ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​បង្កក​ទ្រព្យសម្បត្តិ​ ប្រធាន​អង្គរក្ស​សម្តេច​តេ​ជោ ​ដោយ​សហរដ្ឋអាមេរិក​ ជា​ទង្វើ​អយុត្តិធម៌​បំផុត​

កាសែត​កម្ពុ​ជាថ្មី មាន​សេចក្តីសោកស្តាយ​ក្រៃលែង​ ដែល​ក្រសួងរ​តនាគារ​សហរដ្ឋ​អាមេរិក ​បានចេញ​សេចក្តីប្រកាស​បង្ក​ទ្រព្យសម្បត្តិ ​របស់លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ប្រធាន​អង្គ​រក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា​ លោក​ ​«​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើពុករលួយ​»​ ស្អី​គេ​នោះ​។​

​គួរ​បញ្ជាក់ថា ក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​រតនាគារ​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃទី​១២​ខែ​មី​ថុ​នា​ឆ្នាំ​២០១៨​នេះ​ បាន​លើកឡើងថា លោក ហ៊ីង ប៊ុន​ហៀ​ង បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​បញ្ជា ​ឱ្យ​អង្គរក្ស​វាយប្រហារ​ជាច្រើន ​ទៅលើ​ប្រជាជន​កម្ពុជា ដែល​មិនមាន​អាវុធ​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក រួមទាំង​ការបង្ក្រាប​បាតុករ​នៅ​វត្តភ្នំ នៅ​ឆ្នាំ​២០១៣ និង នៅមុខ​រដ្ឋសភា នៅ​ឆ្នាំ​២០១៥​ផងដែរ​។​

​សេចក្តីប្រកាស​នោះ​និយាយថា កាលពី​ឆ្នាំ​២០១៥ មាន​អង្គរក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ​តែ​បីនាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​បញ្ជូនទៅ​ដាក់ពន្ធនាគារ បន្ទាប់ពី​ពួកគេ​បាន​សារភាពថា បាន​ចូលរួម​ក្នុងការ​វាយប្រហារ ​លើស​មា​ជិ​ក​សភា ​អតីត​គណបក្សប្រឆាំង​នោះ​។

​សេចក្តីប្រកាស​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក បាន​អះអាងថា ​ការដាក់ទណ្ឌកម្ម​នេះ ដោយ​ផ្អែកលើ​ច្បាប់​សិទ្ធិមនុស្ស​ហ្គូ​ប៊​ល ម៉ា​ញី​ត​ស្គី ​(Global Magnitsky) ស្អី​គេ​នោះ ដែល​គេ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៦ ដែល​អនុញ្ញាតឱ្យ​សហរដ្ឋអាមេរិក ​ដាក់ទណ្ឌកម្ម​លើ​ជន​ណា ​ដែល​ប្រព្រឹត្ត​អំ​ពោះ​ពុករលួយ និង​រំលោភ​សិទ្ធិមនុស្ស​។​

​ជាការ​ពិតណាស់ ក្នុងនាម​ជា​ប្រធាន​អង្គរក្ស​ សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង មានតែ​ធ្វើ​អ្វីៗ ​ទៅតាម​ច្បាប់​កំណត់ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ របស់​សម្តេច​តេ​ជោ​តែប៉ុណ្ណោះ​។ ប្រសិន​ប្រធាន​អង្គរក្ស​របស់​សម្តេច​រូបនេះ ហ៊ាន​ធ្វើ​អ្វីដែល​ល្មើសច្បាប់ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​សម្តេច​តេ​ជោ​ផ្ទាល់​ ប្រាកដជា​បញ្ឈប់​តួនាទី ឬ​ដាក់ទោស​ដល់​លោកជា​មិន​ខាន ដោយ​មិនចាំបាច់​ឱ្យ​សហរដ្ឋអាមេរិក មក​ឈឺឆ្អាល​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​ ​របស់​ប្រទេស​កម្ពុជា​នោះទេ​។​

