ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Assad និយាយថា អ៊ីស្រាអែល​និង​អាមេរិក​ បាន​រារាំង​ដំណោះស្រាយ​នៅ​ភាគខាងត្បូង​ប្រទេស ស៊ី​រី​

ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad បាន​និយាយថា ការចរចា​ដែល​ដឹកនាំ​ដោយ​ក្រុង​មូ​ស្គូ​អំពី​អនាគត​នៃ​ភាគខាងត្បូង​របស់​ប្រទេស​កំពុង​បន្ត​ ប៉ុន្តែ​បាន​ព្រមាន​ថា អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក​កំពុង​រារាំង​ដំណោះស្រាយ​នៅ​ភាគខាងត្បូង​ដែល​កំពុង​ចរចា​។​

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយទូរទស្សន៍ Al-Alam របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ លោក Assad បាន​និយាយថា បន្ទាប់ពី​កងកម្លាំង​រដ្ឋាភិបាល​បាន​ដណ្តើមយក​តំបន់ Ghouta ពី​ពួក​ឧទ្ទាម​នៅ​ខែមេសា វា​ត្រូវបាន​គេ​ស្នើថា យើង​គួរតែ​ធ្វើដំណើរ​ទៅ​ភាគខាងត្បូង​។​

លោក​និយាយថា “​យើង​បាន​ប្រឈមមុខ​ជាមួយនឹង​ជម្រើស​ពីរ​៖ ការផ្សះផ្សា​ឬ​ការរំដោះ​ដោយ​កម្លាំង​។ នៅ​ចំណុច​នេះ រុស្ស៊ី​បានស្នើ​ឡើង​ថា លទ្ធភាព​ផ្តល់​ការផ្សះផ្សា​គឺជា​ឱកាស​មួយ​”​។​

លោក​បាន​បន្ថែមថា “​រហូតមកដល់​ពេលនេះ មិនមាន​លទ្ធផល​ច្បាស់លាស់​ទេ​ដោយ​ហេតុផល​សាមញ្ញ​ថា អ៊ីស្រាអែល​និង​អាមេរិក​បាន​ជ្រៀតជ្រែក​។ ពួកគេ​បានដាក់​សម្ពាធ​លើ​ក្រុម​ភេរវ​ករ​នៅក្នុង​តំបន់​នោះ​ដើម្បី​រារាំង​ការឈាន​ដល់​ការសម្រុះសម្រួល​ណាមួយ​ឬ​ដំណោះស្រាយ​សន្តិភាព​”​។​

កាលពី​ចុងខែ​មុន ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចចរចា​ជាបន្ទាន់​ជាមួយ​អាមេរិក​និង​ហ្សកដានី​ស្តីពី​ភាគខាងត្បូង​ហើយ​លោក​ប្រធានាធិបតី Vladimir Putin បាន​ពិភាក្សា​បញ្ហា​ស៊ី​រី​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu​។​

វា​ជា​តំបន់​មានតម្លៃ​សម្រាប់​អ្នកពាក់ព័ន្ធ​ស្ទើរតែ​ទាំងអស់​នៅក្នុង​សង្គ្រាម​ស៊ី​រី​ដោយសារតែ​ទីតាំង​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​របស់​វា​ដែលមាន​ព្រំប្រទល់​ខាងត្បូង​ជាប់​ព្រំដែន​ប្រទេស​ហ្សកដានី​និង​តំបន់ Golan Heights ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​ប៉ុន្តែ​ក៏​ស្ថិតនៅ​ជិត​ក្រុង​ដា​ម៉ាស​ដែរ​។​
​លោក Assad បាន​និយាយថា “​ទំនាក់ទំនង​នៅតែ​បន្ត​រវាង​រុស្ស៊ី អាមេរិក​និង​អ៊ីស្រាអែល​”​។​

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បាន​ដណ្តើម​ភាគច្រើន​នៃ​ប្រទេស​ស៊ី​រី​មកវិញ​ដោយមាន​ការគាំទ្រ​ពី​រុស្ស៊ី​ហើយ​ជ័យជម្នះ​នៅ​ភាគខាងត្បូង​នឹង​កត់សម្គាល់​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​នៅ​ឆ្នាំនេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684