ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធាន​ព្រឹទ្ធសភា ស្នើ​ដល់​អាជ្ញាធរ​ថៃ​បន្ត​សហការ​ជាមួយ​នឹង​ក្រុមការងារ​កម្ពុជា ក្នុង​ការបន្ត​យុទ្ធនាការ​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា​ធ្វើការ​ស្របច្បាប់

ភ្នំពេញ ​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​បឋម​សា​ឍ ឆ្នាំច សំ​រឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អនុញ្ញាត​ឲ្យ​លោក Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម និង​សវនាការ នៅ​វិមាន​ព្រឹទ្ធសភា ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការអបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Panyarak Poolthup ដែល​ត្រូវបាន​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា​។ សម្តេច​ប្រធាន ព្រឹទ្ធសភា​មាន​ជំនឿ​ជឿជាក់​ថា តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​ពិតជា​រួមចំណែក​ពង្រឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​លើកឡើងថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ថៃ បាន​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទនៈ​។ ទំនាក់ទំនង​ដ៏​ល្អ​នេះ ស្តែង​ឡើង​តាមរយៈ​ការ​ផ្លាស់ប្តូរ​ព្រះរាជ​ទស្សនកិច្ច និង​ទស្សនកិច្ច​រវាង​រាជ្យ​វង្សានុវង្ស រវាង​ប្រមុខ​រដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​កាន់តែ​ស៊ីជម្រៅ​ទូលំទូលាយ និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។ សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​អំណរ​ព្រះ​គុណ និង​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រាជ្យ​វង្សានុវង្ស​ថៃ និង​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​គាំទ្រ និង​ជួយ​ជា​បន្តបន្ទាប់​ផ្នែក​សុខាភិបាល វិស័យ​អប់រំ សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​។

ទន្ទឹម​នេះ ទំនាក់ទំនង​ខាង​វិស័យ​វិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល ហេដ្ឋារចនា សម្ព័ន្ធ​ត​ភ្ជាប់​ក៏​មាន​ការ​រីកចម្រើន​ជា​លំដាប់ ព្រមទាំង​បាន​បង្កើត​នូវ​យន្តការ​ទ្វេភាគី​កម្ពុជា​-​ថៃ ជាច្រើន​វិស័យ ដើម្បី​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា សំដៅ​ឲ្យ​មាន​ការ​អភិវឌ្ឍ​រួមគ្នា ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​សុខដុម​នីយកម្ម សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ ក្នុង​នោះ​រាជរដ្ឋាភិបាល​ថៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏បាន​សហការ​ជាមួយ​ភាគី​កម្ពុជា នៅក្នុង​ការជួយ​សម្រប​សម្រួល​ឲ្យមាន​យន្តការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។

បច្ចុប្បន្ន​ពលករ​កម្ពុ​ជា​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រមាណ ១.០៥០.០០០​នាក់ បានរួម​ចំណែក​ដ៏​សំខាន់​នៅក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ជាពិសេស​បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​។ សម្តេច​ប្រធានព្រឹទ្ធសភា បានស្នើ​ដល់​អាជ្ញាធរ​ថៃ​បន្ត​សហការ​ជាមួយនឹង​ក្រុមការងារ​កម្ពុជា ក្នុង​ការបន្ត​យុទ្ធនា​ការផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា ដែល​មិនទាន់មាន​ឯកសារ​ប្រមាណ ៥៤.៤១៣​នាក់ (​ខែឧសភា ឆ្នាំ​២០១៨)​ឲ្យទៅជា​ពលករ​ស្របច្បាប់​។ សម្តេច​ប្រធានព្រឹទ្ធសភា ក៏បាន​អបអរ និង​ត្រូវ​ជំរុញ​ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ក្នុងនាម​ព្រឹទ្ធសភា និង​រូប​សម្តេច​ផ្ទាល់ សម្តេច​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និត​ជាមួយនឹង​លោក ឯកអគ្គរាជទូត ក៏ដូចជា​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

នៅក្នុង​ជំនួប​នោះដែរ លោក Panyarak Poolthup បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បាន​ចូលជួប សម្តែង​ការគួរសម​នាឱកាស​នេះ​។ លោក ឯកអគ្គរាជទូត បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា បច្ចុប្បន្ន និង​កាលពីពេល​កន្លងទៅ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា មាន​សភាពការណ៍​ប្រហាក់ប្រហែលគ្នា ដោយសារតែ​មានការ​រិះគន់​ពី​ពួក​បរទេស​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យ​។ លោក ឯកអគ្គរាជទូត បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​តម្លៃ នឹង​ប្តេជ្ញា​ខ្ពស់​ក្នុង​ការខិតខំ​ថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ជា​លំដាប់​។

លោក​ឯកអគ្គរាជទូត បាន​សម្តែង​នូវ​ការសប្បាយរីករាយ​ដោយសារតែ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ តែងតែបាន​ជួបគ្នា​ជា​ញឹកញាប់​នៅក្នុង​ក្របខណ្ឌ​អន្តរជាតិ ជាពិសេស​នៅក្នុង​វេទិកា នៃ​កិច្ចប្រជុំ​អាស៊ាន ហើយ​នៅថ្ងៃនេះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​យុ​ទ្ធ​សាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/ CLMV) លើក​ទី​៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ លោក​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជន រាជរដ្ឋាភិបាល ក៏ដូចជា​អង្គការ​នីតិប្បញត្តិ នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ថៃ​)​។ តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា លោក​បាន​សន្យាថា​នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684