ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្ដីរាយការណ៍ ​៖ ​ជប៉ុន​កំពុង​ធ្វើការ​ដើម្បី​រៀបចំ​កិច្ចពិភាក្សា អា​បេ​-​គីម

ប្រទេស​ជប៉ុន​កំពុងធ្វើការ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​មួយ​រវាង​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ និង​លោក គីម ជុង​អ៊ុន បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​និយាយថា លោក​បើកចំហ​​ចំពោះ​កិច្ចពិភាក្សា​។​

កាសែត Sankei Shimbun បាន​ចុះផ្សាយ​ថា លោក​គីម​បាន​ពិភាក្សា​អំពី​លទ្ធភាព​នេះ​ក្នុង​កិច្ចចរចា​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។​

កាសែត Sankei បាន​រាយការណ៍​ថា “​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក ត្រាំ​, លោក​គីម​បាន​ប្រាប់​លោក ត្រាំ ថា ខ្ញុំ​អាច​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ​”​។​

ប្រទេស​ជប៉ុន​ចង់បាន​កិច្ចពិភាក្សា​ដើម្បី​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចាប់ពង្រត់​ដោយ​កូរ៉េខាងជើង​កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ដែល​ត្រូវបាន​គេ​មើលឃើញថា​មាន​ចលនា​តិចតួច​ថ្វីបើ​មាន​ការវិវត្ត​ផ្នែក​ការទូត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក៏ដោយ​។​

កាសែត Yomiuri Shimbun បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​រាជរដ្ឋាភិបាល​កំពុង​ថ្លឹងថ្លែង​នូវ​សេណា​រី​យ៉ូ​មួយចំនួន​រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អា​បេ​ទៅ​ក្រុង​ព្យុងយ៉ាង​នៅ​ខែសីហា​ផងដែរ​។​

កាសែត​នេះ​បាន​រាយការណ៍​ទៀតថា សេណា​រី​យ៉ូ​មួយ​ផ្សេងទៀត​គឺ​លោក អា​បេ នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន នៅក្រៅ​សន្និសីទ​មួយ​ក្នុងប្រទេស​រុស្ស៊ី​នៅ​ខែកញ្ញា​។​

បណ្តាញ​ព័ត៌មាន​ជប៉ុន​ជាច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​គីម​បានបង្ហាញ​ពី​ការត្រៀមខ្លួន​ដើម្បី​ជួប​លោក​អា​បេ​នៅពេលដែល​គាត់​បានធ្វើ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពីដើម​សប្តាហ៍​នេះ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​។ ហើយ​លោក​អា​បេ​បាន​និយាយ​ជា​សាធារណៈ​ថា លោក​នឹង​ជួប​ជាមួយ​លោក​គីម​ដើម្បី​ដោះស្រាយ​បញ្ហា​ចាប់ពង្រត់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា មន្ត្រី​ក្រសួងការបរទេស​ជប៉ុន​គ្រោង​នឹង​ចរចា​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ក្នុង​សន្និសីទ​សន្តិសុខ​អន្តរជាតិ​មួយ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​នា​សប្តាហ៍​នេះ​ខណៈដែល​ពួកគេ​ព្យាយាម​ពង្រឹង​ផែនការ​។​

កាសែត Yomiuri បាន​ចុះផ្សាយ​ថា “​ប្រសិនបើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អា​បេ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ខែសីហា​បានបង្ហាញ​ពី​ផល​លំបាក​នោះ គាត់​អាច​ជជែក​ជាមួយ​លោក​គីម​នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាងកើត​ក្នុង​ទីក្រុង Vladivostok នៃ​ប្រទេស​រុស្ស៊ី​នៅ​ខែកញ្ញា​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជាន់ខ្ពស់​លោក Yoshihide Suga បាន​បដិសេធ​បញ្ជាក់​ពី​របាយការណ៍​នេះហើយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “​គ្មានអ្វី​ត្រូវបាន​សម្រេច​ទេ​នៅពេលនេះ​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684