​កាសែត​កម្ពុ​ជាថ្មី យល់ថា​ ​សហរដ្ឋអាមេរិក​គួរតែ មាន​ភាពយុត្តិធម៌​ចំពោះ​បណ្តា​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​កម្ពុជា ក្នុងការ​អនុវត្ត​ច្បាប់​ សិទ្ធិមនុស្ស​ហ្គូ​ប៊​ល ម៉ា​ញី​ត​ស្គី ស្អី​គេ​នោះ​។ ដូច​កាសែត​កម្ពុ​ជាថ្មី​ ធ្លាប់បាន​លើកឡើង​នៅក្នុង​វិចារណកថា​កន្លងមក ប្រសិនបើ​សហរដ្ឋអាមេរិក​ ប្រើ​ច្បាប់​ថ្មី​នេះ​ក្នុងការ​ដាក់ទណ្ឌកម្ម ​ចំពោះ​អ្នករំលោភ​សិទ្ធិមនុស្ស​នោះ ហេតុអ្វី​បានជា​គេ​«​ធ្វើគ​ធ្វើ​ថ្លង់​» ​ចំពោះ​របប​យោធា​ថៃ​ ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី ​ស្របច្បាប់​ពីរ​នាក់​ផ្ទួនៗ និង​ការសម្លាប់​ជនសង្ស័យ​ ជួញដូរ​គ្រឿងញៀន នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នោះ​។​

​ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី​ សូម​គាំទ្រ​ចំពោះ​ក្រសួងការពារជាតិ​ រប​ស់​ប្រទេស​កម្ពុជា និង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប និង​ថ្កោលទោស​ចំពោះ​ការប្រកាស​ បង្កក​ទ្រព្យសម្បត្តិ​របស់លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង ដោយ​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក នៅពេលនេះ​។​

​គួររំឭកថា មួយថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក ​ចេញ​សេចក្តីប្រកាស​ដាក់ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ ​មេបញ្ជាការ​កង​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងការពារជាតិ​ក​ម្ពុ​ជា ក៏ដូចជា​មេបញ្ជាការ នាយទាហាន ពលទាហាន ក្រសួងការបរទេស និង​ខុទ្ទកាល័យ​របស់លោក​នាយករដ្ឋមន្ត្រី បានប្រកាស​ថ្កោលទោស​ ចំពោះចំណាត់ការ​នេះ​ភ្លាម​។​

«​ក្រសួងការពារជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សូម​សម្តែង​ការសោកស្តាយ ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ដ៏​គឃ្លើន ​របស់​ក្រសួង​រតនាគារ​ នៃ​សហរដ្ឋអាមេរិក​ ដែល​បានសម្រេច​ដាក់ទណ្ឌកម្ម​ ដោយ​បង្កក​ទ្រព្យសម្បត្តិ​មកលើ​មន្ត្រីជាន់ខ្ពស់ ១ រូប​នៃ​កងយោធពល​ខេមរភូមិន្ទ​ របស់​ប្រទេស​កម្ពុជា​។​» ក្រសួងការពារជាតិ​ក​ម្ពុ​ជា បានបង្ហាញ​នូវ​គោលជំហរ​របស់ខ្លួន ​នៅក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។​

​ក្រសួងការពារជាតិ​បានបញ្ជាក់​បន្តថា​៖ «​ការសម្រេច​ដាក់ទណ្ឌកម្ម​ បង្កក​ទ្រព្យសម្បត្តិ​មកលើ​ មន្ត្រីជាន់ខ្ពស់​កម្ពុជា​បែបនេះ​គឺជា​ការរំលោភ​ដល់​ច្បាប់​កម្ពុជា ​ដែលជា​រដ្ឋ​អធិបតេយ្យ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់​។ ការដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​នេះ​ គឺជា​ការសម្រេច​ដ៏​ល្ងង់ខ្លៅ ធ្វើឡើង​ដោយ​ទំនើងចិត្ត របស់​សហរដ្ឋអាមេរិក​ ដែល​កម្ពុជា​មិនអាច​ទទួលស្គាល់​បានឡើយ​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា ​សូម​អំពាវនាវ​ដល់​សហ​រដ្ឋ​អាមេរិក ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់ទណ្ឌកម្ម​ មកលើ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា ដោយ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ​។​»

