ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​សង្កាត់​ព្រែកប្រា​ថា​ ផ្លូវ​ចូល​ទៅ​បឹង​ព្រលឹត​នឹង​ត្រូវ​ស្ថាបនា​ នា​ថ្ងៃ​ខាងមុខ

ភ្នំ​ពេ​ញ ៖ លោក ចេង មុនី​រ៉ា អភិ​បាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ប្រាប់​បណ្តាញ​សារ​ព័ត៌មាន​នា​រសៀល​ថ្ងៃទី​១៣ ​ខែមិថុនា​នេះ​ថា​ កំណាត់​ផ្លូវ​ចូល​ទៅ​តំបន់​បឹង​ព្រលឹត​ស្ថិត​ក្នុងភូមិ​អូរអណ្តូង​ទី​១ ​សង្កាត់​ព្រែកប្រា ​ដែល​កំពុង​រង​ការខូចខាត​នា​បច្ចុប្បន្ន​នេះ​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើងវិញ​ នា​ថ្ងៃ​ខាងមុខ​។

លោក ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​ ប៉ុ​ន្មាន​សារ​ព័ត៌មាន​មួយ​បាន​សរសេរ​ថា ​ផ្លូវ​ចូល​ទៅ​បឹង​ព្រលឹត​កំពុង​រង​ការខូចខាត​ ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​ដែនដី​ជួយ​ចុះ​មក​ស្ថាបនា​ផង​។ ​កា​រសរសេរ​នេះ​គឺ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​ក្នុងនោះ​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹង​ព្រលឹត​ ខ​ណៈ​ពេលដែល​លោក​អភិបាលខណ្ឌ​បាន​ចុះ​ជួប​សំណេះសំណាល​ដោយ​សុំ​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​កុំ​អាក់អន់ស្រពន់ចិត្ត​ ព្រោះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​លើក​គំរោង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ជួយ​ស្ថាបនា​ផ្លូវ​នេះ​ ដែល​មាន​ប្រ​វ៉ែ​ង​១៤៥០​ម៉ែត្រ​និង​ទទឹង​៨​ម៉ែត្រ​កម្រាស់​២​តឹក​ចាប់ពី​ផ្លូវ​៣៦៩​ដល់​ផ្សា​របឹង​ព្រលឹត​។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា ​កន្លង​មក​សាលាខណ្ឌ​បាន​ចាក់​ថ្ម​កិន​ពង្រាប​នៅ​ចំណុច​ណា​ដែល​មាន​ជង្ហុក​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ ​ប៉ុន្តែ​នៅ​កែង​ផ្លូវ​ចូល​មាន​ដេប៉ូ​លក់​គ្រឿងសំណង់​នឹង​ដីខ្សាច់​ដឹកជញ្ជូន​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ផ្លូវ​ខូចខាត​នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​លោក​បានធ្វើ​ដំណើរ​ទៅ​ផ្លូវ​មួយទៀត​ឆ្ពោះ​មក​ផ្លូវ​តា​ង៉ៅ​ដែល​ទើប​ស្ថាបនា​រួច​នឹង​មាន​ទំ​ហំ​ធំ​ទៀត​ផង​។

ទន្ទឹម​នឹង​នេះ ​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អូរអណ្តូង​ទី​១ ​មេត្តា​អធ្យាស្រ័យ​ដល់​អាជ្ញាធរ​តែមួយ​រយៈពេល​ខ្លី​ ដើម្បី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ដាក់​គ្រឿងចក្រ​ស្ថាបនា​ផ្លូវ​នេះ​ ឲ្យ​មានគុណ​ភាពល្អ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​លោក​បាន​ប្រើប្រាស់​បានជា​យូរអង្វែង​ទៅមុខ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684