី​ដូចគ្នា​ធ្វើជា​ប្តី​ប្រពន្ធ ដូច​មនុស្ស​ភេទ​ផ្ទុយគ្នា​ដែរ អស់​រយៈពេល​៧​ឆ្នាំ​ហើយ ដែល​ពួកគាត់ យកគ្នា​ជា​ប្តី​ប្រពន្ធ។

បើ​តាម​សម្ដី​ឪពុកម្តាយ​ខាង​តួ​ប្រុស​វិញ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​មិនដឹង​ទេ​ជា​សិទ្ធិ​របស់​កូន​ធ្វើ​យ៉ាងម៉េច​បើ​និស្ស័យ​កូន​បែបនេះ​ទៅ​ហើយ សូម​តែ​ម្យ៉ាង​កុំ​ឲ្យ​កូន​ដើរ​ខុស​ច្បាប់សង្គម​អ្វី​ជា​បទល្មើស​ពាក់ព័ន្ធ​ផ្លូវច្បាប់​ត្រូវ​ជៀសវាង។ ដោយឡែក​តាម​សម្តី ឪពុកម្តាយ ខាង​តួ​ស្រី​វិញ​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ស្នេហា ជីវិត​កូនស្រី​គាត់​ម្នាក់​នេះ ច្រើន​ឆ្នាំ​មក​ហើយ ក្រោយពី​ដឹង​ថា កូនស្រី​មាន​ស្នេហា ជាមួយ​មនុស្ស​ស្រី​ភេទ​ដូចគ្នា ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍ ស្ទើរ​បែក​ទ្រូង​ទៅ​ហើយ ​ទោះ​ខំព្យាយាម​លួងលោម​អង្វរ​កូន​យ៉ាងណា​ក៏​កូន​មិន​ស្ដាប់។

គាត់​បាន​លើក​ហេតុផល​ថា​ កើតមក​មួយ​ជាតិ​នឹង​គេ​ដែរ​គាត់​ចង់​ឃើញ​កូនស្រី​មាន​ប្តី​គូ​ស្រករ ត្រឹម​ត្រូវ​មាន​កូនចៅ សាង​ត្រកូល ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចេះតែ លួង​ឲ្យ​កូន​ទៅផ្ទះ បែរ​ជា​កូន​មិន​ព្រម មិន​ស្តាប់ ទើប​នៅ​រសៀល​ថ្ងៃទី​១៣​នេះ គាត់​បានសម្រេច​ចាត់វិធានការ​មក​ចាប់​យក​កូន​ឲ្យ​ទៅផ្ទះ​វិញ​ចំពោះ​ភាគី​ម្ខាង​គឺ​គាត់​មិន​ប៉ះពាល់​ឡើយ ​សូម​យក​តែ​កូន​គាត់​វិល​ទៅផ្ទះ​ប៉ុណ្ណោះ។

ភាព​ចម្រូងចម្រាស​ការ​ក្រាញននៀល​របស់​ភាគី​ខាង​តួ​ស្រី ត្រូវបាន​ឪពុកម្តាយ សាច់ញាតិ នាំទៅ​ប៉ុស្តិ៍ប៉ូលិស រាយការណ៍​សុំ​យក​តែ​កូន​វិល​ទៅផ្ទះ​ទេ។ ចំពោះ​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​រឿង​ក្រុម​គ្រួសារ​គាត់​ទេ ​ហើយ​ឪពុកម្តាយ​គេ​យក​តែ​កូន​គេ​ទៅផ្ទះ​វិញ​ មិនមែន​ជា​បទល្មើស​អ្វី​ឡើយ​សុំ​ឲ្យ​និយាយ​គ្នា​តាម​សម្រួល​ទៅ។

ក្រោយពី​ឪពុកម្តាយ​សាច់ញាតិ​ភាគី​ខាង​តួ​ស្រី ចាប់​នាំ​កូន​គេ​វិលត្រឡប់​ទៅផ្ទះ​វិញ ភាគី​ខាង​តួ​ប្រុស​បាន​ត្រឹម​អង្គុយ​សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ​ ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684