​ដូចគ្នានេះដែរ ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ដំណាលគ្នា ដោយបាន​ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក ដែល​បានធ្វើការ​ចោទប្រកាន់​ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ មកលើ​លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង នោះ​។​

«​អ្វីដែល​អាមេរិក​ធ្វើ​នេះ​ គឺជា​ការបំពាន​អធិបតេយ្យ​ នៃ​ប្រទេស​ឯករាជ្យ​មួយ ​ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់ ​របស់​សហរដ្ឋអាមេរិក​ឡើយ ហើយ​ម្យ៉ាងទៀត​ គួរតែ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា ចុះ​ការដែល​កងទ័ព​អាមេរិក​ មក​សម្លាប់​ជនជាតិ​កម្ពុជា​ រាប់លាន​នាក់​កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល​គ្រាប់បែក​នៅតែ​រកឃើញ រ​ហូត​មកដល់​សព្វ​ថ្ងៃនោះ តើ​នេះ​មិនមែនជា ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​? ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ សូម​រិះគន់​ដោយ​ត្រង់ៗ ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​កំរោល ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​។​» ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ ​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​ជាការ​ពិតណាស់ ដូច​លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក លោក​គ្មាន​ទ្រព្យសម្បត្តិ​អ្វី ​ទៅ​ដ​ម្ក​ល់​ទុក​ក្នុង​ធនាគារ​ក្រៅប្រទេស​នោះឡើយ ហើយ​លោក​បានធ្វើ​អ្វីៗ ​ដើម្បី​សេចក្តីសុខ និង​សន្តិភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ តែប៉ុណ្ណោះ​។​

​ប្រសិនបើ​គ្មាន​រូបលោក​ ជា​ប្រធាន​អង្គរក្ស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន និង​កងយោធពល​ខេមរភូមិន្ទ​ទេ ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ទៅក្នុង​ភាពវឹកវរ​ជាមិនខាន ជាពិសេស​ដោយ​ចលនា​បដិវត្តន៍​ពណ៌ ដែល​ជ្រោមជ្រែង​ដោយ​សហរដ្ឋអាមេរិក​នោះ​។​

​ប្រសិនបើ​គ្មាន​លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង និង​កងយោធពល​ខេមរភូមិន្ទ ការពារ​សន្តិសុខ និង​សន្តិភាព នៅក្នុង​ប្រទេស​កម្ពុជា​ទេ សូម្បីតែ​មន្ត្រី​ស្ថានទូត​អាមេរិក​​ ប្រក​ដ​ជា​រើ​បង្វិច​រត់ឡើង​យន្តហោះ​ ត្រឡប់​ទៅ​ស្រុក​វិញ ដូច​នៅក្នុង​ឆ្នាំ​១៩៧៥ នៅពេលដែល ខ្មែរ​ក្រហម​វាយ​ចូល​កាន់កាប់​ ទីក្រុង​ភ្នំពេញ​ជាមិនខាន​។​

​ណ្ហើយចុះ កាសែត​កម្ពុ​ជាថ្មី​យល់ថា​ លោក​ឧ​ត្ត​ម​សេនីយ ហ៊ីង ប៊ុន​ហៀ​ង មិនចាំបាច់​ឈឺក្បាល​ ហាលថ្ងៃ ​ចំពោះ​សេចក្តីប្រកាស​របស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​ធ្វើ​អ្វីនោះទេ នាំ​តែ​ខាត​ពេលវេលា​ឥតប្រយោជន៍​។ អ្វីដែល​សំខាន់​នោះ គឺ​ការពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ​នៅពេលនេះ​៕ (​បទ​វិចារណកថា​​ ដោយ កាសែត​កម្ពុ​ជាថ្មី​)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684