ព័ត៍មានទាន់​ហេតុការណ៏
Search

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​រៀបចំ​វេទិកា​ជ្រើសរើស​ការងារ​ចំនួន​១,០៧៤​កន្លែង

ភ្នំពេញ ​៖​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានរៀបចំ​វេទិកា​ការងារ​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​ ដោយ​នាំ​យក​ឱកាស​ការងារ​ប្រមាណ ១,០៧៤​កន្លែង ទៅតាម​មុខតំណែង​ផ្សេងៗ​គ្នា ពី​បណ្តា​​ក្រុមហ៊ុន​ចំនួន​១០។

ក្រុមហ៊ុន​ចំនួន​១០​ ដែល​ត្រូវការ​ជ្រើសរើស​បុគ្គលិក​រួមមាន​ក្រុមហ៊ុន អាកាសចរណ៍​កម្ពុជា​, ធនាគារ FTB, ក្រុមហ៊ុន​គង់ នួន​គ្រុប ,​ផ្សារ​ទំនើប​ឡាក់​គី​, មីក្រូហិរញ្ញវត្ថុ Vision Fund ,​ក្រុមហ៊ុន FGB Group ,​ក្រុមហ៊ុន KOI, ក្រុមហ៊ុន ICE Electric, ក្រុមហ៊ុន Speed Wind និង​ក្រុមហ៊ុន Master Supki soup។

លោក ចាប់ មករា HR Manager ក្រុមហ៊ុន Master Suki Soup បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២ ដែល​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​នឹង NEA ក្នុង​វេទិកា​សម្ភាសន៍​ការងារ​។ លោក​មើល​ឃើញ​ថា ​សេវា​របស់ NEA ជួយ​ស្វែងរក​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ពិតជា​ល្អ​មែន ដោយ​បាន​ចូលរួម​កាត់បន្ថយ​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​។ លោក​បាន​បន្តទៀតថា នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​របស់ លោក​មាន​បុគ្គលិក​សរុប​ប្រមាណ​៨០០​នាក់ កាលពី​លើក​ទី​១​កន្លងទៅ​ក្រុមហ៊ុន​បាន​ទទួល​បេក្ខជន​ជាប់​ការងារ​តាមរយៈ​វេទិកា នេះ​បាន​ចំនួន​១៩​នាក់​។​

លោក មករា បាន​បញ្ជាក់ថា មូលហេតុ​ដែល​ក្រុមហ៊ុន​សហការ​ជាមួយ NEA ដោយសារតែ NEA មាន​បណ្តាញ​ច្រើន​ហើយ​ជា​ស្ថាប័នរដ្ឋ លើសពីនេះ​ទៀត​គឺជា​ឱកាស​ដែល​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ពី ឈ្មោះ​របស់​ក្រុមហ៊ុន ឲ្យ​គេ​បាន​ស្គាល់​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។​

លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ NEA ដែល​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន ក្នុង​ការ​សម្របសម្រួល និង​ផ្តល់​ទីតាំង​ដល់​ក្រុមហ៊ុន​របស់​លោក ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ក្នុងការ​រៀបចំ​វេទិកា​ការងារ​ជា​រៀងរាល់ខែ។

លោក អាំង ភារៈ ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា កិច្ច​សម្ភាសន៍​ការងារ​នេះ​ បានរួម​ចំណែក​ជួយ​ដល់​និយោជក ដែល​កំពុង​មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក ឲ្យ​បាន​ជួប​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ផ្ទាល់​តែម្តង​។

លោក ភារៈ បន្ថែមទៀតថា ​កម្មវិធី​នេះ បានផ្ដល់​ឱកាស​ដល់​សាធារណជន ក៏ដូចជា​យុវជន​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ តាមរយៈ​ស្ថាប័នរដ្ឋ​ដោយ​មិន​ពិបាក​ដើរ​ស្វែងរក​ការងារ ឬ​ចំណាយពេល​ធ្វើដំណើរ​ទៅ​ដាក់ CVs នៅតាម​បណ្តា​ក្រុមហ៊ុន​នោះទេ ចំពោះ​អ្នក​ដែលមាន​ការងារ​ធ្វើ​ហើយ តែ​ចង់​ផ្លាស់ប្ដូរ​ការងារ​ក៏​អាច ចូលរួមបាន​ផងដែរ​។​

«​វេទិកា​ការងារ​«​គឺជា​ផ្នែក​មួយ​នៃ​យន្តការ​ការងារ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្ដល់ឱកាស​ដ​ល់​សាធារណជន ជាពិសេស​យុវជន ដែល​ចង់​ស្វែង​ការងារ​ធ្វើ ឬ​អ្នក​ចង់​ផ្លាស់ប្ដូរ​ការងារ អាច​ទទួល​បាន​ការងារ​​កាន់តែ​ងាយស្រួល​ចំណេញ​ពេលវេលា និង​នៅ​មួយ​កន្លែង​។ វេទិកា​សម្ភាសន៍​ការងារ​នេះ បាន​រួម​ចំណែក​ជួយ​ព​ន្លឿ​ន​ដំណើរការ​ជ្រើសរើស​បុគ្គលិក​របស់​និយោជក ឲ្យ​បាន​ជួប និង​បាន​សម្ភាសន៍​ផ្ទាល់ ជាមួយ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។​

លោក ចាប់ មករា បាន​ឲ្យ​ដឹងថា​ សម្រាប់​បេក្ខជន ដែលមាន​បំណង​ចង់​ទទួលបាន​ការងារ​ជាមួយ​ក្រុមហ៊ុន​របស់លោក ត្រូវ​រៀបចំខ្លួន​ឲ្យ​បាន​សមរម្យ រៀបចំ​ប្រវត្តិរូប​ឲ្យ​បាន​ត្រឹមត្រូវ (CV) គោរព​ពេលវេលា អាចធ្វើ​ការងារ​ចុង​សប្តាហ៍​បាន អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ដើម្បី​ទំនាក់ទំនង​បន្តិចបន្តួច​បាន​។ លោក​បាន​បន្ថែមទៀតថា វេទិកា​ថ្ងៃទី​១៤​នេះ ចូល​សម្ភាស​ភ្លាម​បេក្ខជន នឹង​ដឹង​លទ្ធផល​ជាប់​ឬ​ធ្លាក់​ភ្លាមៗ តែម្តង​។​

គួរ​បញ្ជាក់ថា​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១៦ ៧៨៦៦៥៥ ឬ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ដោយ​ងាយស្រួល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684