ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ន សា​ម៉េ​ត សាក​ជាមួយ Phat Ngenthong

អ្នក​ប្រដាល់​ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​អោយ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Phat Ngenthong ក្នុងការ​ប្រកួត​ជាល​ក្ខ​ណៈ​មិត្តភាព​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ២០១៨ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEA-TV។

Phat Ngenthong​នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​នៅ​ស្រុកថៃ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គ​.​ក្រ​នេះដែរ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ ដោយ​វាយ​ឈ្នះ​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ក្នុង​ទឹក​ទី​៣ ឈ្នះ​ឈឿន ឆៃ​ដែន ក្លិប​និរោធ​មានជ័យ ដោយ​ពិន្ទុ ហើយ​គេ​ក៏​ធ្លាប់​វាយ​ចាញ់​សុខ ធី ក្លិប​សៅ​យ៉ាន់​នាគា​ដោយ​ពិន្ទុ ចាញ់​ប៉ោ ភា​រិ​ទ្ធ ក្លិប​ក្រសួងកសិកម្ម ក្នុង​ទឹក​ទី​៣ និង​ក្នុងការ​ឡើងមក​ប្រកួត​លើកចុងក្រោយ​របស់គេ​(០៥​ឧសភា​២០១៨)​នោះ គេ​ឈ្នះ​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក។

ដូច្នេះ ម៉ន សា​ម៉េ​ត មិនអាច​មើលស្រាល​Phat Ngenthong​បានទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ខ្លាំង និង​មាន​ក្បាច់គុន​ល្អ​ផងដែរ ។ យ៉ាងណា សំរាប់​ការប្រកួត​ជាមួយ​Phat Ngenthong​នេះ ម៉ន សា​ម៉េ​ត ត្រូវតែ​ប្រយ័ត្ន​កណ្តាប់ដៃ​របស់គេ ព្រោះថា​កណ្តាប់ដៃ​របស់គេ​រហ័ស លឿន ។

តែ​យ៉ាងណា Phat Ngenthong ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ម៉ន សា​ម៉េ​ត គេ​ក៏​វាយ​ខ្លាំង​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​មិន​ចាញ់​Phat Ngenthong​ទេ​។​

ម៉ន សា​ម៉េ​ត មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១៣៥​លើក ក្នុងនោះ​វាយ​ឈ្នះ​១០០​លើក ចាញ់​៣០​លើក និង​ស្មើ ០៥​លើក​។ ចំណែក Phat Ngenthong គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក និង​មិនដែល​ស្មើ ។ ចាំមើល រវាង​ម៉ន សា​ម៉េ​ត និង​Phat Ngenthong តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​

លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លិប​អាស៊ី​កីឡា បាន​សុំ​ជួប​ទូទាត់​បំណុល​ជាមួយ​ធី​តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។​

ជើងចាស់​ទាំងពីរ​នាក់​នេះ ធ្លាប់បាន​ប៉ះគ្នា​៤​លើក​ហើយ​កន្លងមក ដោយ​សុខ​ខេង​ឈ្នះ​បានតែ​មួយ​លើក​ប៉ុណ្ណោះ ក្នុងការ​ជួបគ្នា​លើកដំបូង ហើយ​ដែល​៣​លើកចុងក្រោយ​សុខ​ខេង ចាញ់​ធី​តុង​ហ៊ី​ទាំង​៣​លើក ។​

ធី តុង​ហ៊ី ថ្វីត្បិតតែ​ចង្កូម​របស់គេ​រាង​រិល​បន្តិច​ហើយ​ក្តី ប៉ុន្តែ​គេ​នៅតែ​អាច​ខាំត្របាក់​គូប្រកួត​ដែល​មើលស្រាល​ចង់​ជួប​ប្រកួត​ជាមួយ​នោះ​។ ដូច្នេះ​សម្រាប់​ការប្រកួត​សងសឹក​របស់​លួ​ន សុខ​ខេង​លើក​នេះ ពុំ​ដឹងថា​សុខ​ខេង​អាច​ត្របាក់​ស៊ី​ធី តុង​ហ៊ី​បាន​ឬ​អត់​នោះទេ ?​។

លួ​ន សុខ​ខេង គេ​មាន​វ័យ​ច្រើន​បន្តិច​ហើយ ម្ល៉ោះហើយ​ផ្លែ​កណ្តាប់ដៃ​និង​ជើង​របស់គេ​មិនជា​រហ័ស​ដូច​មុន​នោះទេ ។ ការប្រកួត​ចុងក្រោយ​របស់​លួ​ន សុខ​ខេង គឺ​វាយ​ចាញ់​ធន់ ដា​រ៉ា អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម​ក្នុង​ទឹក​ទី​៣ កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅ ។

ធី តុង​ហ៊ី​គេ​ក៏​ចាស់វស្សា​ដែរ​ក្នុង​ពិភព​ប្រដាល់ ហើយ​អ្នក​ប្រដាល់​រូបនេះ វាយ​ក៏​រាង​រហ័សរហួន​ជាង​លួ​ន សុខ​ខេង ទៅទៀត​។ ធី តុង​ហ៊ី​មួយ​រយះ​ចុង​ក្រោយនេះ វាយ​រាង​ឡើង​គួរសម​ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ។ ការប្រកួត​ចុងក្រោយ​របស់គេ​(២២​មេសា​២០១៨) មាន​លក្ខ​ណះ​ល្អ​គ្រាន់បើ ដោយបាន​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ន​ន់ ជំនិត ក្លិប​នាគរាជ​មានជ័យ ដោយ​ពិន្ទុ ។

ទោះជា​បែបនេះ​ក៏ដោយ ក៏​ការជួប​ប្រកួត​ជាមួយ​លួ​ន សុខ​ខេង​លើក​នេះ គេ​មិនដឹង ថា​ធី តុង​ហ៊ី អាច​យកឈ្នះ​បាន​ទៀត​ឬ​អត់​នោះទេ​? ។ ប៉ុន្តែ​យ៉ាងណា លួ​ន សុខ​ខេង​ក៏​មិនទាន់​ច្បាស់​ថា​ឈ្នះ​ដែរ ព្រោះ​ឥឡូវនេះ​គេ​អន់​កម្លាំង​ជាង​មុន ។ ចាំមើល តើ​លួ​ន សុខ​ខេង អាច​យកឈ្នះ​ធី តុង​ហ៊ី បាន​ឬ​អត់ ?​សម្រាប់​ជំនួប​សងសឹក​លើក​នេះ​។​

តាំង សីហា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ រវាង​ពួកគេ​ទាំងពីរ​នាក់​នេះ បើ​និយាយ​ពី​ក្បាច់​ប្រដាល់​មិនជា​ស៊ីសង​គ្នា​ប៉ុន្មាន​ទេ តែ​សម្រាប់​ចិត្ត​ប្រដាល់​និង​ទិច​និ​ច​វិញ​នោះ តាំង សីហា​មិន​ដល់​សុខ វិ​រៈ ទេ ។​

តាំង សីហា ប្រកួត​ចុងក្រោយ វាយ​ចាញ់​សុខ សា​វិ​ន ក្លិប​អេ​លី​ត​គុន​ខ្មែរ ក្នុង​ទឹក​ទី​២ ហើយ​ការប្រកួត​ចុងក្រោយ​របស់​សុខ វិ​រៈ គេ​វាយ​ឈ្នះ​មាឃ សុវណ្ណារ៉ា ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​កីឡា ក្នុង​ទឹក​ទី​២ ។ ចាំមើល រវាង​តាំង សីហា និង សុខ វិ​រៈ នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​
​ ​ឡៅ រចនា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684