ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងពាណិជ្ជកម្ម រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​”

ភ្នំពេញ ​៖ វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម កាលពី​ថ្ងៃ​ចន្ទ​-​អង្គារ ១៣-១៤​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១-១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។

លោក សួន វិជ្ជា ប្រធាន​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ បាន​មានប្រសាសន៍ថា វិទ្យាស្ថាន​បាន​ចងក្រង​កម្មវិធីសិក្សា​ជា​លក្ខណៈ​អន្តរជាតិ សម្រាប់​យក​មក​អភិវឌ្ឍន៍​ចំណេះដឹង​របស់​មន្ត្រីរាជការ ក្រសួងពាណិជ្ជកម្ម ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ដើម្បី​គ្រប់​ភាគី​អាច​ចូល​រួម​ចំណែក​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា ឲ្យ​មាន​កំណើន​បន្ត​ទៅមុខទៀត​។ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា គឺ​រួមចំណែក​យ៉ាង​សំខាន់​ពី​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​តម្រូវ​ឲ្យ​ក្រសួងពាណិជ្ជកម្ម និង​ភាគី​ពាក់ព័ន្ធ យកចិត្តទុកដាក់​ក្នុង​ការកសាង​សមត្ថភាព ចំណេះដឹង ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​បន្ថែម​ទៀត ដើម្បី​ឲ្យ​សហគ្រាស​អស់ទាំង​នេះ អាច​មាន​លទ្ធភាព​ដំណើរការ​នូវ​ផលិតកម្ម​របស់​ខ្លួន​ដោយ​រលូន និង​អាច​ប្រកួតប្រជែង​ជាមួយ សហគ្រាស ឬ​ក្រុមហ៊ុន បរទេស​បាន​។

លោក សំហេង បូរ៉ា បាន​មានប្រសាសន៍ថា សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះដឹង​ចាំបាច់​មួយចំនួន​ដល់​សិក្ខាកាម​ទាំងអស់ ដូចជា ការ​យល់ដឹង​អំពី​សហគ្រិនភាព ស្ថានភាព​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ការ​យល់ដឹង​ពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​ក្ស័យធន នីតិវិធី​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា ពាណិជ្ជសញ្ញា និង​នីតិវិធី​ពន្ធដារ​ជាដើម​។

​ទន្ទឹម​នឹង​នោះ​ដែរ លោក បាន​ជម្រាប​ជូន សិក្ខាកាម​ទាំងអស់ អំពី​កិច្ច​ខិតខំ ប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​កន្លង ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា បាន​ខិតខំ​សម្រួល​ពាណិជ្ជកម្ម​ដោយ​លុបបំបាត់​នូវ​ការិយាល័យ​ធិបតេយ្យ កាត់បន្ថយ​នូវ​បែបបទ​នាំចេញ​នាំចូល និង​លើកទឹកចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម ធ្វើការ​នាំចេញ ដោយ​បាន​កសាង​ច្បាប់ និង​បទប្បញ្ញត្តិ​នានា និង​ការ​ចងក្រង​ជា​សហគមន៍ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការប្រកួតប្រជែង និង​លក្ខខណ្ឌ​ទីផ្សារ​មួយ ដែល​ប្រកបដោយ​សេរី និង​យុត្តិធម៌​។

ជា​មួយ​គ្នា​នេះ​ដែរ លោក សំហេង បូរ៉ា ក៏បាន​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ទទួលយក​ចំណេះ​ដឹង និង​បទពិសោធន៍ ដែល​វាគ្មិន​របស់​ក្រសួងពាណិជ្ជកម្ម និង​វាគ្មិន​ផ្សេងៗ​ទៀត ចែករំលែក​ជូន​សិក្ខាកាម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។

​សូម​បញ្ជាក់ថា ​វគ្គប​ណ្តុះ​បណ្តាល​នេះ ក្រោម​អធិបតីភាព​របស់​លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម ពាណិជ្ជករ សិប្បករ សហគ្រាស​ធុន​តូច និង​មធ្យម សរុប​ចំនួន ៨០ នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684