ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​សម្រេច​បាន​ផែនការ​ប្រយុទ្ធ​ប្រឆាំង​ពលកម្ម​ធ្ងន់ធ្ងរ​លើ​កុមារ​គួរ​ជាទី​មោទនៈ

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន អះអាងថា កម្ពុជា​សម្រេចបាន​ផែនការ​ប្រយុទ្ធប្រឆាំង​ពលកម្ម​ធ្ងន់ធ្ងរ​លើ​កុមារ​គួរ​ជាទី​មោទនៈ​ បើទោះបីជា​មិនទាន់​បានបញ្ចប់​ទាំងស្រុង​ក៏ដោយ​។​

លោកស្រី ស៊ើ​ង សរ​សុចិត្តា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា មាន​កុមារ​ប្រមាណ​ជិត​៣​ម៉ឺន​នាក់ ត្រូវបាន​ដកហូត​ពី​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ និង​ការកេងប្រវ័ញ្ច​គ្រប់​ប្រភេទ​នៅក្នុង​អាណត្តិ​ទី​៥​នេះ។​

ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​១៧ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា​២០១៨ នា​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោកស្រី ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់ថា កុមារ​ដែល​ត្រូវបាន​ដកហូត​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​ឱ្យទទួល​ការអប់រំ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ធ្វើ​សមាហរណកម្ម​ទៅកាន់​សង្គមជាតិ​វិញ​។

លោកស្រី បាន​បញ្ជាក់ថា ក្រុមការងារ​អធិការកិច្ច បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​សិប្បកម្ម​ឡឥដ្ឋ​ចំនួន​៣៧៩ ដោយ​ពុំ​ឃើញ​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ការប្រើប្រាស់​ពលកម្ម​កុមារ និង​ពុំមាន​ករណី​ប្រើប្រាស់​ការងារ​ដោយ​បង្ខំ ឬ​ការងារ​ដោះ​បំណុល​នោះ​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី លោកជំទាវ បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​សហការគ្នា​ចូលរួម​ទប់ស្កាត់​រាល់​ករណី​រំលោភបំពាន​លើ​កុមារ​គ្រប់​ទម្រង់ ជាពិសេស​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ កុមារ​ធ្វើការ​លើ​ទូក​នេសាទ កុមារ​ធ្វើការ​ឡឥដ្ឋ ការជួញដូរ​កុមារ និង​កុមារ​ធ្វើការ​នៅតាម​រោងចក្រ​សហគ្រាស​ផ្សេងទៀត​។

ជាមួយគ្នានេះដែរ លោកស្រី​ក៏បាន ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សហការគ្នា ដើម្បី​ធានា​សុវត្ថិភាព​ការងារ​សម្រាប់​កម្មករ​និយោជិត​វ័យក្មេង និង​អំពាវនាវ​ឱ្យ​សាធារណជន​ជួយ​រាយការណ៍​អំពី​ករណី​ពលកម្ម​កុមារ​នៅ​កន្លែងធ្វើការ​។​

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញថា ចំនួន​ពលកម្ម​កុមារ នៅក្នុង​វិស័យ​សេដ្ឋកិច្ច​មិន​រៀបរយ បាន​ធ្លាក់ចុះ​ពី​ចំនួន​៧៦​ករណី ក្នុង​ឆ្នាំ​២០១៣ មក​នៅត្រឹម​១​ករណី គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ​។ ទន្ទឹមគ្នា​នេះ ពលកម្ម​កុមារ​ធ្វើ​ការងារ​ក្នុង​ពលកម្ម​ធ្ងន់ធ្ងរ​បំផុត ក៏បាន​ថយចុះ​គួរឱ្យកត់សម្គាល់​ផងដែរ​។​
​តាមរយៈ​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចូលរួម​អបអរ​ខួប​លើក​ទី​៦៩ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ខួប​លើក​ទី​១៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា​២០១៨ បាន​ជំរុញ​ឱ្យ​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​រងគ្រោះ​ផ្នែក​សុខភាព​សម្រាប់​កម្មក​រ​និយោជិត​វ័យក្មេង និង​លុបបំបាត់​ពលកម្ម​កុមារ ដើម្បីឱ្យ​កុមារ​គ្រប់រូប​ទទួលបាន​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ បញ្ញា ស្មារតី និង​ការអប់រំ​រៀនសូត្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684