ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​វេលា​រសៀល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដឹកនាំ​គណៈ​ប្រតិ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩ នៅ​ទីក្រុង​បាងកក

ភ្នំពេញ ​៖​​ នៅ​រសៀល​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃទី​១៤ ខែ​មិថុនា ​ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ និង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៦ ខែ​មិថុនា ឆ្នាំ​២០១៨។

ក្រសួងការបរទេស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨ ថា ឥស្សរជន​កម្ពុជា​ ដែល​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក​បណ្ឌិត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​សមាជិក​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្រសួងការបរទេស​បាន​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​មូលបទ “​ឆ្ពោះ​ទៅកាន់​សហគមន៍​មេគង្គ​ដែល​មាន​សមាហរណកម្ម និង​ការតភ្ជាប់​” នឹង​ត្រូវ​ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​ជា​ប្រធាន​កិច្ចប្រជុំ​។ ថ្នាក់ដឹកនាំ​ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ នឹង​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ពង្រឹង​សមត្ថភាព ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ខ្លាំង​ក្លា​នៅ​តាម​បណ្តោយ​ព្រំដែន បង្រួម​គម្លាត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ពង្រឹង​សន្តិភាព ស្ថិរភាព និង​សមាហរណកម្ម​អាស៊ាន​ទាំងមូល​។

ឯកសារ​សំខាន់​ចំនួន​បី ដែល​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ រួមមាន (១) បញ្ជី​គម្រោង​អាទិភាព (២)​ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តី​ថ្លែងការណ៍​ទីក្រុង​បាងកក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ​នៅក្នុង​វេទិកា​នាយក​ប្រតិបត្តិ ACMECS (ACMECS CEO Forum) ដែល​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្តីពី​ការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ACMECS និង​ការ​ធ្វើសមាហរណកម្ម​។

នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​
ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ ដែល​នឹង​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឯកឧត្តម អ៊ូ វីន ម្ញី​ន​ត៍ (U Win Myint) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ ឯកឧត្តម ដា​តុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ​។

ក្រោម​មូលបទ “​ដើម្បី​ការតភ្ជាប់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លា​” ថ្នាក់ដឹកនាំ​ដែល​អញ្ជើញ​ចូលរួម​កិច្ច​ក្នុង​ប្រជុំ​កំពូល CLMV លើក​ទី​៩ នឹង​ពិនិត្យឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ CLMV នា​បណ្តា​ឆ្នាំកន្លងមក ហើយ​និង​ពិភាក្សា​រិះរក​វិធី​យ៉ាងណា​ដើម្បី​បន្ត​ប្រើប្រាស់​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អាទិភាព សំដៅ​សម្រេច​ឲ្យ​បាន​នូវ​​​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​មានការ​ចូលរួម ពី​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​តំបន់ ក៏ដូចជា​លើក​កម្ពស់​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនាក់ទំនង​រវាង ប្រជាជន និង​ប្រជាជន ដែល​ជា​ការរួមវិភាគទាន​ដល់​ការ​កសាង​សហគមន៍​អាស៊ាន។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩ នេះ នឹង​មាន​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម ហើយ​បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នេះ​។

គួរ​កត់សម្គាល់ថា ប្រទេស CLMV មានការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដោយសារ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់ និង​សម្របសម្រួល​ដើម្បី​ឲ្យ​មាន​សេរីភាវូបនីយកម្ម ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច គួបផ្សំ​ជាមួយនិង​កត្តា​លើកទឹកចិត្ត​ផ្សេងៗ​ទៀត ដូចជា​តម្លៃ​ពលកម្ម​ទាប អំណោយផល​នៃ​ប្រជាសាស្ត្រ ក៏ដូចជា​ទីតាំង​ភូមិសាស្ត្រ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​។
​ក្រៅពី​ការអញ្ជើញ​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត និង​លោក ង្វៀន សួន​ហ្វ៊ុ​ក ផងដែរ ហើយ​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ដើម្បី​ពង្រឹង​និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​កក់ក្ដៅ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា​និង​ថៃ​៕