ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ផ្ទះ​៣​ខ្នង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​នៅ​ខណ្ឌ​ដូនពេញ

ភ្នំពេញ ​៖​ យ៉ាងហោចណាស់​ផ្ទះ​៣​ខ្នង​ជាប់​គ្នា ​ត្រូវ​ឆេះ​រាលដាល​ ខណៈ​ដែល​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ ​បាន​លេប​ត្របាក់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​១​ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​កន្លែង​កើតហេតុ​នោះ ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​កើតហេតុ​គេ​ឃើញ​ភ្លើង ​និង​ផ្សែង​បាន​ហុយ​ឆេះ​ចេញ​ពី​ផ្ទះ​លក់​អង្ករ​ពី​ផ្នែក​ខាងក្រោយ​ត្រង់​ជាន់​ទី​១​ ខណៈ​ដែល​មាន​ហេតុការណ៍​ដូច្នេះ​ហើយ​អ្នករស់នៅ​ជិតខាង​ក៏ដូចជា​ម្ចាស់ផ្ទះ​ បាន​នាំគ្នា​រត់ចេញ​ប្រសាច​ដោយ​អ្នកខ្លះ​យក​បំពង់​ពន្លត់​អគ្គិភ័យ ​និង​យក​ទឹក​ទៅ​ជះ​ដើម្បី​ជួយ​អន្តរាគមន៍ ​តែ​ភ្លើង​កាន់តែ​ឆេះ​រឹតតែ​ខ្លាំងៗ​ឡើង​មិន​អាច​ធ្វើ​អ្វី​កើត។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ គេ​ឃើញ​វត្តមាន​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​ បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ក្នុង​ការ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្នុង​ការ​ជួយ​អន្តរាគមន៍​គ្នា​ និង​ជាពិសេស​ទៀត​នោះ​ មុននឹង​ក្រុម​ពន្លត់​អគ្គិភ័យ​មកដល់​នោះ​គឺ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ បាន​ប្រើ​រ៉ឺម៉ក​ម៉ូតូ​បាញ់​ទឹក​លាង​ផ្លូវ​ជួយ​ឡើង​បាញ់​ទឹក​បណ្តាល​ឲ្យ​ប្រជា​ការពារ​ខ្លះ​ត្រូវ​ឈ្លក់ផ្សែង ​និង​​​​​របួស​ម្នាក់​ផង​ដែរ។

ប្រភព​ព័ត៌មាន​បា​ន​ប​ន្ត​ទៀត​ថា ​ក្នុងខណៈដែល​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ពន្លត់​នោះ​គឺ​មានការ​ពិបាក​ក្នុង​ការបាញ់ទឹក​ពន្លត់​ភ្លើង​គឺ​ត្រូវ​វាយ​បំបែក​កញ្ចក​ទ្វារផ្ទះ​ និង​នាំគ្នា​ឡើង​គាស់​ដំបូល​ដើម្បី​បាញ់​ទឹក​ពន្លត់ភ្លើង​ដោយ​ប្រើ​ពេល​ជាច្រើន​ម៉ោង​ ព្រោះ​ការ​ឆាបឆេះ​នោះ​ បាន​រាលដាល​ដល់ផ្ទះ​ជាប់​គ្នា​សងខាង​ទម្រាំ ​តែ​ពន្លត់​ជា​ស្ថាពរ​នោះ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​សរុប​អស់​ចំនួន​៣​ខ្នង​ដែល​ខាងក្រោម​ថ្ម​លើ​ឈើ​ប្រក់​ស័ង្កសី។

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ ផ្ទះ​ទី​១​ដែល​ឆេះ​មុនគេ​នោះ​គឺ​នៅផ្ទះ​លេខ​៥០Eo​ផ្លូវ​លេខ​១៣៦​ក្រុម​១៧​ភូមិ​១២​សង្កាត់​ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ ​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ដួង ម៉េង ភេទ​ប្រុស​កើត​ឆ្នាំ​១៩៤១​ មុខរបរ​លក់ដូរ​ ទី២​ផ្ទះ​លេខ​៤៨Eo​ម្ចាស់​ឈ្មោះ​ព្រំ សៀត ភេទ​កើត​ឆ្នាំ​១៩៥០​ផ្ទះ​ ទី​៣​លេខ​៤៦Eo​ បើក​បារ​បារាំង​យីហោ​(​វើ​លអរ​ខី​តបារ​)​។ ​ការ​ឆេះ​ផ្ទះ​៣​ខ្នង​ជាប់​គ្នា​នោះ​ដែរ ​បាន​បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទាំង​ស្រុង​ តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​នោះទេ​។​ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​វិញ​បានមក​ជួយ​អន្តរាគមន៍​ចំនួន​១៥​គ្រឿង​ប្រើប្រាស់​ទឹក​អស់​២០​ឡាន​ទើប​រលត់​ជា​ស្ថាពរ​វិញ​។​ ប៉ុន្តែ​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​ឆេះ​នោះ ​អាជ្ញាធរ​នៅ​មិនទាន់​បញ្ជាក់​នៅ​ឡើយ៕