ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌដង្កោ​ បន្ត​ស្ថាបនា​ផ្លូវ​នៅក្នុង​មូលដ្ឋាន​

ភ្នំពេញ ៖ នេះ​មិនមែន​ជា​លើកទីមួយ​នោះទេ ដែល​អាជ្ញាធរ​ខណ្ឌដង្កោ បាន​ស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​មូលដ្ឋាន។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ និង​លោកជំទាវ រួម​ជា​មួយ​មន្ត្រី​រាជកា​រ សាលាខណ្ឌ សង្កាត់ ភូមិ បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង ៤៦៥ ម៉ែត្រ ទទឹង ០៤​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រះធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​នោះ លោក​អភិបាលខណ្ឌ និង​លោកជំទាវ បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​គិតគូរ ពី​តម្រូវការ បញ្ហា និង​ការ​លំបាក​នានា​របស់​បង​ប្អូន​ទាំងអស់​នៅ​មូលដ្ឋាន។

ដោយឡែក ចំពោះ​ផ្លូវ​បេតុង​ថ្មី ០១​ខ្សែ ដែល​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ពេល​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រស់​នៅ​ក្នុង​មូលដ្ឋាន ក៏​ដូចជា​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ​ផងដែរ។

ជា​មួយ​គ្នា​នេះ លោក អភិបាល ក៏បាន​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជ្រើសរើស​អ្នកដឹកនាំ​ដែល​ល្អ ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​ទៅ​មុខ​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684