ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា ៦​គូ​សប្ដាហ៍​ទី​១០ ចុង​សប្ដាហ៍​នេះ​សុទ្ធតែ​គូ​ជក់ចិត្ត ខណៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កម្ពុ​ជាថ្មី​ផ្សាយ​ផ្ទាល់​២​គូ

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​នៅ​ចុង​សប្ដាហ៍​នេះ​ធ្វើដំណើរ​ដល់​សប្ដាហ៍​ទី​១០ ហើយ​នៅ​ចុង​សប្ដាហ៍​នេះ​ ខណៈ​មានការ​ប្រកួត​៦​គូ​សុទ្ធតែ​គូ​ជក់ចិត្ត​។

​សរុប​កម្មវិធី​ប្រកួត​សប្តាហ៍​ទី​១០ មាននៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង លើ​ទីលាន​កីឡដ្ឋាន AEU Sport Park វេលា​ម៉ោង​៣​រសៀល មាន​ផ្សាយ​ផ្ទាល់​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក CNCC និង​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ មាន​ផ្សាយ​ផ្ទាល់​តាម​ផេ​ក​របស់​កម្ពុ​ជាថ្មី​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា វិញ​ក្រុម​វិសាខា ប៉ះ​បឹងកេត វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​ផ្ទាល់​តាម BTV News ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​អគ្គីសនី​កម្ពុជា វេលា​ម៉ោង​៦​ល្ងាច មាន​ផ្សាយ​ផ្ទាល់​តាម​ផេ​ក​កម្ពុជា និង​ក្រុម​ណាហ្គា​វើ​ល ជួប​វេ​ស្ទើ​ន​ភ្នំពេញ វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ផេ​ករ​បស់ CNCC​។

​ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឃើញថា​ ក្រុម​បឹងកេត ឡើងឈរ​កំពូល​តារាង មាន​២៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ណាហ្គា​វើ​ល មាន​២២​ពិន្ទុ​។ ក្រុម​លេខ​៣​គឺ​វិសាខា មាន​១៩​ពិន្ទុ ហើយ​ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​១៥​ពិ​ន្ទ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​១៤​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តែ​ឈ្នះ​តែម​ត្រង់ Head to Head​។ ក្រុម​លេខ​៧​គឺ​អាស៊ី​អឺរ៉ុប មាន​១២​ពិន្ទុ ក្រុម​លេខ​៨ អង្គ​រថា​យ​ហ្គឺ​រ មាន​១១​ពិន្ទុ​។ ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​៩ មាន​១១​ពិន្ទុ ស្មើគ្នា ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​៨​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៤​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និងពានរង្វាន់​ Singapore Cup ជាដើម៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684