ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េ​ទាំងពីរ​ រៀបចំ​កិច្ចពិភាក្សា​យោធា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន

ប្រទេស​កូរ៉េ​ទាំងពីរ​កំពុង​រៀបចំ​កិច្ចចរចា​យោធា​ជាន់ខ្ពស់​ដ៏​កម្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​ដែល​មាន​ការ​ការពារ​ដ៏​រឹងមាំ​របស់​ពួកគេ​។​

ក្នុងអំឡុង​កិច្ចចរចា​នៅ​ភូមិ​បទ​ឈប់​បាញ់ Panmunjom, មន្ត្រី​កូរ៉េខាងជើង​នឹង​ស្វែងរក​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ពី​ភាគី​កូរ៉េខាងត្បូង​ក្នុងការ​បញ្ឈប់​សមយុទ្ធ​យោធា​របស់ខ្លួន​ជាមួយ​អាមេរិក​។​

ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​បន្ទាប់ពី​ជំនួប​កំពូល​របស់គាត់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃ​អង្គា​រថា សម្ព័ន្ធមិត្ត​ទាំងពីរ​គួរតែបញ្ឈប់​សមយុទ្ធ​សង្គ្រាម​ក្នុងអំឡុងពេល​នៃ​ការចរចា​នុយក្លេអ៊ែរ​ជាមួយ “​សេចក្តី​ជំនឿ​ដ៏​ល្អ​”​។​

ក្រសួងការពារជាតិរ​បស់​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា កិច្ចចរចា​យោធា​នឹង​ផ្តោតលើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពី​កិច្ចប្រជុំ​កំពូល​រវាង​លោក​គីម​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន ដែល​អ្នក​ទាំង​ពីរបាន​ប្តេជ្ញា​ថា​នឹង​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​និង​លុបបំបាត់​គ្រោះថ្នាក់​នៃ​សង្គ្រាម​។​

កិច្ចពិភាក្សា​នេះ​គឺជា​ការចរចា​ថ្នាក់ខ្ពស់​លើកដំបូង​រវាង​យោធា​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ​២០០៧​មក​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Kim Dong-gyun របស់​កូរ៉េខាងត្បូង​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​មុនពេល​កិច្ចចរចា​ថា “​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​នាំមក​នូវ​យុគសម័យ​សន្តិភាព​ថ្មី​មួយ​នៅ​ឧបទ្វីប​កូរ៉េ​”​។​

នៅឯ​អគារ​មួយ​នៃ​ប៉ែក​ខាងជើង​ភូមិ Panmunjom, មន្ត្រី​កូរ៉េខាងត្បូង​ត្រូវបាន​ស្វាគមន៍​ដោយ​គណៈប្រតិភូ​កូរ៉េខាងជើង​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក An Ik San​។​

លោក Kim Do-gyun បាន​ប្រា​ប់លោក An ថា លោក​មាន​កិត្តិយស​ណាស់​ដែល​បាន​ជួប​គាត់​ហើយ​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​សម្រាប់​ការទម្លាយ​ភាពទាល់ច្រក​មួយ​ប្រកបដោយ​ផ្លែផ្កា​នៅក្នុង​កិច្ចពិភាក្សា​នេះ​។​

មន្ត្រី​យោធា​កូរ៉េខាងត្បូង​អាច​នឹង​ពិភាក្សា​អំពី​ការរៀបចំ​កិច្ចចរចា​យោធា​ជា​ទៀងទាត់​និង​បង្កើត​ខ្សែ​ទូរស័ព្ទ​បន្ទាន់​មួយ​រវាង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ប្រទេស​ទាំងពីរ​។ ពួកគេ​ក៏​អាច​ពិភាក្សាគ្នា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក​ទាហាន​ដែល​បាត់​ខ្លួន​ឬ​សន្មត​ថា​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-៥៣​ផងដែរ​។​

គួរបញ្ជាក់​ជាថ្មី​ថា លោក​មូ​ន​បាន​ជួប​លោក​គីម​ជុង​អ៊ុន​នៅក្នុង​ខែមេសា​និង​ម្តងទៀត​នៅក្នុង​ខែឧសភា​ខណៈដែល​ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​ការជំរុញ​ផ្នែក​ការទូត​បន្ទាប់ពី​ការបង្ក​រឿង​ដោយ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ក្នុង​ឆ្នាំ​២០១៧៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684