ព័ត៍មានទាន់​ហេតុការណ៏
Search

កែវ សុខ​ផេង និង សុខ សុវណ្ណ មិនទាន់​អាច​បង្ហាញខ្លួន​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា បានទេ​រហូតដល់​ដំណាច់ខែ​មិថុនា​នេះ

​ក្លិប​បាល់ទាត់​ចំណូល​ថ្មី​វិសាខា សមាជិក​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានប្រកាស​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​ដែល​មាន​បទពិសោធន៍​គឺ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ទើប​ផុត​កិច្ចសន្យា​នៅ​ម៉ាឡេស៊ី និង​ខ្សែការពារ សុខ សុវណ្ណ ពី​ក្លិប​បឹងកេត កាលពី​ចុងខែ​ឧសភា កន្លងទៅ​ខណៈ​កីឡាករ​ទាំង​២​មិនទាន់​អាច​បង្ហាញខ្លួន​នៅលើ​ទីលាន​នៅឡើយ​នោះទេ​គឺ​រហូតដល់​ដំណាច់ខែ​មិថុនា​នេះ​។

​កីឡាករ កែវ សុខ​ផេង នឹង​ពាក់អាវ​លេខ​៦៨ និង សុខ សុវណ្ណ ពាក់អាវ​លេខ​៧៩ នៅ​ក្រុម​វិសាខា នឹង​អាច​បង្ហាញខ្លួន​នៅ​ជើង​ទី​២ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ នេះ និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ ខណៈ​រដូវ​កាល​ដោះដូរ​កីឡាករ​នឹង​បើក​ពី​ថ្ងៃ​ទី​១៥ ដល់​២៩ ខែមិថុនា ខាងមុខ​។ បានន័យថា កីឡាករ​ទាំង​២​អាច​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ​បាន ហើយ​ចំពោះ​លី​គ​កំពូល​កម្ពុជា អាច​ប្រកួត​ក្នុង​ជើង​ទី​២​នៅពេល​ផុត​ខែមិថុនា ខាងមុខ​។

ក្រុម​វិសាខា បាន​បង្កើតឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា តំណាង​រាស្ដ្រ​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែល​មាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួរ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។

​ឆ្លងកាត់​៩​ប្រកួត​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិសាខា ឈរ​លេខ​៣​ក្នុង​តារាង​រួម​ដែលមាន​១២​ក្រុម​ក្រោយ​ប្រកួត​ឈ្នះ​៦ លើក​ស្មើគ្នា​១​លើក និង​ចាញ់​២​លើក មាន​១៩​ពិន្ទុ​ក្នុង​ដៃ​។ កន្លងមក​វិសាខា មាន​កីឡាករ​២​នាក់​កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ គឺ កែវ សុខ​សិលា ជា​អ្នកចាំទី និង រស់ សំអឿន ជា​ខ្សែបម្រើ​ស្លាប​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​បឹងកេត នៅ​ម៉ោង​៣​ល្ងាចលើ​ទីលាន​កីឡដ្ឋាន​វេស្ទើន​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​ ទី១៧ ខែមិថុនា ឆ្នាំ២០១៨៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684