ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ បាន​ស្លាប់​យ៉ាង​រន្ធត់​ ដោយសារ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ពេញ​ទំហឹង

កែប​​ ៖​ បុរស​ម្នាក់ ​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ បើក​បំបុក​ចំ​ពីមុខ​ពេញទំហឹង ​បណ្ដាល​ឲ្យ​កៀប​ម៉ូតូ​ និង​មនុស្ស​នឹង​ក្បាល​រថយន្ត ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់​នៅ​កន្លែង​កើតហេតុ។

គ្រោះថ្នាក់ ​គួរ​ឲ្យ​ស្រៀវសាច់​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៤​ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​សាលាសង្កាត់​ព្រៃធំ ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ​ក្រុង​កែប ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

ប្រភព​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុនពេល​ជួប​ករណី​ដ៏​រន្ធត់​នេះ​ គេ​ឃើញ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ ម៉ាក​សេ​១២៥​ក្នុង​ទិសដៅ​ពី​លិច​​ទៅ​កើត ​ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ ស្រាប់​តែ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយ​គ្រឿង​ បោះពួយ​មកពី​កើត​ទៅ​លិច​ក្នុង​ទិសដៅ​ផ្ទុយគ្នា ហើយ​រថយន្ត​ក៏បាន​រេ​ចង្កូត​មក​ចំណែក​ផ្លូវ​ម៉ូតូ​ រួច​បុក​ពេញទំហឹង បណ្តាល​ឲ្យ​កៀប​មនុស្ស​និង​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ផ្នែក​ខាងមុខ​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​មួយ​រំពេច ទើប​រថយន្ត​ទៅមុខ​លែង​រួច ហើយ​អ្នកបើកបរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​គេច​ចេញ​ពី​ការ​ប្រមាញ់​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ខាង​លើ​នេះ បង្កឡើង​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើកបរ​មានការ​ធ្វេសប្រហែស ពោល​គឺ​បោះពួយ​ទៅ​បុក​ម៉ូតូ​ទាំង​កំរោល​តែម្តង។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា រថយន្ត​បង្កហេតុ​ម៉ាក​Hino​ពណ៌​ស ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8873 អ្នកបើកបរ​ឈ្មោះ ធាន សុភាព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំរៀង ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​បាត់​បង់ជីវិត​ឈ្មោះ ឃួន សុខុន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ក្នុង​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក C125​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពត 1L-0626។

បច្ចុប្បន្ន​សព​បុរស​រងគ្រោះ ​ត្រូវបាន​ក្រុមគ្រួសារ​នាំយក​មកកាន់​លំនៅដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​រួម​នឹង​អ្នកបើកបរ​រថយន្ត​បង្ក សមត្ថកិច្ច​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុងកែប​ដើម្បី​អនុវត្តតាម​នីតិវិធី៕


​​