ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ទំនើង​៣​នាក់​ ក្នុងចំណោម​៦​នាក់ ​បាន​ចូលដេក​គុក​យ៉ាង​ស្អាត​ដោយសារតែ​រឿង​គំនុំ​ចាស់​ចូល​កាប់​ដល់​ក្នុងផ្ទះ​ប៉ុន្តែ​កាប់​ខុស​មនុស្ស​បណ្តាល​ឲ្យ​របួសធ្ងន់

បន្ទាយមានជ័យ ៖ ក្មេង​ទំនើង​៣​នាក់ ​ក្នុងចំណោម​៦​នាក់​បាន​ចូល​ដេក​គុក​យ៉ាង​ស្អាត​ដោយសារតែ​រឿង​គំនុំ​ចាស់​ចូល​កាប់​ដល់​ក្នុងផ្ទះ​ ប៉ុន្តែ​កាប់​ខុស​មនុស្ស​បណ្តាល​ឲ្យ​របួសធ្ងន់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​រួមជាមួយ​វត្ថុតាង​មាន​កាំបិត​ខ្វែវ​ដង​ឈើ​ប្រវែង ១០០​ស​.​ម ០១​ដើម កំណាត់ឈើ​ជ្រុង​ប្រវែង ១១២​ស​.​ម ០១​ដើម កំណាត់ឈើ​ជ្រុង​ប្រវែង ៩២​ស​.​ម ០១​ដើម នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១​មានឈ្មោះ ទួន ស៊ី​ណៃ ភេទ ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២​មានឈ្មោះ រ៉ង វីរៈ ភេទ ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ៣​មានឈ្មោះ ទ្រី បឺត​ណ​យ ភេទ ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដើម្បី​យកមក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​សួរនាំ​អំពី​រឿង​ហេតុដែល​បានកើត​ឡើង។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់​ទៀត​ថា ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ញូ​ង សុវណ្ណ ភេទ ស្រី អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន បាន​ដេក​មើល​ទូរទស្សន៍​ជាមួយ​កូន និង​ក្មួយ ស្រាប់​តែ​មាន​ក្មេង​មួយក្រុម​មាន​គ្នា​ប្រមាណ ៦​នាក់ ប្រដាប់​ដោយ​ដំបង​ឈើ​ជ្រុង និង​កាំបិត បាន​សម្រុក​ចូលមកក្នុង​ផ្ទះ​របស់ខ្លួន បាន​វាយ​ក្មួយ និង​កាប់​កូនប្រុស​របស់ខ្លួន​ដោយ​មិនដឹង​មូលហេតុ ពេល​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ស្រាប់តែ​កម្លាំង​កងរាជអាវុធហត្ថ ចូល​មក​អន្តរាគមន៍​ភ្លាមៗ​តែម្តង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣​នាក់​ចំណែក​៣​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ទៀត​ថា ​ដោយមាន​ការ​អនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​បានធ្វើ​ការសាកសួរ​រួចមក ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ​ក្រុម​ខ្លួន​មាន​គំនុំ​ជាមួយ​ឈ្មោះ ហួរ​ដែល​រស់នៅ​ក្នុងផ្ទះ​ដែល​ក្រុម​ខ្លួន​ចូល​ទៅ​ធ្វើ​សកម្មភាព លុះដល់​ថ្ងៃ​កើតហេតុ ក្រុម​ខ្លួន​បាន​បបួលគ្នា​ទៅ​សងសឹក​ជាមួយ​ឈ្មោះ ហួរ តែ​ពេល​ចូល​ទៅដល់​ក្នុងផ្ទះ មិន​បានឃើញ​ឈ្មោះ ហួរ នោះ​ទេ ឃើញ​តែ​មនុស្ស​ប្រុស​ម្នាក់​ផ្សេងទៀត​កំពុង​ដេក ជនរងគ្រោះ​ពេល​ក្រុម​ខ្លួន​ចូល​ទៅដល់​ក្នុងផ្ទះ ស្រាប់តែ​ក្រោក​រត់ ពេលនោះ​ក្រុម​ខ្លួន​បាន​រត់​តាម​ដេញ​កាប់​ទៅលើ​បុរស​ម្នាក់​នោះ​ត្រូវ​ចាំ​ប្រអប់ដៃ​បណ្តាល​ឲ្យ​របួសធ្ងន់​។ ផ្អែកលើ​ចម្លើយសារភាព​របស់​ជនស​ង្ស័​យ និង​តាម​ការ​បំភ្លឺ​របស់​គ្រួសារ​ជនរងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684