ព័ត៍មានទាន់​ហេតុការណ៏
Search

កាមេរ៉ា​មានតម្លៃ​មែន​ អាច​ជួយ​ចាប់ចោរ​បាន​ ខណៈ​លួច​កាច់​កញ្ចក់​រថយន្ត​បានជា​ច្រើន​ខែ​,​រាប់​ភ្លេច

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ដែល​សកម្ម​ខាង​លួច​កាច់​កញ្ចក់​រថយន្ត​យ៉ាងសកម្ម​រាប់​ខែ​កន្លងមក​ទៅ​តុលាការ​ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិថុនា​នេះ បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៨។

មន្ត្រី​អាវុធហត្ថ​និយាយ​នៅ​រសៀល​ថ្ងៃទី​១៤​ ខែមិថុនា​ថា កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បានទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ ម្នាក់​ឈ្មោះ ហ៊ីង យ៉ាន់​ណាវ ស្តី​ពី​ករណី​ចោរលួច​កាច់​កញ្ចក់​រថ​យន្ត​របស់​គាត់ ម៉ាក ឡិច​ស៊ី​ស នៅ​ចំណុច​ខាងក្រោយ​តារាង បាល់ទាត់ ឌី​ប្លូ​ស្ព័ត​សិន​ធ័​រ ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លុះ​រហូតដល់ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​រក​ឃើញ ជនសង្ស័យ ឈ្មោះ ចាន់ វុទ្ធី កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1CT-3644 បម្រុង​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​មួយ​ផ្សេងទៀត​នៅ​ចំណុច​ផ្លូវ​១០០៣ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។

តាម​វិធានការ​ជំនាញ​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ​ចាន់ វុទ្ធី បាន​រៀបរាប់​ថា កន្លងមក​រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​ជាច្រើន​រាប់​ភ្លេច អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ហើយ​កញ្ចក់​រថយន្ត​របស់​ឈ្មោះ ហ៊ីង យ៉ាន់​ណាវ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​អាវុធហត្ថ​ឲ្យ​ជួយ​ស្រាវជ្រាវ​នោះ គឺ​ពិតជា​រូប​ខ្លួន​ជា​អ្នក​លួច​កាច់​ពិតប្រាកដ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684