ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​នឹង​ត្រូវ​ជួសជុល​ដោយ​អាជ្ញាធរ​អប្សរា​បន្ត​ពី​ភាគី​បារាំង

សៀមរាប​ ៖​ ប្រាសាទ​មេបុណ្យ​ខាង​លិច ​ត្រូវបាន​អភិរក្ស ជួសជុល និង​ស្តារឡើងវិញ​ដោយ​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​រដ្ឋាភិបាល​បារាំង តាមរយៈ​សាលា​បារាំង​ចុង​បូព៌ា ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១២​មក និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០១៩។ ប៉ុន្តែ​ដោយមាន​កង្វះខាត​ផ្នែក​ថវិកា​ និង​តាម​ការពិភាក្សា​យ៉ាង​ហ្មត់ចត់​រវាង​ស្ថាប័ន​ពាក់​ព័ន្ធ គម្រោង​ជួសជុល​នឹង​ត្រូវ​ប្រគល់​មក​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួល​រ៉ាប់រង​ជួសជុល​វិញ​។

v

​ជាក់ស្តែង នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា នាពេល​ដឹកនាំ​ក្រុម​អ្នកជំនាញ​ជាតិ​លើ​ផ្នែក​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ទៅ​ប្រាសាទមេបុណ្យខាងលិច បាន​ឲ្យ​ដឹងថា នាពេល​អនាគត​យ៉ាងខ្លី ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​ដែល​ទទួលខុសត្រូវ​ដោយ​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​បារាំង​នឹង​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​មុន​កំណត់ ប៉ុន្តែ​ការជួសជុល​បន្ត​នឹងត្រូវ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​និង​ទទួលខុសត្រូវ​វិញ​ម្តង​។

លោក​បន្ត​ថា បើ​ទោះបី​ជា​មិន​គ្រប់គ្រង​ការជួសជុល​ពេញដៃពេញជើង​ដូច​មុន ក៏​ភាគី​បារាំង​នៅតែ​បន្ត​គាំទ្រ​និង​ជួយ​ផ្តល់​យោបល់​ប្រឹក្សា​បច្ចេកទេស​ដល់​អ្នកជំនាញ​ជាន់ខ្ពស់​ខ្មែរ​គ្រប់ពេល​។ មិនតែប៉ុណ្ណោះ ភាគី​បារាំង​ក៏​បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​វិធីសាស្ត្រ​នៃ​ការ​ជួសជុល​កន្លងមក​ដល់​អ្នកជំនាញ​ជាតិ​ដើម្បី​ស្វែងយល់​ពី​ការងារ​ឲ្យ​បាន​ច្បាស់​មុននឹង​ចាប់ផ្តើម​ការងារ​បន្ត​។​

តាម​ការពិនិត្យ​ជាក់ស្តែង លទ្ធផល​ជួសជុល​នៅ​ប្រាសាទមេបុណ្យខាងលិច​មា​ន​ដូចជា ជួសជុល​ជញ្ជាំង​ផ្នែក​ខាងកើត​និង​ប៉ម​ចំនួន​២​បាន​រួចរាល់​ហើយ រីឯ​ប៉ែក​ខាងលិច ខាងជើង និង​ខាងត្បូង បានរៀបចំ​ពង្រឹង​គ្រឹះ​ដល់​កាំ​ទី​៥ និង​កាំ​ទី​៦​។

សូម​បញ្ជាក់​ដែរ​ថា ប្រាសាទមេបុណ្យខាងលិច​ជា​ប្រាសាទបុរាណ​ខ្មែរ មាន​ទីតាំង​ស្ថិតនៅ​លើ​ដី​ទួល​មួយ​កន្លែង ចំ​កណ្តាល​បារាយណ៍​ខាងលិច​។ ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់​កណ្តាល​សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ​ក្នុង​រាជ្យ​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២ ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ដែល​មាន​លក្ខណៈ​ប្លែក​ពិសេស ដោយហេតុថា សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្មភក់ ហ៊ុមព័ទ្ធ​ស្រះ​ទឹកធំ​មួយ​ដែល​គេ​ជីក​នៅ​លើ​ដី​ទួល​នោះ​។ តាមរយៈ​ការ​ធ្វើ​កំណាយ​នៅ​ឆ្នាំ​១៩៣៩ គេ​បាន​រក​ឃើញ​រូប​បដិមា​ជា​ព្រះ​វិស្ណុ​ក្នុង​ឥរិយាបថ​ផ្ទំ​មួយអង្គ​ដែល​សព្វថ្ងៃ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684