ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំ​ខ្លួន​អតីត​ឧកញ៉ា​ ហូរ ចំរើន​ពី​បទ​គំរាម​ថា ​នឹង​សម្លាប់ បែក​ធ្លាយ​រឿង​ឆបោក​ប្រាក់​ជាង​២០០​លាន​ដុល្លារ

ភ្នំពេញ​ ៖​ យ៉ាងហោចណាស់​មាន​សំណុំរឿង​ឆបោក​ប្រាក់​ចំនួន​៣​ករណី​ផ្សេងៗ​គ្នា មាន​ទឹកប្រាក់​ច្រើនជាង​២០០​លាន​ដុល្លារ​អាមេរិក ​ត្រូវ​បាន​ម្ចាស់​គម្រោង​វិនិយោគ​ដាក់​បណ្ដឹង​ចូល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រឆាំង​នឹង​អតីត​ឧកញ៉ា​ហូរ ចំរើន​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយដឹងថា សំណុំរឿង​ឆបោក​ប្រាក់​ដែល​ម្ចាស់​គម្រោង​វិនិយោគ​ដាក់​ប្ដឹង​លោក ហូរ ចំរើន មក​អយ្យការ​អម​តុលាការ​ទាំង​៣​ករណី​គឺ​ស្ថិត​ក្នុង​ដៃ​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ ជា​អ្នកចាត់ការ​ទាំង​៣​សំណុំរឿង​តែម្ដង។ ក្នុងនោះ​មាន​សំណុំរឿង​មួយ​ត្រូវបាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​បញ្ជូនទៅ​ចៅក្រម​ស៊ើប​សួរ​ពិនិត្យ​តាម​នីតិវិធី។ ចំណែក​សំណុំរឿង​២​ទៀត​ អយ្យការ​អម​តុលាការ​ កំពុង​ពិនិត្យ​នៅឡើយ ហើយ​បាន​កំណត់ពេល​អោយ​ដើមបណ្ដឹង​ចូលមក​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​​២៥ ខែ​​មិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ។

ចំពោះ​ជនសង្ស័យ ហូរ ចំរើន ព្រះរាជអាជ្ញា​អម​តុលា​ការមិនទាន់កំណត់​ពេលវេលា​អោយ​នាំខ្លួន​ពី​ពន្ធនាគារ​មក​សាកសួរ​នៅឡើយ​ទេ។​

ពាក់ព័ន្ធ​បណ្ដឹង​ព្រហ្មទណ្ឌ​ថ្មី​បី​សំណុំរឿង​ដែល​ដាក់​ប្ដឹង​ប្រឆាំង​លោក​ហូរ ចំរើន ត្រូវបានប្រភព​មួយ​អះអាងថា មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​មួយ​បាន​ពឹង​ពាក់​អោយ​អតីត​ឧកញ៉ា ហូរ ចំរើន រៀបចំ​ទិញ​ដី​ជាច្រើន​ហិក​តា​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​​ដើម្បី​សាងសង់​មន្ទីរពេទ្យ​ធំ ទំនើប​មាន​លក្ខណៈ​ស្តង់ដារ​ទាន់​សម័យមួយ​ដែលមាន​ទុនវិនិយោគរ​ហូរ​ដល់​ជាង​២០០​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ​ក្រុមហ៊ុន​បាន​ទម្លាក់​សាច់ប្រាក់​មុន​ចំនួន​៨០​លាន​ដុល្លារ​អោយ​លោក​ហូរ ចំរើន ដើម្បី​រៀបចំ​និង​ចាប់ផ្ដើម​អនុវត្ត​គម្រោង ប៉ុន្តែ​ចាប់តាំងពី​បានទទួល​សាច់ប្រាក់​៨០​លាន​ដុល្លារ​នោះមក មិនឃើញ​អតីត​ឧកញ៉ា​ហូរ ចំរើន​អនុវត្ត​កិច្ចការ​គម្រោង​សាងសង់​មន្ទីរពេទ្យ​នោះ ​ចេញ​ទេ រហូតដល់​ថ្ងៃ​មានរឿង​ប្រើ​អាវុធ​បាញ់​គំរាម​ឪពុក​ម្ដាយក្មេក ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​លោក​ហូរ ចំរើន ដាក់ពន្ធនាគារ ទើប​ម្ចាស់​គម្រោង​វិនិយោគ​សន្ម​ត​ថា​អតីត​ឧកញ៉ា​ហូរ ចំរើន ឆបោក​ប្រាក់​ទើប​ដាក់ពាក្យ​ប្ដឹង​មក​តុលាការ​តែម្ដង។

ចំណែក​បណ្ដឹង​ពីរ​ទៀត​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​នៅក្នុង​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដូចគ្នានេះដែរ ដែលមាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​វិនិយោគ​បរទេស​ទាំងនោះ​ចាញ់​ឧបាយកល​ឆបោក​របស់លោក​ហូរ ចំរើន។

ពាក់ព័ន្ធ​នឹង​បណ្ដឹង​ថ្មី​ដាក់​ប្ដឹង​អតីត​ឧកញ៉ា​ហូរ ចំរើន​ក្នុង​រឿង​ឆបោក​ប្រាក់ នា​ថ្ងៃទី ១៤​មិថុនា ឆ្នាំ​២០១៨​នេះ មេធាវី​កា​រពារ​ផ្លូវច្បាប់​អោយ​លោក​ហូរ ចំរើន​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានទេ​ដោយសារ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។ ចំណែក​អតីត​ឧកញ៉ា​ហូរ ចំរើន កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​

គួរ​រំលឹកថា​អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី ១៦​ឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ការបាញ់បោះ​គំរាមកំហែង​ឪពុកម្ដាយ​ក្មេក​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ភូមិ​គ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូរ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ និង​ភរិយា​ឈ្មោះ គារ សុខ​គាង អាយុ​១៩​ឆ្នាំ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃទី ១២​មេសា ឆ្នាំ​២០១៨​ថ្មីៗ​នេះ លុះ​មកដល់​ថ្ងៃទី ២១​មេសា ស្រាប់តែ​មានទំនាស់​កើតឡើង​ក្នុង​គ្រួសារ​នៅវេលា​រសៀល ហើយ​ស្រាប់តែ​ឧកញ៉ា ហូរ ចំរើន បាញ់កាំភ្លើង​គំរាមកំហែង​នៅក្នុង​ភូមិ​គ្រឹះ​នោះ​បណ្ដាលអោយ​កើតមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។​

ក្រោយ​កើតហេតុ​គេ​ឃើញ​លោក​យិន គារ អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជា​ម្ដាយក្មេក និង​ឈ្មោះ គារ សុខ​គាង ជា​ភរិយា​លោក​ឧកញ៉ា ហូរ ចំរើន បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​អោយ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់។ បន្ទាប់មក​សំណុំ​រឿងនេះ​ត្រូវបាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ដើម្បី​បើក​​​ការស៊ើបអង្កេត​បឋម ហើយ​នៅ​ថ្ងៃទី ១៦​ឧសភា​នេះ​ក៏​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​សម្រេច​ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពី​បទ​គំរាម​ថា​នឹង​សម្លាប់ និង​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684