ព័ត៍មានទាន់​ហេតុការណ៏
Search

អាស៊ី​អឺរ៉ុប ចង់បាន​ខ្សែប្រយុទ្ធ​បន្ថែម ដើម្បី​ជំនួស​កៅអី​កីឡាករ Okereke Timothy ផ្លាស់​ទៅលេង​នៅ​ម៉ាឡេស៊ី

​ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 គ្រោង​បន្ថែម​កីឡាករ​បរទេស ​ផ្នែក​តំបន់​ប្រយុទ្ធ​នៅក្នុង​ក្រុម អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​ជើង​ទី​២​នៅ​ចុងខែ​មិថុនា នេះ ដើម្បី​ជំនួស​កៅអី​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Okereke Timothy ដែល​បាន​ផ្លាស់​ទៅលេង​នៅ​ក្លិប​មួយ​ក្នុង​លី​គ​លំដាប់​ទី​២​ប្រទេស​ម៉ាឡេស៊ី (Malaysia Premier League) កាលពីពេល​ថ្មីៗ។

លោក សុក វាសនា គ្រូបង្វឹក​របស់​ក្រុម​អាស៊ី​អឺរ៉ុប ថា​លោក​កំពុង​ធ្វើតេស្ត​កីឡាករ​បរទេសមួយរ​យៈ​ហើយ​ដើម្បី​យក​តែ​ម្នាក់​មក​បំពេញ​ទម្រង់​លេង​ដែល​ខ្វះខាត ជាពិសេស​គឺ​ចាប់​ដៃគូ​ជាមួយ​កីឡាករ Privat នៅ​តំបន់​ប្រយុទ្ធ​។ យ៉ាងណា​លោក​នឹង​បង្ហាញមុខ​សមាជិក​ថ្មីៗ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ត្រៀម​ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​។

យោង​តាម​គោល​ការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ កាលពី​ជុំ​ទី​១​កន្លងទៅ​ក្រុម​អាស៊ី​អឺរ៉ុប បាន​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ ដោយ​ក្នុង​នោះ​មាន​ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Momoh Degule ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Hedayati Mohamad ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okereke Timothy និង​ខ្សែការពារ​ជប៉ុន Tomohiro Masaki​។

ចំណែក​ទីផ្សារ​ដោះដូរ​ជើង​ទី​២​សម្រាប់​លី​គ​កំពូល​កម្ពុជា នឹង​ចាប់ផ្តើម​បើកទ្វារ​ចាប់ពី​ថ្ងៃទី​១៥ ដល់​៣០ ខែមិថុនា ខាងមុខ ខណៈ​លោក សុក វាសនា មិនទាន់​អាច​ចុះបញ្ជី​កីឡាករ​បន្ថែម​បានទេ​ដើម្បី​ប្រើប្រាស់​ក្នុង​ប្រកួត​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ដោយ​ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៨​បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​៩​លើក ឈ្នះ​បាន​៣​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៣​លើក មាន​១២​ពិន្ទុ​ក្នុង​ដៃ​។​

​ក្រុម​អាស៊ី​អឺរ៉ុប បាន​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៧ របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​៥​លើក ស្មើ​៣​លើក​និង​ចាញ់​១៤​លើក​មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ពានរង្វាន់​សំខាន់ៗ​ដែល​អាស៊ី​អឺរ៉ុប ត្រូវ​ចូលរួម​ប្រកួត​នៅ​រដូវ​កាល​នេះ​មាន​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជើង​ឯក​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ​ផង​ដែរ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684