ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​កងពលតូច​លេខ​៧០ ប្រកាស​ថ្កោលទោស​អាមេរិក ដែល​ដាក់ទណ្ឌកម្ម​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង

ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ និង​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០១៨​នេះ បាន​ប្រកាស​ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ព្រមទាំងសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក មកលើ​នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​។

ប្រតិកម្ម​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អាមេរិ​ក កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ បាន​ប្រកាស​បញ្ចូល​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នៅក្នុង​បញ្ជីខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្លោ​ប៊​ល ម៉ែ​កនី​ត​ស្គី (GLOBAL MAGNITSKY) ដោយ​សំអាងថា បាន​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អ្វីដែល​សហរដ្ឋអាមេរិក​សម្រេច​នេះ គឺជា​ការ​រំលោភច្បាប់ និង​ការបំពាន​អធិបតេយ្យភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រទេស​មួយ ពុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ​។ ម្យ៉ាងទៀត​ការសម្រេច​ដែល​ធ្វើឡើង តាម​ទំនើងចិត្ត របស់​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់ កងយោធពល​ខេមរភូមិន្ទ ដែល​យើងខ្ញុំ​ទាំងអស់គ្នា ពិតជា​ពុំ​អាច​ទទួលយក​បានឡើយ​”​។

ជាមួយគ្នា​នោះ ក្នុងនាម​មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក​បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា​ចំពោះ​វិធានការ​នេះ ហើយ​អំពាវនាវ​ឲ្យ​ក្រសួង​ហរិញ្ញ​វត្ថុ​សហរដ្ឋអាមេរិក បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់ទណ្ឌកម្ម​មកលើ​សមាជិក នៃ​កងយោធពល​ខេមរភូមិន្ទ​។

​សូម​បញ្ជាក់​ថា ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនី​យ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ជា​អ្នកទទួលបាន​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាល់​បាន​អះអាង​ថា ក្នុង​មួយ​ជីវិត​របស់លោក ចង់​ធ្វើជា​មិត្ត​របស់​អាមេរិក​ណាស់ ប៉ុន្តែ​លោក​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​ថែរក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយក៏​ត្រៀមខ្លួន​ជានិច្ច ដើម្បី​វាយបក​ទៅលើ​ជន​អាមេរិក​ណា ដែល​មិន​គោរព​អធិបតេយ្យភាព​កម្ពុជា ព្រមទាំង​មាន​មហិច្ឆតា​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា​។ នាយ​ឧ​ត្ត​ម​សេនី​យ៍​បញ្ជាក់ថា “​ថ្វី​ត្បិត​ខ្ញុំ​ចង់​ធ្វើ​មិត្ត​ជាមួយ​អាមេរិក ក៏​មែនពិត តែ​ខ្ញុំ​មិនមែន​ពលរដ្ឋ​អាមេរិក​ទេ គឺ​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​។

ដូច្នេះ​ខ្ញុំ​មិន​ត្រូវ​បាន​គោរព​ច្បាប់​អាមេរិក​ទេ ខ្ញុំ​ដាច់ខាត​គោរព​ច្បាប់​កម្ពុជា ដែលជា​ប្រទេសមួយ​មាន​នីតិរដ្ឋ​ពេញលេញ​នៅលើ​ឆាក​អន្តរជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684