ព័ត៍មានទាន់​ហេតុការណ៏
Search

ចេង គា ណាត់​ជម្រះបញ្ជី​ជាមួយ​ស៊ូ វ​ណ្ណះ ខ​ណៈ​ឯម សុធី ជួប​ថា​ន់ ប៊ុន​រ៉ុង

​អ្នក​ប្រដាល់​ចេង គា ក្លិប​សាល​វ័​ន្ត​កីឡា បាន​ណាត់​ជម្រះបញ្ជី​ជាមួយ​ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ។ ពួកគេ​ទាំងពីរ​នាក់​នេះ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៦​ ខែមិថុនា​ ឆ្នាំ២០១៨​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

​ចេង គា និង ស៊ូ វ​ណ្ណះ​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​កាលពី​ថ្ងៃទី​២២​មេសា​២០១៨​កន្លងមក ដោយ​ប្រកួត​ស្មើ​ពិន្ទុ​គ្នា​។ ដូច្នេះ ការជួប​ប្រកួត​គ្នា​លើក​នេះ មិនដឹងថា ពីរ​នាក់​នេះ​នរណា​ជា​អ្នកឈ្នះ នរណា​ចាញ់​ឬក៏​ស្មើគ្នា​ទៀត​នោះឡើយ ។​

ចេង គា​ជា​អ្នក​ប្រដាល់​ដែល​មិនមាន​ឈ្មោះ​ល្បី​អី​ទេ តែ​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា ម្នាក់​ដែលមាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​មាន​កណ្តាប់ដៃ​ល្អ ហើយ​សំខាន់​ជាងនេះទៀត គឺមាន​ចិត្ត​ប្រដាល់​ធំ និង​ស៊ូ​ចំពោះ​ការប្រកួត ។​

ស៊ូ វ​ណ្ណះ ជា​អ្នក​ប្រដាល់​មិន​ល្បីឈ្មោះ​ដូចគ្នា តែ​គេ​ក៏​ស៊ូ​នឹង​ការប្រកួត​ដែរ​។ វ​ណ្ណះ គេ​មាន​ស្នៀត​ជើង​ទាត់​ល្អ​និង​ខ្លាំង ហើយ​កណ្តាប់ដៃ​របស់គេ ក៏​ល្អ​ដែរ ។ វ​ណ្ណះ ប្រកួត​ចុងក្រោយ​នេះ គឺ​វាយ​ស្មើ​ជាមួយ​ជើងចាស់ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ កាលពី​ថ្ងៃទី​០៣​មិថុនា​២០១៨ ។​

រីឯ ការប្រកួត​ចុងក្រោយ​របស់​ចេង គា វិញ គឺ​វាយ​អ្នក​ប្រដាល់​បារាំង​Duverly ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៥​ឧសភា​២០១៨ ។ ចាំមើល ចេង គា អាច​យកឈ្នះ​ស៊ូ វ​ណ្ណះ បាន​ឬ​អត់ សម្រាប់​ជំនួប​គ្នា​លើក​ទី​២​នេះ ?​។​

ចំណែក អ្នក​ប្រដាល់​ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​ថា​ន់ ប៊ុន​រ៉ុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។​ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ។​

ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ បើ​និយាយ​ពី​បច្ចេកទេស​និង​ល្បិចកល​ប្រកួត ពួកគេ​ទាំងពីរ​មាន​ដូចគ្នា គ្រាន់តែ​សុធី​គេ​ជា​ជើងចាស់ ហើយ​ប៊ុន​រ៉ុង ជា​ជើង​ថ្មី​ស្រករ​ក្រោយ ។​

ថា​ន់ ប៊ុន​រ៉ុង គេ​ឡើង​រេញ​បាន​ប្រមាណ​ជាង​២០​លើក​ប៉ុណ្ណោះ។ តែ​គេ​ជា​អ្នក​ប្រដាល់​ម្នាក់ ដែលមាន​ចិត្តធំ ហ៊ាន​ប្តូរ​ដើម្បី​ជ័យជំនះ បើ​និយាយ​ពី​ស្នៀតគុន គឺ​គេ​វាយ​មាន​ផ្លែ​ល្អ ជាង​សុធី​ទៅទៀត។ ការប្រកួត​ចុងក្រោយ​នេះ ប៊ុន​រ៉ុង វាយ​ឈ្នះ​ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៣​មិថុនា​២០១៨។​

