ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ម៉ែន សំអន ជំរុញ​ឲ្យ​សមាជិក​បក្ស​ទាំងអស់​ចូលរួម​បោះឆ្នោត​ថ្ងៃទី​២៩​ ខែកក្កដា​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន ស​អន សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន​ឈរឈ្មោះ​អ្នកតំណាងរាស្ត្រ​ពេញ​សិទ្ធិ​មណ្ឌល​ស្វាយរៀង​អាណត្តិ​ទី​៦​ បាន​ជំរុញ​ឲ្យ​សមាជិក​សមាជិកា​បក្ស​ទូទាំង​ស្រុក​ស្វាយជ្រុំ​ក្នុង​ខេត្តស្វាយរៀង​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​កុំបី​ខាន ​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​។

លើស​ពី​នេះ​ទៀត​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ក៏​សំណូមពរ​សមាជិក​សមា​ជិ​កា​បក្ស​ទាំងអស់​បន្ត​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​ពលរដ្ឋ​ ដើម្បី​ដឹង​អំពី​តម្រូវ​ការពិតៗ​របស់​ពួកគាត់​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង​ចំនួន​៦៦២​នាក់ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២​កើត​ ខែ​បឋមាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី ទាំងមូល​ផងដែរ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ថ្លែងបន្ត​ថា ក្នុង​រយៈពេល ៣៩​ឆ្នាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស បាន​ការពារ​ប្រទេស ស្តារ​កសាង​ប្រទេសជាតិ​ឡើងវិញ​ពី​លេខ សូន្យ មក​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​អង្គការ​ចាត់​តាំងរបស់ ខ្មែរ​ក្រហម ត្រូវ​រលំរលាយ​ទាំងស្រុង​។

លោកជំទាវ​ក៏បាន​លើកឡើង​ផង​ដែរ នូវ​មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​ជា​កត្តា​ដ៏​សំខាន់​បំផុត ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​បា​យក​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ន័យ​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍន៍​មូលដ្ឋាន​តែម្ដង។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ផ្តាំផ្ញើ​ជូន​ដល់​សមាជិក​សមាជិកា​បក្ស​ទាំងអស់​ត្រូវ​អនុវត្តន៍​ខ្លឹមសារ​ដូចជា ១. មិនត្រូវ​ឲ្យ​មាន​បង​តូច បងធំ ការធ្វើ​កូដកម្ម និង​បាតុកម្ម​ផង​នៅក្នុង​រោងចក្រ ដើម្បី​រក្សា​នូវ​តម្លៃ​នៃ​ការវិនិយោគ​នៅក្នុង​មូលដ្ឋាន។ ២. ត្រូវ​រួមគ្នា ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ថែរក្សា​ស្ថេរភាព​នយោបាយ ថែរក្សា​ការពារ​នូវ​សមិទ្ធផល​ដែល​បាន ពី​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ហើយ​និង​ត្រូវខិតខំ​ដោះស្រាយ​នូវ​ការ​លំបាក និង​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។ ៣. ត្រូវ​ចលនា​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក៏ដូចជា​បងប្អូន​នៅក្នុង​ក្រុម​គ្រួសារ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ​នា​ពេល​ខាងមុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​បន្តបន្ទាប់​ទៀត ដើម្បី​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​យើង​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684