ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ហុង​គ្រី ​ផ្តល់​ទោស​ធ្ងន់ធ្ងរ​សម្រាប់​ករណី​ជនអន្តោប្រវេសន៍​ស្លាប់​ក្នុង​ឡាន​ដឹកទំនិញ

ជិត​៣​ឆ្នាំ​ បន្ទាប់ពី​ការរកឃើញ​ដ៏​តក់ស្លុត​នៃ​ជន​អន្តោប្រវេសន៍​ចំនួន​៧១​នាក់​ដែល​ថប់ដង្ហើម​ស្លាប់​នៅក្នុង​ឡាន​ដឹកទំនិញ​មួយគ្រឿង​នៅតាម​ផ្លូវ​ប្រទេស​អូទ្រីស​, តុលាការ​ហុង​គ្រី​ នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​គេ​រំពឹងថា ​នឹង​ប្រគល់​ទោស​ធ្ងន់ធ្ងរ​សម្រាប់​អ្នកជួញដូរ​។​

រដ្ឋអាជ្ញា Gabor Schmidt បានស្នើ​សុំ​ឲ្យ​ដាក់ទោស​ជាប់ពន្ធនាគារ​មួយជីវិត​សម្រាប់​មនុស្ស​បួន​នាក់​ក្នុងចំណោម​អ្នក​ដែល​រង​ការចោទប្រកាន់​ទាំង​១៤​ដោយ​អះអាងថា មនុស្ស​បីនាក់​គួរតែ​ទទួលបាន​ទោស​ជាប់ពន្ធនាគារ​មួយជីវិត​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះលែង​ក្រោម​ច្បាប់​ហុង​គ្រី​។​

ជនរងគ្រោះ​ដែលមាន​បុរស​៥៩​នាក់​, ស្ត្រី​៨​នាក់​និង​ក្មេង​៤​នាក់​រួមទាំង​ទារក​ម្នាក់​ផងដែរ​ដែល​មកពី​ប្រទេស​ស៊ី​រី អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​បាន​ចូលរួម​ជាមួយ​មនុ​ស្សរា​ប់​សែន​នាក់​ដែល​ព្យាយាម​ទៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៥​នៅពេលដែល​វិបត្តិ​អន្តោប្រវេសន៍​ដ៏​អាក្រក់​បំផុត​របស់​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​បាន​ឡើងដល់​ចំណុចកំពូល​។​

ការស្លាប់​នោះបាន​បង្ក​ឲ្យ​មានការ​ស្អប់ខ្ពើម​ជា​អន្តរជាតិ​និង​ធ្វើ​ឲ្យ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ប្រកាសថា លោកស្រី​នឹង​បើកទ្វារ​របស់​ប្រទេស​ដោយ​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ប្រមាណ​មួយ​លាន​នាក់​ចូលមក​ដែល​ភាគច្រើន​គឺ​មកពី​ប្រទេស​ស៊ី​រី​។​

ខណៈ​ធ្វើដំណើរ​ទៅ​ព្រំដែន​ស៊ែ​ប៊ី​ជាប់​ប្រទេស​ហុង​គ្រី​, ក្រុមមនុស្ស​ចំនួន​៧១​នាក់​ត្រូវបាន​គេ​ដាក់​ក្នុង​ឡាន​ដែលមាន​ខ្យល់​តិចតួច​ហើយ​កា​រយំ​ស្រែក​របស់​ពួកគេ​ឲ្យ​បញ្ឈប់​និង​បើកទ្វារ​ដើម្បី​ឲ្យ​មាន​ខ្យល់​បរិសុទ្ធ​គឺ​មិនត្រូវ​បាន​គេ​អើពើ​នោះទេ​។​

ដោយ​ដឹង​អំពី​អ្វីដែល​បានកើត​ឡើង អ្នកបើក​បរបាន​បោះបង់ចោល​ឡាន​ដឹកទំនិញ​ក្លាសេ​នៅ​ចិញ្ចើមផ្លូវ​ហាយ​វេ​ក្នុងប្រទេស​អូទ្រីស​។​

ជនជាប់ចោទ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ធ្ងន់ធ្ងរ​ដោយមាន​ភាព​សាហាវឃោរឃៅ​ហើយ​ត្រូវបាន​កាត់ទោស​កាលពី​ឆ្នាំមុន​នៅក្នុង​ក្រុង Kecskemet ភាគខាងត្បូង​ប្រទេស​ហុង​គ្រី​។​

ទោះបីជា​យ៉ាងណាក៏ដោយ ជនសង្ស័យ​ជា​មេក្លោង​ឈ្មោះ Samsoor Lahoo ដែល​ខ្លួនឯង​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ភៀសខ្លួន​ចេញពី​ប្រទេស​របស់គាត់​បាន​ប្រាប់​តុលាការ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​មួយ​ថា គាត់​មិន​ចង់​ឲ្យ​នរណាម្នាក់​ស្លាប់​ទេ​។​
​ប៉ុន្ដែ​ប៉ូលិស​បាន​ចាប់បាន​ការហៅ​ទូរស័ព្ទ​ដែល​គាត់​ធ្វើឡើង​ជាមួយ​បុរស​របស់គាត់​នៅលើ​ឡាន​នោះ​ដែល​សួរថា តើ​ត្រូវធ្វើ​អ្វី​។ គាត់​បាន​ប្រាប់​ពួកគេ​មិន​ឲ្យ​បើកទ្វារ​។​
Lahoo និយាយថា “​ទុក​ឲ្យ​ពួកគេ​ស្លាប់ទៅ​។ នេះ​ជា​បញ្ជា​”​។​

គាត់​បាន​បន្ថែមថា “​បើសិនជា​ពួកគេ​ស្លាប់ សូម​បោះបង់ចោល​ពួកគេ​នៅក្នុង​ព្រៃរបស់​ប្រទេស​អាល្លឺម៉ង់​ទៅ​”៕ AFP