ឯម សុធី ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដោយ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ ។ តែ​ពីរ​ប្រកួត​ចុងក្រោយ​នេះ ឯម សុធី​វាយ​ចាញ់​ទាំងពីរ​ប្រកួត ។ សុធី ការប្រកួត​ចុងក្រោយ​នេះ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ស្រករ​ក្រោយ​លន​បញ្ញា​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០២​មិថុនា​កន្លងមកនេះ​។ ចាំមើល ការជួប​រវាង ឯម សុធី និង ថា​ន់ ប៊ុន​រ៉ុង នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ​? ។​

ជី ឆាយ​លី អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ម៉ន វ​ណ្ណី​អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។ ជី ឆាយ​លី មិនដឹងថា​មានសំណាង​ឈ្នះ​ម៉ន វ​ណ្ណី បាន​ឬ​អត់​នោះទេ នៅក្នុង​ការជួបគ្នា​លើកដំបូង​នេះ ? ។​

រវាង​ជី ឆាយ​លី និង ម៉ន វ​ណ្ណី​នេះ ពីមុនមក​ពុំដែល​ប៉ះគ្នា​នោះទេ។ និយាយ​រួម ជី ឆាយ​លី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ម៉ន វ​ណ្ណី។ ឆាយ​លី គេ​គ្រាន់តែ​មានចិត្ត​ប្រដាល់​ធំ និង​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ ។

ចំពោះ ម៉ន វ​ណ្ណី វិញ​នោះ គេ​មាន​ភាពរហ័សរហួន ស្នៀតគុន​គេ​ក៏មាន​លក្ខ​ណៈ​ល្អប្រសើរ​ដែរ។ អ្វី​ដែលជា​ចំណុចខ្សោយ​របស់​វ​ណ្ណី គឺ​ការការពារ​របស់គេ​មិនសូវ​ល្អ។​ ជា​ទម្លាប់​របស់គេ​នោះ ម៉ន វ​ណ្ណី​វាយ​តែ​ពីរ​ឬ​បី​ទឹក​ដំបូង​ប៉ុណ្ណោះ បើ​អាច​ផ្តួល​ដៃគូ​បាន​គេ​ផ្តួល​ហើយ តែ​មិន​បី​ទឹក​វាយ​គេ​មិន​ដួល​ទេនោះ គឺ​ច្បាស់​ជា​ចាញ់​គេ​វិញ​ហើយ ។

ទោះជា​យ៉ាងណា រវាង​ជី ឆាយ​លី និង ម៉ន វ​ណ្ណី ជួប​ប្រកួត​គ្នា​នេះ ពុំ​ដឹងថា នរណា​ជា​អ្នកទទួលបាន​ជ័យជម្នះ​នោះឡើយ ? ។​ម៉ន វ​ណ្ណី ប្រកួត​ចុងក្រោយ​នេះ វាយ​ស្មើ​ជាមួយ​រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ ហើយ​ការប្រកួត​ចុងក្រោយ​របស់​ជី ឆាយ​លី វិញ គឺ​ប្រកួត​ឈ្នះ​គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ។​

កែវ រំ​ជោ​ត អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​កីឡា​ខេត្តបាត់ដំបង នឹង​ឡើង​ប្រកួត​ជាមួយ​សំខាន់ ប៉ាវ​ចិន អ្នក​ប្រដាល់​មកពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ចាំមើល រវាង​កែវ រំ​ជោ​ត និង សំខាន់ ប៉ាវ​ចិន​នេះ តើន​រណា​ជា​អ្នកឈ្នះ​សម្រាប់​ការជួបគ្នា​លើក​ទី​១​នេះ ? ៕