ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​នគរបាល​១៦១​នាក់​ មាន​ស្នងការ​រង នាយការិយាល័យ នាយរង​ការិយាល័យ អធិការ អធិការ​រង មេបញ្ជាការ​រង​ វរ​សេនា​តូច​ការពារ​ព្រំដែន

បន្ទាយមានជ័យ ៖ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន​ វិបុល​ អគ្គ​ស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរសក្តិ​និង​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​នគរបាល​ចំនួន​១៦១​នាក់​ ថា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨​ ខាងមុខ​ជិត​ចូល​មកដល់​ កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅពេល​បោះឆ្នោត​និង​មធ្យោបាយ ដើម្បី​ត្រៀម​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្តាប់​ធ្នាប់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ​ ដើម្បី​ការពារ​សន្តិសុខ​ជូន​ពួកគាត់​ឲ្យ​បាន​ល្អ​។

កិច្ចប្រជុំ​នេះ​ មាន​អ្នកចូលរួម​លោក​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អាត់​ ខែម​ ស្នងការ​នគរបាល​ខេត្ត មន្ត្រី​នគរបាល​ជាន់ខ្ពស់ និង​នគរបាល​ចូលរួម​១៣៨នាក់​នៅ​ព្រឹក ថ្ងៃ​ទី​១៣​ខែ មិថុនា ឆ្នាំ​២០១៨ ​នៅ​សាល​ប្រជុំ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន ​វិ​បុល ​មានប្រសាសន៍​ទៀត​ថា ​ដោយ​បាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ នេត្រ ​សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​លោក​បាន​ឲ្យ​កម្លាំង​នគរបាល​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ណែនាំ​ត្រូវ​ប្រឹងប្រែង​កសាង​ខ្លួន បង្កើន​សមត្ថភាព ហ្វឹកហ្វឺន​រៀនសូត្រ ក្នុង​កិច្ច​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ឆន្ទៈ​ស្មោះត្រង់។ និង​កិច្ចការពារ ថែរក្សា​សន្តិសុខ​សណ្តាប់​ក្នុង​ដំណើរការ​បោះឆ្នោត​ខាងមុខ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព សេរី និង​យុត្តិធម៌ គ្មាន​អំពើហិង្សា ក្តាប់​ព័ត៌មាន និង​ទប់ស្កាត់​ការ​ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត ការងារ​ប្រតិបត្តិការ ចាត់ចែង​បែងចែក​ការងារ​តាម​តួនាទី​ភារកិច្ច ចាត់តាំង​ប្រចាំការ ប្រចាំ​បញ្ជា ត្រៀមកម្លាំង​អន្តរាគមន៍​២៤​លើ​២៤​ម៉ោង ការគ្រប់គ្រង​កម្លាំង ប្រើប្រាស់​កម្លាំង​ចុះ​ប្រតិបត្តិការ និង​ការប្រើប្រាស់​មធ្យោបាយ​ទាក់ទង​ផ្សេងៗ ការងារ​មន្ត្រី​នគរបាល​យុត្តិធម៌ ទប់ស្កាត់​បង្ក្រាប​រាល់​មុខសញ្ញា​បទល្មើស​ដែល​កើតមានឡើង​ក្នុងភូមិ​សាស្ត្រ ការងារ​ហ្វឹកហ្វឺន និង​អប់រំ​ចិត្តសាស្ត្រ ការងារ​កសាង​អង្គភាព សាងសង់​ទីកន្លែង​ស្នាក់នៅ កន្លែងធ្វើការ​ងារ ហូបចុក ស្លៀកពាក់ ហាត់ប្រាណ និង​កីឡា ត្រួតពិនិត្យ​មធ្យោបាយ គ្រឿង​បំពាក់ ការ​បំពាក់​អាវុធ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់។ ​នៅ​បញ្ចប់​កម្មវិធី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន​ វិបុល​ បាន​រំលឹក​ដល់​នគរបាល​គ្រប់រូប ត្រូវ​ជួយ​ជំរុញ​សាច់ញាតិ និង​អ្នកជិតខាង​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផង​ដែរ និង​បាន​ធ្វើ​ការប្រកាស​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ​ចំនួន​១៦១​នាក់ និង​បំពាក់​ឋានន្តរស័ក្តិ​ចំនួន​១២០​នាក់​ ដល់​មន្ត្រី​នគរបាល​ផង​ដែរ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684