ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្នំពេញ​ក្រោ​ន ផ្ដាច់​កិច្ចសន្យា​ជាមួយ​កីឡាករ JJ បន្ថែម​កីឡាករ​ប្រេ​ស៊ី​ល​ថ្មី​មកពី​លី​គ​ទី​២​ប្រទេស​ថៃ​ដូច​ពាក្យ​ចចាមអារ៉ាម

ដោយសារ​ស្ថានភាព​របួស​ជង្គង់​របស់​កីឡាករ Jorrin John មកពី​កោះ Antigua and Barbuda​រយៈពេល​យូរ​ ទើប​ធ្វើ​ឲ្យ​ក្រុម​ក្លិប​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) សម្រេច​រក​កីឡាករ​ថ្មី​មក​ជំនួស ត្រៀម​ចូលរួម​ក្រុម​ក្នុង​ជើង​ទី​២ ខាងមុខ នោះ​គឺ​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Valci Teixeira Júnior មកពី​លី​គ​លំដាប់​ទី​២​ប្រទេស​ថៃ​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្លិប​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​បញ្ជាក់​ថា «​ក្លិប​សូម​បង្ហាញ​ជូន​នូវ​សមាជិក​ថ្មី​គឺ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Valci Teixeira Júnior​។ ខ្សែប្រយុទ្ធ​រូបនេះ​ធ្លាប់មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់​អាស៊ី ពិសេស​នៅក្នុង​ប្រទេស​ថៃ​តែម្តង​។ យើង​សង្ឃឹមថា រូបគេ​នឹង​អាច​រួមចំណែក​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ដើម្បី​ជួយ​ក្រុម​ឲ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ក្នុង​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា​នាពេលខាងមុខ​នេះ​»​។

កីឡាករ​ប្រេ​ស៊ី​ល រូបនេះ​មាន​កម្ពស់​១,៩០​ម៉ែត្រ តួរ​នាទី​ជា​ខ្សែប្រយុទ្ធ​។ រូបគេ​ចំណាយពេល​៩​ឆ្នាំ​ជាមួយ​ក្លិប​ចំនួន​១១​នៅ​ប្រទេស​ថៃ គិត​ចាប់តាំងពី​ឆ្នាំ​២០០៩ មក ដែលមាន​ដូចជា ក្លិប​TOT-CAT, Sisaket, TTM Phichit, Tai Port, Nakhon Ratchasima, Rayong, Krabi, Bangkok, Ayutthaya, Udon Thani និង​Samut Sakhon​។ តែ​ចន្លោះ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្លាស់​ទៅលេង​ជាមួយ​ក្លិប Al Nahda Club នៅ​ប្រទេស​អូ​ម៉​ង់ និង​នៅ​ឆ្នាំ ២០១៦​រូបគេ​ប្តូរ​ទៅលេង​ជាមួយ​ក្លិប​លី​គ​លំដាប់​ទី​៣​ប្រទេស​ជប៉ុន គឺ​ក្លិប Gainare Tottori​។

យោង​តាម​លិខិតផ្លូវការ​ដែល​ចេញ​ដោយ CNCC បាន​បញ្ជាក់ថា​ ការដោះដូរ​កីឡាករ​ជើង​ទី​២​នេះ​អាច​ធ្វើបាន​លើ​កីឡាករ​កម្ពុជា​៣​រូប និង​កីឡាករ​បរទេស​៣​រូប​។ គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ធ្វើដំណើរ​ដល់​សប្តាហ៍​ទី​៩ ហើយ​ខណៈ​ជុំ​ទី​១​នៃ​រដូវ​កាល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខ​។ តាម​គម្រោងការ​ប្រកួត​ជុំ​ទី​២​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​កីឡាករ​ថ្មីៗ​ដែល​ក្លិប​នីមួយៗ​ជា​សមាជិក​ទាំង​១២​ក្រុម​បាន​ចុះបញ្ជី​លើក​ទី​២​នេះ​នឹង​ចូល​លេង​បាន​។

យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចុះបញ្ជី​កីឡាករ​បរទេស​ពេញ​បញ្ជី​ដដែល​ដោយ​ក្នុង​នោះ​មាន កីឡាករ Tsotleho JANE ហៅ​ក្រៅ​ថា​Sunny ខ្សែការពារ Jonny Campbell ជនជាតិ​អាមេរិក ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិ​អ៊ីរ៉ង់ កីឡាករ Atsushi Shirota ជនជាតិ​ជប៉ុន​ និង​ខ្សែ​ប្រយុទ្ធ​ជនជាតិ​ ប្រេស៊ីល​​Valci Teixeira Junior នេះតែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684